កីឡាអន្តរជាតិ
អន្តរជាតិ
ឥណ្ឌូណេស៊ីធ្វើជាម្ចាស់ផ្ទះការប្រណាំងម៉ូតូ Moto GP ក្រោយខកខានរយៈពេល ២៥ឆ្នាំ
18, Mar 2022 , 5:40 pm        
រូបភាព
ឥណ្ឌូណេស៊ី នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រណាំងម៉ូតូលំដាប់អន្តរជាតិ Moto GP នាថ្ងៃទី២០ខែមីនាខាងមុខនេះ ក្រោយខកខានការប្រកួតកម្មវិធីប្រណាំងម៉ូតូនេះអស់រយៈពេល២៥ឆ្នាំ។



ព្រឹត្តិការណ៍ពានរង្វាន់ប្រណាំgម៉ូតូលំដាប់ពិភពលោក Moto GP World Championship នឹងត្រូវបើកការប្រកួតជុំទីពីររបស់ខ្លួនក្នុងរដូវកាល២០២២ នេះនៅទីលានប្រណាំងដែលជួសជុលរួចរាល់ នៅកោះរមណីយដ្ឋាន Lombok ឥណ្ឌូណេស៊ី។ 
 
ឥណ្ឌូណេស៊ី ក៏បានធានាអំពីសុវត្ថិភាពទៅដល់អ្នករៀបចំកម្មវិធីប្រកួតផងដែរ។ ផ្លូវនៅទីលានប្រណាំង Mandalika International Street Circuit ប្រវែង ៤,៣គីឡូម៉ែត្រ ត្រូវបានជួសជុលកែលម្អ និងធ្វើតេស្តសាកកស្បងកាលពីខែកុម្ភៈកន្លងទៅ។ 
 
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍មួយ ធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រណាំងម៉ូតូលំដាប់អន្តរជាតិបែបនេះចំនួន២ដងរួចមកហើយក្នុងឆ្នាំ១៩៩៦ និង ១៩៩៧។ 
 
ទោះត្រូវបានផ្អាកការប្រកួតរយៈពេលយូរហើយក្តី ចំនួនអ្នកស្រលាញ់ការជិះម៉ូតូធំៗក្នុងប្រទេសមួយនេះមានរហូតដល់ទៅជាង១០លាននាក់។ ប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ វីដូដូ ក៏ជាមនុស្សម្នាក់ដែលស្រលាញ់ការជិះម៉ូតូធំៗនេះដែរ។ 
 
«យើងធ្លាប់សង្ឃឹមថា យើងនឹងមានអ្វីមួយដែលថ្មី ហើយពេលនេះឥណ្ឌូណេស៊ីមានទីលានប្រណាំងម៉ូតូ Moto GP ដែលល្អ ហើយល្អខ្លាំងដូចជាប្រទេសដទៃផ្សេងថែមទៀត។» នេះបានតាមការលើកឡើងរបស់លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូណេស៊ី។
 
កាលពីថ្ងៃទី១៦ ខែមីនា កីឡាករប្រណាំងម៉ូតូជាច្រើន និងលោកប្រធានាធិបតី វីដូដូ បានជិះម៉ូតូដង្ហែនៅតាមដងវិថីជុំវិញខាងក្រៅវិមានប្រធានាធិបតី ក្នុងនោះក៏មានការចូលរួមពីសំណាក់ម្ចាស់ជើងឯក Moto GP ៨សម័យ Marc Marquez និងម្ចាស់ជើងឯកឆ្នាំ២០២០ Joan Mir៕
 

Tag:
 Moto GP
© រក្សាសិទ្ធិដោយ thmeythmey.com