ជាតិ
រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រោងកែលម្អដើមពោធិ៍ ទុំទាវ ជារមណីយដ្ឋានប្រវត្តិសាស្ត្រ ដើម្បី​ទាក់ទាញទេសចរ
20, Mar 2022 , 9:19 am        
រូបភាព
ដើមពោធិ៍ទុំទាវ រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រោងកែលម្អជាទីតាំងទសចរណ៍ប្រវត្តិសាស្ត្រ។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តត្បូងឃ្មុំ។
ដើមពោធិ៍ទុំទាវ រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រោងកែលម្អជាទីតាំងទសចរណ៍ប្រវត្តិសាស្ត្រ។ រូបភាពពីទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តត្បូងឃ្មុំ។
រដ្ឋបាលខេត្តត្បូងឃ្មុំ គ្រោងកែលម្អទីតាំងដើមពោធិ៍ ទុំទាវ ជាតំបន់ទេសចរណ៍ប្រវត្ថិសាស្ត្រ ដើម្បីទាក់ទាញទេសចរ បន្ទាប់ពីទុកចោល និងមិនសូវមានទេសចរស្គាល់។ ជំហានដំបូងការកែលម្អនេះ នឹងធ្វើរបងព័ទ្ធជុំវិញ ដាំដើមឈើ និងដាក់បង្គន់អនាម័យ។


ដើមពោធិ៍ទុំទាវ គឺជាទីតាំងប្រវត្តិសាស្ត្រមួយកន្លែង ស្ថិតក្នុងភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទីតាំងប្រវត្តិសាស្ត្រមួយនេះ មិនសូវមានភ្ញៀវទេសចរស្គាល់ និងទៅដល់ ដោយសារកន្លងមកខាងខេត្តមិនទាន់បានរៀបចំសោភ័ណភាពនៅទីតាំងនេះ។
 
កាលពីសប្ដាហ៍មុន លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំមន្ត្រីជំនាញចុះត្រួតពិនិត្យដើមពោធិ៍ទុំទាវ នេះ ដើម្បីរៀបចំកែលម្អកន្លែងមួយនេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ សម្រាប់ពលរដ្ឋមកទស្សនាកម្សាន្ត ក៏ដូចជាសិក្សាស្រាវជ្រាវ។
 
ជុំវិញការកែលម្អទីតាំងដើមពោធិ៍ទុំទាវនេះ លោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនទាន់អាចបញ្ជាក់ពីការចាប់ផ្ដើមគម្រោងកែលម្អនេះ បាននៅឡើយនោះទេ ដោយស្ថិតក្នុងដំណើរការពិភាក្សា។ ប៉ុន្តែការធ្វើរបងព័ន្ធជុំវិញទីតាំងនេះ ដាំដើមឈើ និងដាក់បង្គន់អនាម័យ ជាជំហានដំបូង នៃការកែលម្អទីតាំងប្រវត្តិសាស្ត្រទុំទាវ នេះ។
 
សូមជម្រាបថា ដ្បិតខេត្តត្បូងឃ្មុំជាខេត្តកសិកម្ម ប៉ុន្តែខេត្តនេះក៏មានទីតាំងទេសចរណ៍ទាក់ទាញមួយចំនួនផងដែរ ក្នុងនោះ រមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្ររួមមាន ហ្លួងព្រះស្ដេចកន និងព្រះធាតុបាស្រី។ រមណីយដ្ឋានទេសចរណ៍ធម្មជាតិរួមមាន ទឹកធ្លាក់ហោង និងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ។ រមណីយដ្ឋានកែច្នៃរួមមាន ខ្នងក្រពើលិច, សួនបឹងក្រចាប់, ឫស្សីឈូករ័ត្ន, ទឹកហូរអូរក្ដូង, តាសែនដូងក្រអូប។ ក្រៅពីតំបន់ទេសចរណ៍ ខេត្តនេះក៏មានសារមន្ទីរមួយផងដែរ គឺសារមន្ទីរបុរាណវិទ្យាមេមត់ ស្ថិត​ភូមិ​មេមត់​ផ្សារ ឃុំ​មេមត់ ស្រុក​មេមត់៕
 
 
 
 
 
 

Tag:
 ThmeyThmey25
  ត្បូងឃ្មុំ
  ទុំទាវ
  រមណីយដ្ឋានប្រវត្តិសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com