អន្តរជាតិ
ប្រធានាធិបតីអ៊ុយក្រែន ទទូចចង់ជួបជាមួយប្រធានាធិបតីរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម
22, Mar 2022 , 11:55 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី២១ ខែមីនាបានអះអាងជាថ្មីថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែននឹងមិនអាចបញ្ចប់នោះឡើយ ប្រសិនបើលោកមិនបានជួបពិភាក្សា ជាមួយប្រធានាធិបតី​រុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នោះ។ លោក ហ្សេលេនស្គី ក៏បានបញ្ជាក់ជាថ្មីថា អ៊ុយក្រែននឹងមិនអាចចូលរួមជា​សមាជិកសម្ព័ន្ធយោធាណាតូបាននោះឡើយ។


 
សង្គ្រាមរុស្ស៊ី និងអ៊ុយក្រែន​ បានអូសបន្លាយជាងមួយខែមកហើយ ខណៈកិច្ចចរចាប៉ុន្មានលើកមកនេះ ក៏រកមិនឃើញការស្រុះស្រួលគ្នាឡើយ។ ប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេលេនស្គី វិញ ម្ដងជាពីរដង ទទូចចង់ជួបប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ដើម្បីដោះស្រាយវិបត្តិប្រទេសទាំងពីរ។
 
អំឡុងបទសម្ភាសជាមួយបណ្តាញទូរទស្សន៍សាធារណៈអឺរ៉ុប នៅថ្ងៃទី២១ ខែមីនា លោក ហ្សេលេនស្គី ប្រកាសជំហរចង់ជួបមេដឹកនាំរុស្ស៊ីជាថ្មីទៀត ដោយលើកឡើងថា ជំនួបមេដឹកនាំ​ប្រទេស​ទាំង​ពីរ ​នឹង​នាំ​ឱ្យមានការចរចាដើម្បីឈានដល់ការបញ្ចប់សង្គ្រាម។ ប៉ុន្តែលោកទទួលស្គាល់ថា រឿងនេះ ​អាចនឹង​ចំណាយពេលយូរ។
 
«ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច ​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ ដើម្បី​លើក​ឡើង​ពី​បញ្ហា​ទឹកដី ​ដែល​ត្រូវបាន​កាន់កាប់ ប៉ុន្តែ​ខ្ញុំ​ប្រាកដ​ថា​ដំណោះ​ស្រាយ ​នឹង​មិន​កើត​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​ភ្លាមៗនេះ​ទេ»។ លោក ហ្សេលេនស្គី និយាយបែបនេះ រួចបន្តថា លក្ខខណ្ឌ​មួយ​ចំនួនរួមមានបទ​ឈប់​បាញ់​ ការ​ដក​ទ័ព​ និង​ការ​ធានា​សន្តិសុខ ​នឹង​ត្រូវ​បានបំពេញ​មុន​ពេល​បញ្ហាខាងលើត្រូវបាន​ដោះស្រាយ។
 
បើតាមប្រធានាធិបតីអ៊ុយក្រែន ប្រសិនបើមេដឹកនាំបានពិភាក្សាគ្នា ហើយឈានដល់ការយល់​ព្រម​លើ​ការដកទ័ព និងការធានាការការពារសន្តិសុខទៅវិញទៅមក ការសម្របសម្រួលគ្ នានឹងអាច​កើត​ឡើង​ដើម្បី​បញ្ចប់សង្គ្រាមតែម្ដង។ 
 
ក្នុងកិច្ចសម្ភាសដដែល លោក ហ្សេលេនស្គី ក៏ប្រកាសជាថ្មីថា អ៊ុយក្រែនគ្មានផ្លួវ​អាច​ចូល​ក្នុងសម្ព័ន្ធ យោធា​ណាតូ​បាន​ឥឡូវ​នោះឡើយ ព្រោះរដ្ឋសមាជិកណាតូ មិនចង់ប្រយុទ្ធជាមួយរុស្ស៊ី ដូច្នេះពួកគេ នឹង​មិនអាចយកអ៊ុយក្រែនចូលបានឡើយ។ លោកក៏បញ្ចាក់ថា អ៊ុយក្រែនត្រូវផ្សះផ្សា​ទំនាក់​ទំនង​ជាមួយ​រុស្ស៊ីដោយខ្លួនឯង និងត្រូវយល់ព្រមលើការធានាផ្សេងៗទៀត ជាមួយក្រុងមូស្គូ៕
 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com