ជាតិ
កម្ពុជា ស្នើឲ្យអារ៉ាប៊ីសាអូឌីត ជួយបណ្តុះបណ្តាលវិស្វកម្មប្រេង និងឧស្ម័ន
19, Mar 2022 , 10:59 pm        
រូបភាព
ជំនួបរវាងមន្រ្តីការបរទេសកម្ពុជា និងមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ លោក ប្រាក់ សុខុន និង ព្រះអង្គម្ចាស់ ហ្វាយសាល ប៊ិន ហ្វាហាន អាល់ សូដ អង្គុយទល់មុខគ្នា ដោយមិនពាក់ម៉ាស់ទាំង២នាក់។_
ជំនួបរវាងមន្រ្តីការបរទេសកម្ពុជា និងមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត នៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ លោក ប្រាក់ សុខុន និង ព្រះអង្គម្ចាស់ ហ្វាយសាល ប៊ិន ហ្វាហាន អាល់ សូដ អង្គុយទល់មុខគ្នា ដោយមិនពាក់ម៉ាស់ទាំង២នាក់។_
ក្នុងជំនួបជាមួយព្រះអង្គម្ចាស់ ហ្វាយសាល ប៊ិន ហ្វាហាន អាល់ សូដ (Faisal Bin Farhan Al Saud) រដ្ឋមន្រ្តីការបរទេសអារ៉ាប៊ីសាអូឌីត លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ចំពោះបទពិសោធ និងជំនាញរបស់អារ៉ាប់ប៊ីសាអូឌីត ក្នុងការផលិតប្រេង និងឧស្ម័ន។ ជំនួបរវាងរដ្ឋមន្រ្តីការបរទេសទាំង២ ធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។


បន្ទាប់ពីបង្ហាញចំណាប់អារម្មណ៍រួចហើយ លោក ប្រាក់ សុខុន ក៏ស្នើសុំអាហារូបករណ៍ពីអារ៉ាប៊ីសាអូឌីត ដើម្បីនិស្សិតឬមន្រ្តីកម្ពុជា បានទៅទទួលការបណ្តុះបណ្តាលផ្នែកវិស្វកម្មប្រេង និងឧស្ម័ន នៅអារ៉ាប់ប៊ីសាអូឌីត។ បន្ថែមពីនេះ លោករដ្ឋមន្រ្តីការបរទេសកម្ពុជា បានស្នើឲ្យអារ៉ាប៊ីសាអូឌីត ជំរុញពាណិជ្ជកររបស់ខ្លួន មកដាក់ទុននៅកម្ពុជា លើសវិស័យសំខាន់ៗ ដូចជា ទេសចរណ៍ កសិកម្ម និង ថាមពល ជាអាទិ៍។ លោក ថែមទាំងស្នើឲ្យអារ៉ាប៊ីសាអូឌីត នាំចូលផលិតពីកម្ពុជាផងដែរ។ 
 
លោក ប្រាក់ សុខុន និង ព្រះអង្គម្ចាស់ ព្រះអង្គម្ចាស់ ហ្វាយសាល ប៊ិន ហ្វាហាន អាល់ សូដ បានប្តេជ្ញារួមគ្នា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអារ៉ាប៊ីសាអូឌីត។ អង្គម្ចាស់ ហ្វាយសាល ប៊ិន ហ្វាហាន អាល់ សូដ បានបង្ហាញការគាំទ្រដល់កម្ពុជា ដែលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២នេះ។ 
 
អង្គម្ចាស់ ហ្វាយសាល ប៊ិន ហ្វាហាន អាល់ សូដ បានធ្វើទស្សនកិច្ចនៅកម្ពុជា១ថ្ងៃ គឺថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ មុនជួបលោក ប្រាក់ សុខុន អង្គម្ចាស់ បានចូលជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន៕ 
 

Tag:
 កម្ពុជា-អារ៉ាប៊ីសាអូឌីត
  វិស្វកម្មប្រេង
© រក្សាសិទ្ធិដោយ thmeythmey.com