អន្តរជាតិ
ចិន ពិចារណាផ្តល់កម្ចី២,៥ពាន់លានដុល្លារដល់ស្រីលង្កាដែលប្រឈមមុខវិបត្តិសេដ្ឋកិច្ច
22, Mar 2022 , 2:59 pm        
រូបភាព
ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa ជួបរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី។ រូបថត Xinhua
ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa ជួបរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី។ រូបថត Xinhua
ដោយ:
ចិនកំពុងពិចារណាផ្តល់ឥណទាន២,៥ពាន់លានដុល្លារដល់ស្រីលង្កាដែលកំពុងជួបវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុត។ អគ្គរដ្ឋទូតចិនបញ្ជាក់បែបនេះនៅថ្ងៃទី២១ ខែមីនា។ ការផ្តល់កម្ចីនេះ នឹងត្រូវសម្រេចឆាប់ៗនេះ។

 
ថ្លែងប្រាប់អ្នកយកព័ត៌មាននៅទីក្រុងកូឡុំបូ នៅថ្ងៃទី២១ ខែមីនា អគ្គរដ្ឋទូតចិនប្រចាំស្រីលង្កាលោក Qi Zhenhong បញ្ជាក់ថា ចិនកំពុងពិចារណាផ្តល់ប្រាក់កម្ចី១ពាន់លានដុល្លារទៅតាមការស្នើរបស់រដ្ឋាភិបាលស្រីលង្កា និង១,៥ពាន់លានដុល្លារផ្សេងទៀតសម្រាប់កម្ចីពាណិជ្ជកម្មទិញទំនិញពីចិន។ បើតាមអគ្គរដ្ឋទូតចិនរូបនេះ នៅថ្ងៃទី១៨ ខែមីនា​​ ស្រីលង្កាបានទទួលកម្ចី៥០០លានដុល្លារពីធនាគារអភិវឌ្ឍន៍របស់ចិនរួចហើយដែរ ស្របពេលប្រទេសនេះកំពុងជួបបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ។ 
 
នៅឆ្នាំនេះ ស្រីលង្កាត្រូវសងបំណុលដែលមានទំហំប្រមាណ៤ពាន់លានដុល្លារ ក្នុងនោះការបង់សងមូលបត្របំណុលអន្តរជាតិ (ISB) ទមហំ១ពាន់លានដុល្លារ ក៏ដល់ពេលកំណត់ក្នុងខែកក្កដាខាងមុខនេះ។ ប៉ុន្តែ គិតត្រឹមចុងខែកុម្ភៈ ទុនបម្រុងរបស់ស្រីលង្កានៅសល់តែត្រឹម២,៣១ពាន់លានដុល្លារប៉ុណ្ណោះ។ ប្រទេស​នេះ​ក៏​កំពុង​ជួប​បញ្ហា​ក្នុង​ការ​ចំណាយ​លើ​ការ​នាំ​ចូល​សម្ភារ​សំខាន់ៗ​ដូច​ជា​ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យផងដែរ។ ដោយសារ​កង្វះ​ប្រេងឥន្ធនៈ​ ការផ្គត់ផ្គង់ថាមពល ក៏ជួបបញ្ហាដែរ​។
 
ក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ ចិនបានផ្តល់ប្រាក់កម្ចីទៅស្រីលង្កាជាង៥ពាន់លានដុល្លារសម្រាប់ការសាងសង់ផ្លូវ កំពង់ផែ អាកាសយានដ្ឋាន និងរោងចក្រផលិតថាមពលដោយធ្យូងថ្ម។ ចិនជាប្រទេសផ្តល់ប្រាក់កម្ចីធំជាងគេទី៤ របស់ស្រីលង្កា បន្ទាប់ពីទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី និងជប៉ុន។ មុនការផ្ទុះជំងឺកូវីដ-១៩ ចិនជាប្រភពចំណូលផ្នែកទេសចរណ៍ដ៏សំខាន់របស់ស្រីលង្កា ហើយកោះនេះបាននាំចូលទំនិញពីចិនជាច្រើនជាងប្រទេសដទៃទៀត។  ស្រីលង្កា ក៏ជាផ្នែកមួយដ៏សំខាន់នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវមួយរបស់ចិនដែរ។
 
ពាក់ព័ន្ធនឹងបញ្ហាបំណុលនេះ កាលពីខែមករា ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី ប្រធានាធិបតីស្រីលង្កា Gotabaya Rajapaksa បានស្នើសុំឱ្យទីក្រុងប៉េកាំងផ្លាស់ប្តូរនិតិវិធីសងបំណុលឡើងវិញដើម្បីជួយប្រទេសនេះយកឈ្នះវិបត្តិសេដ្ឋកិច្ចបច្ចុប្បន្ន។ ប៉ុន្តែ ទីក្រុងប៉េកាំងមិនទាន់បានឆ្លើយតបទៅនឹងសំណើនេះទេ។ 
 
«យើងជឿថា គោលបំណងចុងក្រោយរបស់យើងគឺដោះស្រាយបញ្ហាបំណុលនេះ​ ប៉ុន្តែវាអាចនឹងមានវិធីផ្សេងទៀត»។ លោក Qi តបបែបនេះទៅនឹងសំណួររបស់អ្នកយកព័ត៌មាននៅថ្ងៃទី២១ ខែមីនាទាក់ទងនីតិវិធីសងបំណុលរបស់ចិន៕ 
 
 

Tag:
 ចិន
  ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com