ជាតិ
សម្ដេច ស ខេង៖ ពេលចាញ់ ថា ការបោះឆ្នោតមិនល្អ! តែមិនដឹងថា មកពីបក្សខ្លួនមិនល្អ ឬមកពីការរៀបចំបោះឆ្នោត
22, Mar 2022 , 7:59 pm        
រូបភាព
ភ្នំពេញ៖ រាល់ពេលបោះឆ្នោតម្ដងៗ តែងតែមានការរិះគន់លើដំណើរការបោះឆ្នោតថា ប្រព្រឹត្តទៅមិនល្អ ពីសំណាក់អ្នកនយោបាយ។ នេះបើតាមសម្ដេច ស ខេង ដែលចាត់ទុកការរិះគន់នេះ គឺជាទម្លាប់របស់អ្នកនយោបាយចាញ់ឆ្នោត។



រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ បានកត់សម្គាល់ថា នៅពេលបោះឆ្នោតម្ដងៗ គឺតែងមានគណបក្សនយោបាយចម្រុះជាច្រើនចូលរួមប្រកួតប្រជែង ដែលបង្ហាញពីការបោះឆ្នោតសេរីពហុបក្ស ស្របតាមរដ្ឋធម្មនុញ្ញកម្ពុជា។ ប៉ុន្តែអ្វីដែលសម្ដេច ស ខេង បានឮរាល់អាណត្តិបោះឆ្នោតនោះ គឺការរិះគន់ពីសំណាក់អ្នកនយោបាយចាញ់ឆ្នោតថា ដំណើរការបោះឆ្នោតប្រព្រឹត្តទៅមិនល្អ និងមិនយុត្តិធម៌។
 
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២២ មីនា សម្ដេច ស ខេង បានលើកជាសំនួរវិញ ដូច្នេះថា៖«មកដល់ពេលនេះ មាន១៧គណបក្ស (ចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥) អាហ្នឹងភាពចម្រុះហើយនេះ តែដល់ពេលចាញ់ថា ការបោះឆ្នោតហ្នឹងមិនល្អ តែមិនដឹងថាគណបក្សខ្លួនមិនល្អ ឬក៏គេរៀបចំមិនល្អ»។
 
បើតាមរដ្ឋមន្រ្តីមហាផ្ទៃ ច្បាប់ស្តីពីការបោះឆ្នោត និងគោលការណ៍មួយចំនួន រួមទាំងអាសនៈក្នុងរដ្ឋសភា មានការកែទម្រង់ជាប្រចាំ ស្របតាមមតិយោបល់របស់ភាគីនយោបាយនៅកម្ពុជា។ ជាពិសេសការឃោសនានយោបាយ អំឡុងពេលបោះឆ្នោត គឺមិនមានការរារាំងឡើយ។
 
ជាមួយគ្នានេះ សម្ដេច ស ខេង ក៏បានផ្ដាំផ្ញើទៅកាន់មន្ត្រីសាធារណៈ ដែលទទួលបានការជ្រើសតាំងពីគណបក្សនយោបាយ ត្រូវបម្រើផលប្រយោជន៍ឱ្យប្រជាពលរដ្ឋ ដោយមិនគិតពីនិន្នាការនយោបាយឡើយ។ «ក្នុងនាមជាមន្ត្រីសាធារណៈ យើងអត់ត្រូវកាន់ជើងបក្សណាមួយទេ ប៉ុន្តែបើក្នុងនាមយើងជាសមាជិកបក្ស យើងត្រូវតែកាន់ជើងគណបក្សយើង ដែលយើងកាន់។ អាហ្នឹងប្រទេសណាក៏ដូចគ្នាដែរ»។ នេះបើតាមសម្ដេច ស ខេង។
 

Tag:
 ស ខេង
  បោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com