កីឡាអន្តរជាតិ
អន្តរជាតិ
សហព័ន្ធបាល់ទាត់អង់គ្លេស កំពុងពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីរកផ្លូវឱ្យអ្នកគាំទ្រ Chelsea មើលការប្រកួត FA Cup បាន
23, Mar 2022 , 9:29 am        
រូបភាព
សហព័ន្ធបាល់ទាត់អង់គ្លេស (FA) នាថ្ងៃទី២២ ខែមីនា បានបង្ហាញពីបំណង​ធ្វើការងារជាមួយរដ្ឋាភិបាលអង់គ្លេស ក្នុងការលក់សំបុត្រទៅកាន់អ្នកគាំទ្រ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ FA Cup។



ក្លិបតោខៀវ Chelsea កំពុងតែដោះស្រាយបញ្ហាជាមួយរដ្ឋាភិបាលអង់គ្លេស ក្រោយរងផលប៉ះពាល់ ពីទណ្ឌកម្មលើម្ចាស់ក្លិប លោក Roman Abramovich ដែលជាមហាសេដ្ឋីរុស្ស៊ី។ រដ្ឋាភិបាលអង់គ្លេស បានផ្តល់នូវអាជ្ញាប័ណ្ណពិសេស ដល់ក្រុមតោខៀវ សម្រាប់ការបន្តប្រកួត និងបើកប្រាក់បៀវត្ស៍ទៅកាន់បុគ្គលិក ប៉ុន្តែមិនឱ្យលក់សំបុត្រចូលទស្សនាឡើយ។
 
សំណួរមួយត្រូវបានចោទសួរ ទៅកាន់សហព័ន្ធបាល់ទាត់អង់គ្លេសថា តើអ្នកគាំទ្រ Chelsea អាចចូលទស្សនាការប្រកួត ទល់នឹងក្រុម​ Crystal Palace បានដែរទេ? ឆ្លើយតបសំណួរ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលប្រកាសដោយ FA បានបញ្ជាក់ថា សហព័ន្ធកំពុងតែធ្វើការងារជាមួយរដ្ឋាភិបាល ដើម្បីពិភាក្សាអំពីបញ្ហានេះ ។
 
«យើងសង្ឃឹមថា នឹងអាចមានអ្នកគាំទ្រច្រើននាក់ ចូលទស្សនាការប្រកួតរវាងក្រុមទាំងពីរ នូវពានរង្វាន់ FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនាកីឡដ្ឋាន​ Wembley។ ក្នុងនោះ ក៏នឹងមានការលក់សំបុត្រ សម្រាប់អ្នកគាំទ្រ Chelsea ប្រកួតទល់ Crystal Palace ហើយយើងកំពុងធ្វើការលើរឿងនេះ»។ នេះបើតាមសេចក្តីថ្លែងការណ៍ពី FA។
 
ក្រោយទទួលបានដំណឹងពីសំណាក់ FA បែបនេះ ក្រុម Chelsea បានបង្ហាញជំហគាំទ្រយ៉ាងខ្លាំង ចំពោះការខិតខំរបស់ FA ក្នុងដោះស្រាយបញ្ហាឱ្យក្លិបពេលនេះ។
 
ការប្រកួតពានរង្វាន់ FA Cup រវាងក្រុមតោខៀវ Chelsea និងក្រុម Crystal Palace នាថ្ងៃទី ១៦ ខែមេសាខាងមុខ នាកីឡដ្ឋាន Wembley Stadium៕
 

Tag:
 FA Cup
  Chelsea
© រក្សាសិទ្ធិដោយ thmeythmey.com