អន្តរជាតិ
UN៖ ពលរដ្ឋអ៊ុយក្រែនជិត៣,៥លាននាក់ហើយ ភៀសខ្លួនចេញពីប្រទេស
22, Mar 2022 , 8:29 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
អង្គការសហប្រជាជាតិ (UN) ថ្ងៃទី២១ ខែមីនា អះអាងថា ប្រជាជនអ៊ុយក្រែនជិត​៣,៥លាននាក់បានភៀសខ្លួនចេញពីប្រទេសបន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែន។ UN ក៏បានកោតសរសើរដល់ប្រទេសជិតខាងអ៊ុយក្រែនដែលបង្ហាញក្តីមេត្តាទទួលយកជនភៀសខ្លួនពីអ៊ុយក្រែនទាំងនេះ។


ជិត២ខែក្រោយរុស្ស៊ីឈ្លានពានអ៊ុយក្រែន មនុស្សជាង១០លាននាក់ ដែលស្មើនឹងជាងមួយភាគបួននៃចំនួនប្រជាជន​នៅក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលអ៊ុយក្រែន បានភៀសខ្លួនចេញពីផ្ទះសម្បែង ខណៈពលរដ្ឋរាប់លាននាក់ទៀតបានភៀសខ្លួនចេញពីប្រទេស។ 
 
បើតាមទិន្នន័យពីទីភ្នាក់ងារ UN​ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) គិតត្រឹមថ្ងៃទី២១ ខែមីនា ប្រជាជនអ៊ុយក្រែនចំនួន៣,៤៨លាននាក់ បានភៀសខ្លួនចេញពីប្រទេស។

ចំនួនជនភៀសខ្លួនបានកើនឡើងជាង១០ម៉ឺននាក់បើធៀបនឹងទិន្នន័យនៅថ្ងៃទី២០​ ខែមីនា។ ក្នុងនោះ ជាង៩០ភាគរយនៃអ្នកដែលបានភៀសខ្លួនសុទ្ធសឹងជាស្ត្រី និងកុមារ ព្រោះបុរសអ៊ុយក្រែនដែលមានអាយុពី១៨​ឆ្នាំដល់៦០​ឆ្នាំ មានភារកិច្ចចូលបម្រើកងទ័ព។ បើតាមអង្គការ UNICEF កុមារជាង១,៥លាននាក់ស្ថិតក្នុងចំណោមពលរដ្ឋដែលបានភៀសខ្លួនទៅក្រៅប្រទេសទាំងនេះ។ 
 
«ក្នុងរយៈពេល៤សប្តាហ៍ចុងក្រោយនេះ ពិភពលោកបានឈរមើលរឿងដែលមិនគួរឱ្យជឿ។ ជីវិតរាប់មិនអស់ត្រូវបានបាត់បង់ ខណៈដែលជីវិតមនុស្សរាប់លាននាក់ផ្សេងទៀតកំពុងច្របូកច្របល់»។ ប្រធាន UNHCR លោក Filippo Grandi លើកឡើងបែបនេះនៅថ្ងៃទី២១ ខែមីនា។ 
 
លោក Filippo Grandi ក៏បានបន្តថា ខណៈអ៊ុយក្រែនកំពុងជួបបញ្ហា ប្រទេសជិតខាងនានាបានបង្ហាញការអាណិតអាសូរដ៏លើសលប់ និងបានឆ្លើយតបយ៉ាងសមស្របទទួលយកជនភៀសខ្លួន។ លោកបានបន្ថែមថា ប្រជាជនរាប់លាននាក់នៅជុំវិញពិភពលោក ក៏ឆ្លើយតបយ៉ាងត្រឹមត្រូវដែរចំពោះស្ថានភាពធ្ងន់ធ្ងរដែលប្រជាជនអ៊ុយក្រែនកំពុងជួបប្រទះនេះ។
 
បើតាមការប៉ាន់ប្រមាណរបស់ អង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក (IOM) មនុស្សប្រហែល ៦,៤៨លាននាក់ត្រូវបានផ្លាស់ទីលំក្នុងប្រទេសអ៊ុយក្រែន​ ខណៈជនបរទេសជាង១៨ម៉ឺននាក់ទៀតដែលបានស្នាក់នៅអ៊ុយក្រែនបានភៀសខ្លួនទៅប្រទេសជិតខាង។ លើសពីនេះ IOM ក៏បានព្រមានថាមនុស្ស​រាប់​លាន​នាក់​ទៀតនឹង​រង​ផល​ប៉ះពាល់ ​ប្រសិនបើ​សង្គ្រាម​មិនបញ្ចប់។ 
 
មុនពេលរុស្ស៊ីឈ្លានពាន អ៊ុយក្រែន មានប្រជាជនចំនួន៣៧លាននាក់នៅក្នុងតំបន់ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល។ ចំនួននេះមិនបានរាប់បញ្ចូលប្រជាជនដែលរស់នៅតំបន់គ្រីមៀ និងតំបន់បំបែកខ្លួនដែលគាំទ្ររុស្ស៊ីនៅភាគខាងកើតប្រទេសឡើយ៕
 

Tag:
 UN
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com