អន្តរជាតិ
អាម៉េរិកថា កងទ័ព​មីយ៉ាន់ម៉ាបាន​ប្រព្រឹត្តអំពើ​ប្រល័យពូជសាសន៍​លើ​ជនភាគតិច​រ៉ូហ៊ីងយ៉ា
22, Mar 2022 , 9:29 pm        
រូបភាព
អាម៉េរិកនៅថ្ងៃទី ២១ ខែមីនា ប្រកាសជាផ្លូវការថាអំពើហិង្សាលើជនជាតិរ៉ូហ៊ីងយ៉ាប្រព្រឹត្តដោយយោធាមីយ៉ាន់ម៉ា ជាអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។​ លើសពីនេះ អាម៉េរិកក៏មានព័ស្តុតាងច្បាស់លាស់ដែលបង្ហាញថារបបសឹកភូមាប៉ុនប៉ងលុបបំបាត់ជនជាតិភាគតិចមូស្លីមក្នុងប្រទេសផងដែរ។


ថ្លែងពីសារមន្ទីរ Memorial Holocaust Memorial ថ្ងៃទី ២១ ខែមីនា រដ្ឋមន្រ្តីការបរទេសអាម៉េរិក​ អាន់តូនី ប្លិងខិន បញ្ជាក់ច្បាស់ៗថា សមាជិកយោធាភូមាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា ហើយចេតនាពិតរបស់យោធាមីយ៉ាន់ម៉ាគឺហួសពីការបណ្ដេញជនជាតិភាគតិច​ តែជាការព្យាយាមបំផ្លិចបំផ្លាញជាតិសាសន៍រ៉ូហ៊ីងយ៉ាតែម្តង។ 
 
«ការវាយប្រហារប្រឆាំងនឹងជនជាតិរ៉ូហ៊ីងយ៉ា បានរីករាលដាល និងមានលក្ខណៈជាប្រព័ន្ធដែលនេះជាចំណុចសំខាន់សម្រាប់ការកំណត់ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ»។ លោក ប្លិងខិន លើកឡើងបែបនេះនៅក្នុងសុន្ទរកថារបស់ខ្លួន។ ប្រមុខការទូតអាម៉េរិករូបនេះ ក៏បានអានរឿងរ៉ាវសោកនាដកម្មរបស់ជនរងគ្រោះជនជាតិរ៉ូហ៊ីងយ៉ា ដែលត្រូវបានយោធាសម្លាប់ រំលោភបំពាន និងធ្វើទារុណកម្មធ្ងន់ធ្ងរផ្សេងទៀត។
 
លោក ប្លិងខិន បានបន្តទៀតថា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈមក យោធាភូមាបានប្រើយុទ្ធសាស្ត្រដដែល​ៗពាក់ព័ន្ធសកម្មភាពខ្លួន ហើយក្រុមយោធាបានវាយប្រហារពលរដ្ឋភូមាគ្រប់រូបដែល ប្រឆាំង ឬធ្វើឱ្យប៉ះពាល់ដល់ការគ្រប់គ្រងអំណាចរបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់នៅមីយ៉ាន់ម៉ាអាចមានសុវត្ថិភាពពីអំពើឃោរឃៅឡើយ ដរាបណាក្រុមយោធានៅបន្តកាន់អំណាច។
 
បើតាមនិយមន័យផ្លូវច្បាប់ពីអំពើប្រល័យពូជសាសន៍របស់អង្គការសហប្រជាជាតិ អំពើប្រល័យពូជសាសន៍ ជាអំពើដែលប្រព្រឹត្តដោយចេតនាដើម្បីបំផ្លាញទាំងមូល ឬមួយផ្នែកនៃក្រុមមនុស្សដោយផ្អែកលើ ជាតិសាសន៍​ ពូជសាសន៍ ឬសាសនា។ 
 
គិតមកទល់ពេលនេះ ជនជាតិរ៉ូហ៊ីងយ៉ាប្រហែល៨៥ម៉ឺននាក់កំពុងស្នាក់នៅជំរំជនភៀសខ្លួនបណ្ដោះអាសន្ននៅបង់ក្លាដែស។ យ៉ាងណាមិញ ជនជាតិរ៉ូហ៊ីងយ៉ាជាង៦០​ម៉ឺននាក់ទៀតនៅជាប់គាំងក្នុងរដ្ឋ Rakhine ដែលកំពុងរងការគាបសង្កត់យ៉ាងខ្លាំងពីកងកម្លាំងមីយ៉ាន់ម៉ា៕
 

Tag:
 អាម៉េរិក
  មីយ៉ាន់ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com