អន្តរជាតិ
មេទ័ពអាម៉េរិកថា ចិនបំពាក់ប្រព័ន្ធអាវុធពេញលេញលើកោះ៣នៅសមុទ្រចិនខាងត្បូង
22, Mar 2022 , 9:54 am        
រូបភាព
កោះយ៉ុងស៊ីងដែលចិនគ្រប់គ្រងនៅសមុទ្រចិនខាងត្បូង។ រូបថត Xinhua
កោះយ៉ុងស៊ីងដែលចិនគ្រប់គ្រងនៅសមុទ្រចិនខាងត្បូង។ រូបថត Xinhua
មេបញ្ជាការកងទ័ពប្រចាំឥណ្ឌូប៉ាស៊ីហ្វិក ឧត្តមនាវី John C Aquilino នៅថ្ងៃទី២០ ខែមីនា​ អះអាងថា ​កោះ​សិប្បនិម្មិតដែលចិនបានបង្កើតឡើងយ៉ាងហោចណាស់ចំនួនបី ត្រូវបានបំពាក់ប្រព័ន្ធអាវុធពេញ​លេញដែលមានទាំងប្រព័ន្ធប្រឆាំងនឹងនាវា, ប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ, ឧបករណ៍​ឡាស៊ែរ និង​យន្តហោះចម្បាំងជាដើម។ មេទ័ពអាម៉េរិករូបនេះព្រមានថា ​ការបង្កើនប្រព័ន្ធការពារបែបនេះ​ នឹងគំរាម​ប្រទេស​ទាំងអស់​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុងតំបន់នោះ។

 
នៅតំបន់សមុទ្រចិនខាងត្បូងដែលមានបញ្ហារកច្រកចេញមិនឃើញ ចិន បានទាមទារកម្មសិទ្ធិ​ស្ទើរតែ​ទាំងស្រុងហើយបានសាងសង់កោះសិប្បនិម្មិតជាច្រើនផងដែរ។ ទោះបីជាមិនមែនជារដ្ឋទាមទារក្ដី អាម៉េរិកវិញ តែងចេញមុខរិះគន់ចិន និងតែងបានសម្ញែងអានុភាពយោធារបស់ខ្លួនតាមរយៈការបញ្ជូន​នាវាចម្បាំងជាច្រើនលើកច្រើនសារក្រោមហេតុផលការពារតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និង​បើកចំហ។
 
អំឡុងបទសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២០ ខែមីនា មេបញ្ជាការបញ្ជាទីបញ្ជាការដ្ឋានឥណ្ឌូប៉ាស៊ីហ្វិក ឧត្តមនាវិ John C Aquilino លើកឡើងថា ទីក្រុងប៉េកាំងបានបង្កើនសមត្ថភាព និង​អាវុធនៅក្នុងតំបន់សមុទ្រចិនខាងត្បូងដែលការណ៍នេះ នឹងនាំឱ្យមានអស្ថិរភាពតំបន់។ 
 
បើតាមប្រមុខកងទ័ពអាម៉េរិកប្រចាំតំបន់រូបនេះ ចិនប្រហែលជាបានបញ្ចប់ការសាងសង់ឃ្លាំងមីស៊ីល, ឃ្លាំង​ផ្ទុកយន្តហោះ, បំពាក់ប្រព័ន្ធរ៉ាដា និងកន្លែងយោធាផ្សេងទៀតនៅលើកោះ Mischief, Subi និង Fiery Cross នៅសមុទ្រចិនខាងត្បូង។ លោកក៏អះអាងថា ចិនប្រហែលជា​សាងសង់ហេដ្ឋា​រចនា​សម្ព័ន្ធ​យោធានៅតំបន់ផ្សេងៗទៀតផងដែរ។
 
មេបញ្ជាការយោធាអាម៉េរិករូបនេះ បានរិះគន់ក្រុងប៉េកាំងទៀតថា សកម្មភាពបំពានខាងលើនេះ​គឺ​ផ្ទុយស្រឡះទៅនឹងការធានារបស់ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ដែលបានអះអាងថា ទីក្រុង​ប៉េកាំងនឹងមិនប្រែក្លាយកោះសិប្បនិមិត្តនៅ ក្នុងដែនទឹកប្រទាញប្រទង់នេះទៅ​ជា​មូលដ្ឋាន​យោធា​នោះ​ឡើយ។ ឧត្តមនាវីដដែល ក៏សង្កត់ធ្ងន់ថា ​ចំណាត់ការខាងលើនេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ពង្រឹង​សាច់ដុំ​យោធា​របស់ចិន៕
 
 

Tag:
 ចិន
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com