អន្តរជាតិ
សមាជិកEU នៅតែមិនឯកភាពគ្នា ចំពោះទណ្ឌកម្មលើប្រេងរបស់រុស្ស៊ី
22, Mar 2022 , 3:59 pm        
រូបភាព
រូបភាព៖ Xinhua
រូបភាព៖ Xinhua
រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប (EU) នៅថ្ងៃទី២១ ខែមីនា មិនឯកភាពគ្នា ចំពោះចំណាត់ការ ដាក់ទណ្ឌកម្មលើថាមពលរុស្ស៊ី ដើម្បីដាក់សម្ពាធដាក់ឱ្យប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។ បើតាមមន្រ្តីទូតអឺរ៉ុបមួយរូប សហភាពអឺរ៉ុប ត្រូវការពេលវេលាមួយចំនួន ដើម្បីរកប្រភពថាមពលជំនួសពីរុស្ស៊ី ខណៈ លីទុយអានី បានអះអាងថា មិនគួរផ្ដល់ពេលឱ្យរុស្ស៊ីបន្តចំណេញពីការនាំចេញថាមពលទាំងនោះ។

 
ចាប់តាំងពីរុស្ស៊ីឈ្លានពានអ៊ុយក្រែន សហភាពអឺរ៉ុប បានដាក់ទណ្ឌកម្មនឹងរុស្ស៊ីជាច្រើន ក្នុងនោះរួមមាន ការបង្កកទ្រព្យសម្បត្តិធនាគារកណ្តាល និងអភិជនរុស្ស៊ីជាច្រើនរូប។ ប៉ុន្តែជុំវិញទណ្ឌកម្មលើប្រេង និងហ្គាសរុស្ស៊ី សមាជិកសហភាពអឺរ៉ុបទាំង ២៧ប្រទេស មិនចុះសម្រុងគ្នាឡើយ ​ដោយសារតែប្លុកមួយនេះ បានពឹងផ្អែកលើការនាំចូលថាមពលពីរុស្ស៊ីរហូតដល់ ៤០ភាគរយឯណោះ។ 
 
អាល្លឺម៉ង់ បារាំង អ៊ីតាលី ស្ថិតក្នុងចំណោមប្រទេសផ្សេងទៀត ដែលពឹងផ្អែកហ្គាសលើរុស្ស៊ី។ ចំណែកលីទុយអានី ហ្វាំងឡង់ ស្លូវ៉ាគី ប៉ូឡូញ និងប្រទេសផ្សេងទៀត បាននាំចូលប្រេងជាច្រើនប៉ារ៉ែលពីរុស្ស៊ី។ 
 
ក្រោយជំនួបរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅថ្ងៃទី២១ ខែមីនា រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock បានប្រាប់អ្នកសារព័ត៌មានថា សំណួរជុំវិញទណ្ឌកម្មប្រេងលើរុស្ស៊ី មិនមែនជាសំណួរ ដែលអាល្លឺម៉ង់ចង់បាន ឬមិនចង់បាននោះឡើយ ប៉ុន្តែវាមានសំណួរមួយ ថាតើបណ្តាប្រទេសអឺរ៉ុប បានពឹងផ្អែកលើប្រេងខ្លាំងប៉ុណ្ណាពីរុស្ស៊ី។ 
 
«អាល្លឺម៉ង់ ​កំពុង​នាំចូល​ប្រេង(​ពី​រុស្ស៊ី​)ជាច្រើន ប៉ុន្តែ​ក៏មាន​សមាជិក​ផ្សេងទៀត ​ដែល​មិនអាច​បញ្ឈប់​ការ​នាំចូល​ប្រេង​ពីមួយថ្ងៃ​ទៅមួយថ្ងៃផងដែរ»។ លោកស្រី Baerbock បានលើកឡើងបែបនេះ ដោយបន្តថា សហភាពអឺរ៉ុបគួរតែជំរុញការកាត់បន្ថយការពឹងផ្អែកលើទីក្រុងមូស្គូ សម្រាប់តម្រូវការថាមពល។
 
យ៉ាងណាមិញ បណ្តាប្រទេសអឺរ៉ុបមួយចំនួនមិនពេញចិត្ត ក្នុងការពន្យារពេលដាក់ទណ្ឌកម្ម លើថាមពលរុស្ស៊ីនោះឡើយ​។ រដ្ឋមន្ត្រីការបរទេសលីទុយអានី លោក Gabrielius Landsbergis បានសរសេរ លើបណ្ដាញសង្គមTwitter ថា សហភាពអឺរ៉ុបមិនគួរទុកពេលឱ្យរុស្ស៊ី នៅទទួលបានផលប្រយោជន៍ពីការនាំចេញប្រេងមកអឺរ៉ុប ការប្រើប្រាស់កំពង់ផែអឺរ៉ុបពីសំណាក់រុស្ស៊ី និងការប្រើប្រាស់ធនាគាររុស្ស៊ីនៅអឺរ៉ុប ដែលមិនទាន់ដាក់ទណ្ឌកម្មនោះឡើយ។
 
ពាក់ព័ន្ធនឹងបញ្ហានេះ មន្រ្តីទូតអឺរ៉ុបម្នាក់បានអះអាងថា សមាជិកខ្លះសង្ឃឹមថា ត្រឹមខែមិថុនា ខាងមុខ អឺរ៉ុបនឹងរកឃើញប្រភពថាមពលជំនួសគ្រប់គ្រាន់ ហើយពិចារណាបន្ថែមទៀត ចំពោះទណ្ឌកម្មប្រេងពីរុស្ស៊ី។ ប៉ុន្តែកាលបរិច្ឆេទមិនទាន់ត្រូវបាន ព្រមព្រៀងគ្នាទេ ហើយរដ្ឋសមាជិកផ្សេងទៀតអាចនឹងមានគោលដៅជំនួសផ្សេងៗគ្នាផង។​ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ក្រៅពីនេះ មន្រ្តីទូតអឺរ៉ុបផ្សេងទៀតបានបញ្ជាក់ថា ទណ្ឌកម្មមួយចំនួន កំពុងត្រូវបានពិភាក្សា ដែលរាប់បញ្ចូលទាំងការដាក់ទណ្ឌកម្មបិទចន្លោះប្រហោងលើមូលនិធិ ដែលប្រើប្រាស់ដោយអ្នកជំនួញ និងអ្នកនយោបាយរុស្ស៊ី, ការបន្ថែមជនជាតិរុស្ស៊ីទៅក្នុងបញ្ជីខ្មៅ, ការហាមឃាត់នាវារុស្ស៊ីកុំឱ្យចតនៅកំពង់ផែសហភាពអឺរ៉ុប, និងការកាត់បន្ថយការចូលប្រើធនាគារដែលពាក់ព័ន្ធនឹងប្រព័ន្ធទូរទាត់ប្រាក់​អន្តរ​ជាតិ SWIFT។
 
បញ្ហាទាំងអស់នេះនឹងត្រូវពិភាក្សាម្តងទៀត នៅថ្ងៃទី២៤ ខែមីនា ក្នុងពេលប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ចូលរួមកិច្ចពិភាក្សានៅទីក្រុង ព្រុចសែល ជាមួយសមាជិកសម្ព័ន្ធយោធាណាតូ, សហភាពអឺរ៉ុប, ក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) រួមទាំងជប៉ុនផងដែរ។ ភាគីទាំងអស់នឹងពិភាក្សាគ្នា ដើម្បីពង្រឹងការឆ្លើយតបចំពោះទីក្រុងមូស្គូ៕
 

Tag:
 EU
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com