ជាតិ
លោក ទៀ សីហា៖ សង្រ្កាន្តសៀមរាប អាចរៀបចំតាមដងស្ទឹងសៀមរាប តែរង់ចាំសម្រេចផ្លូវការសិន
22, Mar 2022 , 7:59 am        
រូបភាព
 រូបភាពពីទំព័រហ្វេសប៊ុកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
រូបភាពពីទំព័រហ្វេសប៊ុកព្រឹត្តិការណ៍អង្គរសង្ក្រាន្ត
សង្រ្កាន្តសៀមរាប អាចនឹងរៀបចំតាមដងស្ទឹងសៀមរាបនិងតំបន់ផាប់ស្ទ្រីត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ទី១៦ ខែមេសា ឆ្នាំ២០២២។នេះបើតាម លោក ទៀ សីហា អភិបាលខេត្តសៀមរាប។

 
បើតាមលោក ទៀ សីហា កម្មវិធីសង្រ្កាន្តសៀមរាប នឹងរៀបចំតាមដងស្ទឹងសៀមរាប ដោយមានការប្រគំតន្រ្តី ៣ទៅ៤ទីតាំង។ ទេសចរ អាចជិះកម្សាន្តតាមដងស្ទឹង ទស្សនាកម្មវិធីប្រពៃណីថ្ងៃខ្មែរ-ភូមិខ្មែរ និងការលេងល្បែងប្រជាប្រិយផងដែរ។ ក្រៅពីនេះ សង្រ្កាន្តសៀមរាប ក៏មានកម្មវិធីសាសនានៅតាមប្រាសាទផងដែរ ប៉ុន្តែរដ្ឋបាលខេត្ត កំពុងរង់ចាំការឯកភាព ពីអាជ្ញាធរជាតិអប្សរា។
 
«សង្រ្កាន្តសៀមរាប នឹងរៀបចំតាមដងស្ទឹងសៀមរាប និងតំបន់ផាប់ស្ទ្រីត។ តែកម្មវិធីនេះ នឹងមានការប្រជុំសម្រេចក្នុងពេលឆាប់ៗនេះ»។ នេះជាការលើកឡើងរបស់លោក ទៀសីហា អភិបាលខេត្តសៀមរាប ប្រាប់សារព័ត៌មានថ្មីៗ២៥ តាមតេឡេក្រាម។ លោក បន្តថាកម្មវិធីអង្គរសង្រ្កាន្តនេះ មានទំហំនៃការរៀបចំតិចជាងអង្គរសង្រ្កាន្ត ហើយកម្លាំងមន្រ្តី និងយុវជន មានចំនួនកំណត់ រួមទាំងការកាត់បន្ថយទីតាំងនៃកម្មវិធីផងដែរ។ 
 
អភិបាលខេត្តសៀមរាបរូបនេះ អះអាងថា អាជ្ញាធរក៏កំពុងពិចារណា ចំពោះការលេងទឹក។ រដ្ឋបាលខេត្ត សង្ឃឹមថា មានអ្នកចូលរួមច្រើននិងគោរពវិធានសុវត្ថិភាព តាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីជៀសវាងការឆ្លងមេរោគផ្សេងៗ ពិសេសជំងឺកូវីដ-១៩ បំបម្លែងថ្មីអូមីក្រុង៕
 
 
 

Tag:
 សង្រ្កាន្តសៀមរាប
 ដងស្ទឹងសៀមរាប
 ទៀ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com