ជាតិ
ពីរខែដើមឆ្នាំនេះ កម្ពុជានាំចេញកសិផលជាង១,៣លានតោន
19, Mar 2022 , 8:59 am        
រូបភាព
រយៈពេល២ខែដើមឆ្នាំ២០២២នេះ កម្ពុជា​ បាននាំចេញកសិផលជាង១,៣លានតោន ទៅកាន់ទីផ្សារអន្តរជាតិ ដោយកើនឡើងជាង៦ពាន់តោន ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១។ ក្នុងនោះ ចំណិតដំឡូងក្រៀមមានជាង ៨៣ម៉ឺនតោន កើនឡើងចំនួន ៣ភាគរយ ដោយនាំទៅថៃជាង៦០ម៉ឺនតោន និងវៀតណាមចំនួន២៣ម៉ឺនតោន។​

 
ដំឡូងមីស្រស់ជាង១៧ម៉ឺនតោន កើនឡើង១៣ភាគរយ ក្នុងនោះនាំទៅវៀតណាមជាង១៣ម៉ឺនតោន និងថៃជិត៤ម៉ឺនតោន។ ម៉្សៅដំឡូងមី មានជាង១,៣ម៉ឺនតោន កើនឡើង១៣២ភាគរយ ក្នុងនោះនាំទៅចិនចំនួន១,៣ម៉ឺនតោន អាម៉េរិក១៣៦តោន និងអ៊ីតាលី១៩តោន។ កាកសំណល់ដំឡូងមីជាង២៣០០តោនទៅចិនផងដែរ។ 
 
ការនាំចេញគ្រាប់ស្វាយចន្ទីឆៅ មានជាង៥,៤ម៉ឺនតោន ថយចុះ៣០ភាគរយ ក្នុងនោះនាំទៅវៀតណាមចំនួន៥,៤តោន និងចិនជាង១ពាន់តោន។ គ្រាប់ស្វាយចន្ទីកែច្នៃ មានចំនួន៧១៦៣តោន កើនឡើង១០០ភាគរយ ដោយនាំទៅចិន៣០តោន ថៃ៣០តោន ជប៉ុនជាង៧តោន និងតៃវ៉ាន់ជិត២តោន។ គ្រាប់ពោតមានជាង៣,៤ម៉ឺនតោន ថយចុះ៥៦ភាគរយ ក្នុងនោះនាំទៅវៀតណាមចំនួន៣,៤ម៉ឺនតោន ក្រៅពីនោះនាំទៅតៃវ៉ាន់ចំនួន៤៧៤តោន និងកូរ៉េ១២តោន។ សណ្ដែកបាយមានចំនួន ៣៨០០តោន និងសណ្ដែកសៀងចំនួន៨១៨៦០តោន កើនឡើង១០០ភាគរយនាំចេញទៅវៀតណាម និងថៃ។  
 
ចំណែក ផ្លែចេកស្រស់មានជិត៧ម៉ឺនតោន ថយចុះ១៩ភាគរយ ក្នុងនោះទៅចិនមានជាង៦ម៉ឺនតោនចំនួន៦៤១តោន។ ផ្លែស្វាយស្រស់មានជាង៤ពាន់តោន ថយចុះ១ភាគរយ ក្នុងនោះ នាំទៅវៀតណាមជិត២ម៉ឺនតោន ចិនជាង១ម៉ឺនតោន ក្រៅពីនោះទៅថៃ និងកូរ៉េ។ 
 
ដោយឡែក ម្រេច មានចំនួន៩៤៤តោន កើនឡើង៣០០ភាគរយក្នុងនោះនាំទៅវៀតណាមចំនួន៩១០តោ​ន និងប្រទេសមួយចំនួនទៀតដូចជាម៉ាឡេស៊ី ប៊ែលហ្សិក អាល្លឺម៉ង់ បារាំង ឆេក កាណាដា អាមេរិក អង់គ្លេស ស៊ុយអ៊ែត កាហ្សាក់ស្ថាន និងអូស្រ្តាលី។ ក្រៅពីដំណាំកសិផលសំខាន់ៗ កម្ពុជាក៏បាននាំអង្ករ​ចេញ១០ម៉ឺនតោន និងស្រូវជាង៦៤ម៉ឺនតោនទៅកាន់ទីផ្សារប្រទេសវៀតណាម និងប្រទេស៤២ទៀតនៅលើពិភពលោក៕ 
 

Tag:
 កសិកម្ម
  ដំឡូងមី
  ស្វាយចន្ទី
© រក្សាសិទ្ធិដោយ thmeythmey.com