អន្តរជាតិ
ទូរទស្សន៍រដ្ឋចិន៖ រកមិនឃើញអ្នកនៅរស់ឡើយក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ
22, Mar 2022 , 10:54 am        
រូបភាព
បំណែកយន្តហោះ Boeing 737-800។ រូបភាព៖ Xinhua
បំណែកយន្តហោះ Boeing 737-800។ រូបភាព៖ Xinhua
យន្តហោះប្រភេទ Boeing 737-800 ដែលផ្ទុកមនុស្សចំនួន ១៣២នាក់ បានធ្លាក់នៅភាគខាងត្បូងចិន និងបង្កជាអគ្គិភ័យយ៉ាងខ្លាំង។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV  បានបញ្ជាក់ថា អ្នករុករក រកមិនឃើញអ្នកមានជីវិតឡើយក្នុងប្រតិបត្តិការសង្រ្គោះជាង១៨ម៉ោងមកនេះ មិនមានអ្នកដំណើរនៅរស់ឡើយ ស្របពេលការរុករកនៅតែបន្ត។  បន្ទាប់ពីហេតុការណ៍ដ៏អាក្រក់នោះ ប្រទេសជាច្រើន បានចូលរួមរំលែកទុក្ខ ខណៈអាម៉េរិកបញ្ជូនអ្នកជំនាញមកជួយចិន ដើម្បីស៊ើបអង្កេត។

 
មកទល់ពេលនេះ ចិនកំពុងបន្តដំណើរការជួយសង្រ្គោះ និងស៊ើបអង្កេតលើករណីធ្លាក់យន្តហោះ Boeing 737-800 នៅក្បែរទីក្រុងអ៊ូចូវ តំបន់ស្វយ័តគ័ងស៊ី។ តាមទូរទស្សន៍រដ្ឋចិន CCTV អ្នកជួយសង្រ្គោះ រកមិនទាន់ឃើញអ្នករស់រានមានជីវិតឡើយ។
 
យន្តហោះរបស់អាកាសចរណ៍ China Eastern កំពុងធ្វើដំណើរក្នុងល្បឿន៨៤២គីឡូម៉ែត្រក្នុងមួយម៉ោង និងហោះនៅកម្ពស់ជិត៩គីឡូម៉ែត្រ មុននឹងដាំក្បាលចុះមកដី។ រឿងនេះ ធ្វើឱ្យមានចម្ងល់ខ្លាំង ព្រោះជាករណីកម្រដែលយន្តហោះសំយ៉ុងក្បាលចុះបែបនេះ។
 
បន្ទាប់ពីហេតុការណ៍ខាងលើ ប្រធានាធិបតីចិន លោកស៊ី ជិនភីង បានបញ្ជាឱ្យបើកប្រតិបត្តិការជួយសង្រ្គោះឱ្យបានខ្លាំងបំផុត ដើម្បីជួយអ្នកដំណើរដែលមានវត្តមាន នៅក្នុងយន្តហោះ និងស្វែងរកមូលហេតុនៃការធ្លាក់។
 
តាមការបញ្ជាក់របស់ប្រព័ន្ធផ្សព្វផ្សាយ China Media Group​ ដែលបានទិន្នន័យពីព័ត៌មាននៃការចាកចេញរបស់យន្តហោះ មិនមានអ្នកដំណើរបរទេស បានជិះយន្តហោះរបស់ក្រុមហ៊ុន China Eastern Airlines នេះឡើយ។ យ៉ាងណាមិញ ក្រុមហ៊ុន នឹងបន្តស៊ើបអង្កេតបន្ថែមទៀត។ 
 
ស្របពេលមានហេតុការណ៍ដ៏អាក្រក់បែបនេះ រដ្ឋបាលហោះហើរសហព័ន្ធអាម៉េរិក (FFA) បានសរសេរលើបណ្តាញសង្គម Twitter ថា ខ្លួនបានដឹងរួចហើយ ពីព័ត៌មានធ្លាក់យន្តហោះនៅចិន ហើយបានត្រៀមខ្លួនជាស្រេច ក្នុងការជួយស៊ើបអង្កេតប្រសិនបើមានការស្នើសុំ។ ជាមួយគ្នានេះ ក្រុមប្រឹក្សាសុវត្ថិភាពធ្វើដំណើរជាតិអាម៉េរិក បានតែងតាំងអ្នកស៊ើបអង្កេត ឱ្យជួយស្រាវជ្រាវហេតុការណ៍ធ្លាក់យន្តហោះនេះដែរ។ 
 
មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Boeing បានអះអាងថា ខ្លួនបានផ្តល់ការគាំទ្រពេញលេញ ក្នុងការបញ្ជូនអ្នកជំនាញទៅក្នុងការស៊ើបអង្កេត ដែលដឹកនាំដោយរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិន។ 
 
ក្រសួងការបរទេសតួកគី និងនាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានចូលរួមរំលែកទុក្ខ ករណីធ្លាក់យន្តហោះនេះ ទៅក្រុមគ្រួសាររបស់ជនរងគ្រោះ។ 
 
តាមទិន្នន័យរបស់វេបសាយ Aviation Safety Network យន្តហោះប្រភេទ Boeing 737-800 ធ្លាប់មានឧបទ្ទវហេតុចំនួន ២២ករណី ដោយក្នុងនោះមានអ្នកដំណើរបាត់បង់ជីវិតចំនួន ៩លើក មុនករណីធ្លាក់យន្តហោះរបស់ក្រុមហ៊ុន China Eastern Airlines នេះ៕ 
 

Tag:
 ចិន
  ធ្លាក់យន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com