ជាតិ
ពីនេះ ពីនោះ
សាលាបឋមសិក្សាស្វាយជ្រំ លក់បន្លែដែលសិស្សដាំ ដើម្បីជួយដល់គ្រូបង្រៀនម៉ោងបំប៉នសិស្សខ្សោយ
22, Mar 2022 , 8:59 am        
រូបភាព
សាលាបឋមសិក្សាស្វាយជ្រំ ក្នុងខេត្តស្វាយរៀង។ រូបភាពផ្ដល់ដោយ លោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រំ។
សាលាបឋមសិក្សាស្វាយជ្រំ ក្នុងខេត្តស្វាយរៀង។ រូបភាពផ្ដល់ដោយ លោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រំ។
សាលាបឋមសិក្សាស្វាយជ្រំ ក្នុងខេត្តស្វាយរៀង លក់ពូជផ្កា កូនឈើហូបផ្លែ ជីកំប៉ុស្ត និងបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់គ្រូបង្រៀនសិស្សរៀនខ្សោយ ចាប់ពីថ្នាក់ទី៤ ដល់ទី៦។ លោក ចាន់ សំអន នាយកសាលាស្វាយជ្រំ បានអះអាងប្រាប់សារព័ត៌មានថ្មីៗ២៥ថា បច្ចុប្បន្នសាលាត្រូវការថវិកា ដើម្បីសាងសង់បន្ទប់រៀនបន្ថែម សម្រាប់បង្រៀនសិស្សខ្សោយៗ ចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី៣។

 
សាលាបឋមសិក្សាស្វាយជ្រំ ជាសាលាមួយដែលបណ្ដុះគំនិតកុមារ ឱ្យចេះស្រឡាញ់បរិស្ថាន និងដាំបន្លែ បណ្ដុះកូនឈើហូបផ្លែ ជីកំប៉ុស្ត ក្នុងទីធ្លាសាលារៀន ស្ថិតក្នុងភូមិស្វាយក្ងោ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ លើសពីការរៀបចំសួនបំណិនជីវិត និងការគ្រប់គ្រងបរិស្ថាននៅជុំវិញសាលាបានល្អប្រសើរ ក្នុងឆ្នាំសិក្សា ២០២១-២០២២នេះ សាលាមួយនេះ បានបើកថ្នាក់បំប៉នសិស្សខ្សោយ ចាប់ពីថ្នាក់ទី៤ ដល់ទី៦បន្ថែមទៀត។ 
 

 បរិវេណសាលាបឋមសិក្សាស្វាយជ្រំ។ រូបភាពផ្ដល់ដោយ លោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រំ។

ការបង្រៀនបន្ថែមម៉ោងដល់សិស្សខ្សោយនេះ សាលាជាអ្នកចេញថ្លៃសិក្សា សម្រាប់គ្រូបង្រៀន ដែលបង្រៀនសិស្សានុសិស្សសរុប ៨៦នាក់។ ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ២៥ តាមទូរស័ព្ទ លោក ចាន់ សំអន បញ្ជាក់ថា ការចំណាយទៅលើគ្រូទាំងអស់ បានមកពីការលក់ពូជផ្កា កូនឈើហូបផ្លែ ជីកំប៉ុស្ត និងបន្លែធម្មជាតិ ដែលសិស្សានុសិស្សអ្នកដាំ ក្នុងបរិវេណសាលា។
 
លោក ចាន់ សំអន ថ្លែងដូច្នេះ៖ «ប្រាក់ចំណូល ដើម្បីទ្រទ្រង់ដល់លោកគ្រូ អ្នកគ្រូ ដែលគាត់បង្រៀនសិស្សខ្សោយ។ ដូច្នេះសាលាខិតខំស្វះស្វែង ដើម្បីរកប្រាក់ចំណូល ដោះស្រាយជូនពួកគាត់ ដូចជាចាក់សាំង ដើម្បីសម្រួលដល់ការមកបង្រៀនរបស់គាត់។ យើងជូនពួកគាត់បានតែ ២ ឬ៣ម៉ឺនទេ ក្នុងមួយខែៗ»។


រោងដាំបន្លែ បណ្ដុះដើមផ្កា និងឈើហូបផ្លែ ក្នុងសាលាបឋមសិក្សាស្វាយជ្រំ។

យ៉ាងណាមិញ ចំណូលបានមកពីការលក់បន្លែ កូនឈើជាដើមនោះ មិនគ្រប់គ្រាន់ឡើយសម្រាប់ផ្គត់ផ្គង់ដល់គ្រូ និងសាលារៀន។ លោក សំអន បន្ថែមថា សាលាត្រូវការសាងសង់បន្ទប់បន្ថែមទៀត ដើម្បីធ្វើជាបន្ទប់ពិសោធន៍ បន្ទប់សិល្បៈ និងបន្ទប់បង្រៀនបំប៉ន ដល់សិស្សរៀនខ្សោយជាដើម។ 
 
ពាក់ព័ន្ធនឹងការបង្រៀនបន្ថែមដល់សិស្សខ្សោយនេះ លោក ចាន់ សំអន ពន្យល់ថា ក្នុងសិស្សសរុប៨៦នាក់ ដែលត្រូវទទួលការបំប៉នបន្ថែម ដោយបែងចែកជា២វេន ក្នុងមួយវេន៤៨នាក់ និងមានគ្រូសរុប៤នាក់។ លោកបន្ថែមថា ចំពោះសិស្សដែលរៀនព្រឹក ត្រូវមករៀនបំប៉ននៅរសៀល។ រីឯ សិស្សរៀនវេនរសៀល ត្រូវមកបំប៉ននៅពេលព្រឹកវិញ ដោយក្នុងមួយសប្ដាហ៍ រៀន៦ថ្ងៃ និងមួយថ្ងៃ រៀនរយៈពេល២ម៉ោង៕
 

សកម្មភាពសិស្ស អំឡុងរៀនបំប៉ន ក្នុងសាលាបឋមសិក្សាស្វាយជ្រំ។ រូបភាពផ្ដល់ដោយ លោក ចាន់ សំអន នាយកសាលាបឋមសិក្សាស្វាយជ្រំ។

Tag:
 ThmeyThmey25
  សកាបឋមសិក្សាស្វាយជ្រំ
  ស្វាយរៀង
  ចាន់ សំអន
© រក្សាសិទ្ធិដោយ thmeythmey.com