អន្តរជាតិ
ហុងកុង នឹងដកបម្រាមជើងហោះហើរពីប្រទេស៩ និងបន្ថយថ្ងៃធ្វើចត្តាឡីស័កចាប់ពីខែមេសា
22, Mar 2022 , 8:29 am        
រូបភាព
អ្នកដំណើរនៅឯអាកាសយានដ្ឋានអន្តរជាតិហុងកុង។ រូបថត Xinhua
អ្នកដំណើរនៅឯអាកាសយានដ្ឋានអន្តរជាតិហុងកុង។ រូបថត Xinhua
ដោយ:
ចាប់ពីថ្ងៃទី១ ខែមេសា ហុងកុងនឹងបើកដំណើរការជើងហោះហើរអន្តរជាតិឡើងវិញពីប្រទេស៩ រួមមានអាម៉េរិក និងអង់គ្លេសជាដើម ព្រមទាំងកាត់បន្ថយពេលធ្វើចត្តាឡីស័កមកត្រឹម៧ថ្ងៃវិញ។ ការរឹតបន្តឹងគម្លាតសុវត្ថិភាព ក៏នឹងត្រូវបានបន្ធូរបន្ថយដែរ បើករណីឆ្លងមិនកើនឡើងវិញ។ នេះបើតាមការប្រកាសរបស់មេដឹកនាំក្រុងហុងកុងនៅថ្ងៃទី២១ ខែមីនា។

 
បន្ទាប់ពីវីរុសបង្កជំងឺកូវីដ-១៩អូមីក្រុង ចាប់ផ្តើមឆ្លងរាលដាលកាលពីខែមករា អាជ្ញាធរហុងកុងបានចេញបម្រាមជើងហោះហើរពីប្រទេសចំនួន៩ ដូចជាអាម៉េរិក អង់គ្លេស​ បារាំង ឥណ្ឌា ប៉ាគីស្ថាន ហ្វីលីពីន​ អូស្រ្តាលី កាណាដា និងនេប៉ាល់។ ប៉ុន្តែការរឹតត្បិតនេះ នឹងត្រូវដកចេញវិញ។
 
ថ្លែងក្នុងអំឡុងសន្និសីទសារព័ត៌មាននៅថ្ងៃទី​ ២១ ខែមីនា មេដឹកនាំក្រុងហុងកុងលោកស្រី ការី ឡាំប្រកាសថា ចាប់ពីថ្ងៃទី១ ខែមេសា ហុងកុងនឹងលុបចោលបម្រាមជើងហោះហើរអន្តរជាតិសម្រាប់ប្រទេសទាំង៩នោះ។ លើសពីនេះ ថ្ងៃធ្វើចត្តាឡីស័កនៅសណ្ឋាគារសម្រាប់អ្នកដំណើរក៏ត្រូវបានកាត់បន្ថយពាក់កណ្តាលមកត្រឹម៧ថ្ងៃដែរ ប្រសិនបើអ្នកទាំងនោះធ្វើតេស្តឃើញអវិជ្ជមាននៅថ្ងៃទី ៦ និងទី៧នៃការស្នាក់នៅរបស់ពួកគេ។ រីឯ៧ថ្ងៃបន្ទាប់ នឹងត្រូវតាមដាននៅផ្ទះ។
 
«ស្ថានភាពជំងឺរាតត្បាតនៅប្រទេសទាំងនោះមិនអាក្រក់ជាងស្ថានភាពនៅហុងកុងទេហើយ អ្នកធ្វើដំណើរមកភាគច្រើនមិនមានរោគសញ្ញាធ្ងន់ធ្ងរទេ។ ការបន្តការរឹតត្បិតនេះ នឹងធ្វើឱ្យប្រជាជនហុងកុងដែលជាប់គាំងនៅប្រទេសទាំងនោះកាន់តែព្រួយបារម្ភ»។ លោកស្រី ឡាំ អះអាងបែបនេះ។ 
 
ទន្ទឹមនេះ ចាប់ពីថ្ងៃទី១៩​ ខែ មេសា សិស្សនឹងអាចអនុញ្ញាតឱ្យរៀនផ្ទាល់នោសាលារៀនបានហើយ។ ក្រៅពីនេះ វិធានការរក្សាគម្លាតសុវត្ថិភាពនឹងត្រូវបន្ធូរបន្ថយជា៣ដំណាក់កាលដែលចាប់ពីថ្ងៃទី២១ ខែមេសា ប្រសិនបើមិនមានករណីឆ្លងស្ទុះងើបឡើងវិញ។​ ភោជនីយដ្ឋានអាចនឹងត្រូវអនុញ្ញាតឱ្យបើកបន្ទាប់ពីម៉ោង៦ល្ងាចវិញសម្រាប់ការបរិភោគក្នុងហាង ខណៈកន្លែងជួបជុំសាធារណៈដែលឥឡូវអនុញ្ញាតជួបជុំគ្នាបានតែ២នាក់នឹងឈា​នរហូតដល់៤នាក់។ 

ក្លិបកម្សាន្ត ហាងស្រា និងឆ្នេរសមុទ្រ នឹងត្រូវបានអនុញ្ញាតឱ្យបើកក្នុងដំណាក់កាលទី២ ខណៈប្រជាជននឹងត្រូវបានអនុញ្ញាតឱ្យហាត់ប្រាណនៅខាងក្រៅដោយមិនបាច់ពាក់ម៉ាស់។ ក្នុងដំណាក់កាលទី៣ ចំនួនមនុស្សកំណត់ក្នុងភោជនីយដ្ឋាន និងក្លិបកម្សាន្តនឹងត្រូវដកចេញតែម្ដង ហើយម៉ោងបើកដំណើរការនឹងត្រូវពង្រីកបន្ថែមទៀត។ 

គួររំឭកថា ហុងកុងបានបិទជើងហោះហើរតាំងពីឆ្នាំ២០២០ ហើយជើងហោះហើរ និងអ្នកដំណើរតិចណាស់ដែលត្រូវបានអនុញ្ញាតឱ្យចូលហុងកុង។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហុងកុងមានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ច្រើនបំផុតក្នុង១លាននាក់នៃប្រជាជននៅទូទាំងពិភពលោក។ មកទល់ពេលនេះ ករណីអ្នកឆ្លងជំងឺកូវីដ-១៩សរុបនៅហុងកុងមានចំនួនជាង១លាននាក់ ខណៈអ្នកស្លាប់ ជាង៥ពាន់នាក់៕


Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com