ជាតិ
សង្គមជាតិ
លោក ហ៊ុន ម៉ានី៖ សកម្មភាព ស.ស.យ.ក បញ្ជាក់ពីតួនាទីសំខាន់របស់យុវជនក្នុងសង្គម
21, Mar 2022 , 6:34 pm        
រូបភាព
រូបភាពពីក្រុមការងាររបស់លោក ហ៊ុន ម៉ានី
រូបភាពពីក្រុមការងាររបស់លោក ហ៊ុន ម៉ានី
នាកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី កត់សម្គាល់ថា ការចូលរួមរបស់ស.ស.យ.ក បានបញ្ជាក់ពីតួនាទីយ៉ាងសំខាន់របស់យុវជនក្នុងសង្គម។ លោក ចាត់ទុកសកម្មភាពសមាជិកស.ស.យ.ក ជាការទទួលខុសត្រូវខ្ពស់លើការងារសង្គម និងការអភិវឌ្ឍប្រទេស។

 
«ការចូលរួមរបស់សមាជិក សមាជិកា គ្រប់ៗរូប ពិតជាបានសបញ្ជាក់យ៉ាងច្បាស់ពីតួនាទីយ៉ាងសំខាន់របស់យុវជនក្នុងដំណើរការប្រព្រឹត្តទៅក្នុងសង្គម និងការអភិវឌ្ឍនានាលើគ្រប់វិស័យក្នុងប្រទេស»។ នេះជាការលើកឡើងរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ក្នុងកិច្ចប្រជុំគណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា នាសៀមរាប។


រូបភាពពីក្រុមការងាររបស់លោក ហ៊ុន ម៉ានី
 
ទន្ទឹមនឹងនេះ លោក ម៉ានី ក៏កត់សម្គាល់ផងដែរ ពីដំណើរវិវត្តឥតឈប់ឈរនៃបរិបទសង្គម នយោបាយ និង សេដ្ឋកិច្ច  ជាពិសេសការប្រកាន់យកប្រក្រតីភាពថ្មី ក្នុងដំណាក់កាលវិបត្តិកូវីដ-១៩។ សម្រាបលោក ម៉ានី ក្នុងការចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.ក. លើកិច្ចការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល គឺជាកម្លាំងដ៏សកម្មមួយ ដែលមិនអាចខ្វះបាន។
 
លោក ម៉ានី អះអាងថា សមិទ្ធផល និងស្នាដៃ ដែលយុវជន ស.ស.យ.ក សម្រេចបានកន្លងមក រួមមានការរៀបចំរចនាសម្ព័ន្ធចាត់តាំង និងការកសាងស.ស.យ.ក,ការការពារ និងថែរក្សាអធិបតេយ្យភាពជាតិ បូរណភាពទឹកដី ឯករាជ្យភាព សន្តិភាព ស្ថិរភាព សេរីភាព និងសុវត្ថិភាពសង្គម,ការលើកកម្ពស់សុខដុមនីយកម្មសង្គម អត្តសញ្ញាណ និងលើកកិត្តិនាមកម្ពុជា។ លើសពីនេះ ក៏ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្ម,ការអភិវឌ្ឍសមត្ថភាពយុវជន,ការចូលរួមសកម្មភាពសង្គម,ការលើកកម្ពស់សុខភាព និងវិស័យកីឡា,ការជំរុញកិច្ចសហការប្រតិបត្តិការ និងទំនាក់ទំនងអន្តរជាតិ,យុទ្ធនាការពលរដ្ឋល្អ រួមទាំងកិច្ចការផ្សព្វផ្សាយ និងសាធារណៈមតិផងដែរ។
 
សូមបញ្ជាក់ថា ត្រឹមឆ្នាំ ២០២១ រចនាសម្ព័ន្ធ ស.ស.យ.ក នៅថ្នាក់រាជធានី ខេត្ត ស្រុក ខណ្ឌ ឃុំ សង្កាត់ វិស័យ និងសមាជិកអង្គនីតិបុគ្គលរបស់ ស.ស.យ.ក មានសមាជិកសរុបជាង១៨ម៉ឺននាក់ ក្នុងនោះស្រ្ដីមាន៤២ភាគរយ៕
 
 

Tag:
 ស.ស.យ.ក
 ហ៊ុន ម៉ានី
© រក្សាសិទ្ធិដោយ thmeythmey.com