កីឡាអន្តរជាតិ
អន្តរជាតិ
លោក Van Gaal រិះគន់ World Cup នៅកាតាជារឿងគួរឱ្យអស់សំណើច
23, Mar 2022 , 8:29 am        
រូបភាព
អតីតអ្នកចាត់ការក្រុម Ajax Amsterdam និងបិសាចក្រហម Manchester United លោក Louis van Gaal នៅថ្ងៃទី២២ ខែមីនា បានបង្ហាញអារម្មណ៍មិនពេញចិត្ត ចំពោះការប្រកួតពានរង្វាន់ World Cup 2022 ដែលកាតាជាម្ចាស់ផ្ទះ។



លោក van Gaal ដែលសព្វថ្ងៃជាគ្រូបង្វឹកក្រុមហូឡង់និយាយថា ការប្រកួតព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ជារឿងគួរឱ្យអស់សំណើច។ គ្រូបង្វឹកហូឡង់រូបនេះ ក៏បានចោទប្រកាន់សហព័ន្ធកីឡាបាល់ទាត់ពិភពលោក (FIFA) ថា គិតតែពីលុយ និងពាណិជ្ជកម្ម។
 
«ខ្ញុំធ្លាប់បាននិយាយប្រាប់សន្និសីទកាលពីមុនៗរួចមកហើយ ខ្ញុំគិតថា វាជារឿងដ៏គួរឱ្យអស់សំណើច ដែល World Cup នឹងត្រូវធ្វើនៅទីនោះ។ យើងនឹងត្រូវលេងនៅក្នុងប្រទេស ដែលយើងត្រូវជួយអភិវឌ្ឍបាល់ទាត់ទីនោះ»។ លោក van Gaal និយាយប្រាប់អ្នកកាសែតបែបនេះ ក្នុងសន្និសីទសារព័ត៌មានមួយ។
 
គ្រូបង្វឹកវ័យ៧០ឆ្នាំ ក៏បានចោទ FIFA ចំពោះការប្រកួតនៅប្រទេសកាតាថា ធ្វើឡើងដើម្បីតែលុយ និងទាក់ទាញផ្នែកពាណិជ្ជកម្ម តាមតែផលប្រយោជន៍របស់ខ្លួន។ 
 
អំឡុងការប្រកួតជម្រុះកាលពីឆ្នាំ២០២១ កីឡាករហូឡង់ អាល្លឺម៉ង់ និងន័រវែស បានពាក់អាវបង្ហាញពីការព្រួយបារម្ភ ផ្នែកសិទ្ធិមនុស្សកាតាផងដែរ។ បើតាមការផ្សាយរបស់កាសែត The Guardian មកដល់ពេលនេះ ពលករចំណាកស្រុកដែលសាងសង់កីឡដ្ឋាននៅកាតាប្រមាណ ៦ ៥០០នាក់ បានស្លាប់។
 
លោក Van Gaal នឹងដឹកនាំក្រុមជម្រើសជាតិហូឡង់ ទទួលស្វាគមន៍ក្រុមជម្រើសជាតិដាណឺម៉ាក នាកីឡដ្ឋាន Johan Cruyff Arena នៅថ្ងៃទី២៦ ខាងមុខនេះ ហើយនឹងត្រូវជួបក្រុមជម្រើសជាតិអាល្លឺម៉ង នៅ៤ថ្ងៃបន្ទាប់៕
 

Tag:
 ​ Louis Van Gaal
  World Cup 2022
© រក្សាសិទ្ធិដោយ thmeythmey.com