អន្តរជាតិ
អ្នកជំនាញសិទ្ធិមនុស្ស ទទូចឱ្យកូរ៉េខាងជើងបើកប្រទេសទទួលជំនួយនិងស្បៀងអាហារ
22, Mar 2022 , 7:29 pm        
រូបភាព
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សកូរ៉េខាងជើង Tomas Ojea Quintana។ រូបថត AFP
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីសិទ្ធិមនុស្សកូរ៉េខាងជើង Tomas Ojea Quintana។ រូបថត AFP
ដោយ:
អ្នកស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) នៅថ្ងៃទី២១ ខែមីនា អំពាវនាវឱ្យកូរ៉េខាងជើងបើកព្រំដែនឡើងវិញសម្រាប់ទីភ្នាក់ងារជំនួយ និងការនាំចូលស្បៀងអាហារ ព្រោះវិធានការរឹតបន្តឹងរបស់កូរ៉េខាងជើងអំឡុងជំងឺកូវីដ-១៩ អាចឱ្យប្រជាជនជាច្រើនប្រឈមនឹងភាពអត់ឃ្លាន។

 
ថ្លែងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UN)នៅថ្ងៃទី២១ ខែមីនា លោក Tomas Ojea Quintana លើកឡើងថា អសន្តិសុខស្បៀងអាហារនៅកូរ៉េខាងជើងដែលកំពុងកើតស្រាប់ទៅហើយ កាន់តែយ៉ាប់យ៉ឺនថែមទៀតដោយសារវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ។ បច្ចុប្បន្ន ជាង៤០ ភាគរយនៃប្រជាជនកូរ៉េខាងជើង កំពុងជួបបញ្ហាកង្វះខាតស្បៀងអាហារ។
 
«ឥឡូវនេះ ខណៈប្រទេសនៅតែស្ថិតនៅក្នុងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ មានការព្រួយបារម្ភយ៉ាងខ្លាំងថា តំបន់ប្រជាជនដែលងាយរងគ្រោះបំផុតអាចនឹងប្រឈមភាពអត់ឃ្លាន និងទុរ្ភិក្ស»។ លោក Tomas Ojea Quintana ដែលជាអ្នករាយការណ៍ពិសេសរបស់ UN ទទួលបន្ទុកសិទ្ធិមនុស្សនៅកូរ៉េខាងជើង បញ្ជាក់បែបនេះ។ 
 
លោក Ojea Quintana ជំរុញឱ្យកូរ៉េខាងជើងបើកព្រំដែនរបស់ខ្លួនជាបណ្តើរៗ ហើយអនុញ្ញាតឱ្យមានការវិលត្រលប់មកវិញជាបន្ទាន់ទីភ្នាក់ងារ UN​ អង្គការអន្តរជាតិផ្សេងៗ និងសហគមន៍ការទូត ព្រមទាំងការធ្វើដំណើរក្នុងស្រុករបស់ប្រជាជន និងសកម្មភាពសេដ្ឋកិច្ចផ្សេងៗ។ អ្នកជំនាញរូបនេះ ក៏អំពាវនាវឱ្យកូរ៉េខាងជើងដោះលែងអ្នកដែលត្រូវបានឃុំខ្លួននៅជំរំពន្ធនាគារនយោបាយ ព្រោះជាករណីប្រឆាំងមនុស្សជាតិ។
 
ទាក់ទិននឹងរឿងនេះ ចាប់តាំងពីជំងឺកូវីដ-១៩ ចាប់ផ្តើមរាលដាល កូរ៉េខាងជើងមិនបានរាយការណ៍អំពីករណីជំងឺកូវីដ-១៩ ណាមួយឡើយ ហើយបានដាក់វិធានទប់ស្កាត់ដ៏តឹងរ៉ឹងរួមមានការបិទព្រំដែន និងរឹតត្បិតការធ្វើដំណើរក្នុងស្រុក។ ទីភ្នាក់ងារផ្តល់ជំនួយ និងស្ថានទូតបរទេសភាគច្រើនបានចាកចេញពីប្រទេសនេះ ខណៈវិធានការរឹតបន្តឹងធ្វើឱ្យពិបាកដើម្បីធ្វើប្រតិបត្តិការ៕
 
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com