ជាតិ
សង្គមជាតិ
ក្រសួង រកឃើញការទិញ-លក់ដីសមូហភាពជនជាតិដើមភាគតិច ដោយមានការចូលដៃពីអាជ្ញាធរ
18, Mar 2022 , 1:56 pm        
រូបភាព
ជនជាតិដើមភាគតិច រៀបចំ​ពិ​ព័រ​ណ៌​វប្បធម៌​ប្រពៃណី​ដូនតា កាលពីឆ្នាំ២០១៩។  រូប ​ផ្តល់​សិទ្ធិ​ដោយ​លោក រិទ្ធី វីរៈ មន្ត្រី​កម្មវិធី​បណ្តាញ​យុវជន​ និង​ការអប់រំ នៃ​សមាគមយុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA)។
ជនជាតិដើមភាគតិច រៀបចំ​ពិ​ព័រ​ណ៌​វប្បធម៌​ប្រពៃណី​ដូនតា កាលពីឆ្នាំ២០១៩។ រូប ​ផ្តល់​សិទ្ធិ​ដោយ​លោក រិទ្ធី វីរៈ មន្ត្រី​កម្មវិធី​បណ្តាញ​យុវជន​ និង​ការអប់រំ នៃ​សមាគមយុវជន​ជនជាតិដើម​ភាគតិច​កម្ពុជា (CIYA)។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានកត់សម្គាល់ឃើញថា ដីមួយចំនួនរបស់សហគមន៍ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរួចមកហើយ ត្រូវបានគេទិញ-លក់ ដោយមានការព្រមព្រៀង និងមានការបញ្ជាក់ដឹងឮពីអាជ្ញាធរមូលដ្ឋានមួយចំនួន។ នេះបើតាមលិខិតរបស់លោក ឆាន់ សាផាន រដ្ឋលេខាធិការក្រសួងដែនដី ដែលផ្ញើជូនប្រធានមន្ទីររៀបចំដែនដី និងសុរិយោដីតាមបណ្តាខេត្ត។



តាមរយៈលិខិត ដែលចេញកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២២ ជំនួសឲ្យលោក ជា សុផារ៉ា ជារដ្ឋមន្រ្តី លោករដ្ឋលេខាធិការ ឆាន់ សាផាន ក្នុងនាមជាក្រសួងរៀបចំដែនដី បានដាស់តឿន និងណែនាំប្រធានមន្ទីររៀបចំដែនដីថា ការទិញ-លក់ ដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច ជាអំពើខុសច្បាប់។ លោក សង្កត់ធ្ងន់ថា ដើម្បីការពារកម្មសិទ្ធិសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិច និងជៀសវាងការអនុវត្តខុសឆ្គងរបស់រដ្ឋបាលសុរិយោដី ក្រសួងដែនដី មិនអនុញ្ញាតឲ្យមានការចុះបញ្ជីផ្ទេរកម្មសិទ្ធិរបស់សហគមន៍ជនជាតិដើមភាគតិច ដែលបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពរួចមកហើយជាដាច់ខាត។

«តើក្រសួងរៀបចំដែនដី នឹងមានចំណាត់ការផ្លូវច្បាប់លើអាជ្ញាធរ ដែលពាក់ព័ន្ធនឹងការព្រមព្រៀងក្នុងការទិញ-លក់ដីសមូហភាពរបស់សហគមន៍ជនជាតិដើមភាគតិចដែរទេ?» សារព័ត៌មានថ្មីៗ បានជូនសំណួរនេះ ទៅលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី តាមបណ្តាញតេឡេក្រាម តែលោក មិនទាន់ឆ្លើយតប។ សារព័ត៌មានថ្មីៗ ក៏បានហៅទូរស័ព្ទទៅលោកដែរ តែលោក មិនទទួលការហៅចូល៕

Tag:
 ជនជាតិដើមភាគតិច
  បញ្ហាដីធ្លី
© រក្សាសិទ្ធិដោយ thmeythmey.com