អន្តរជាតិ
ស្រីលង្កា ពង្រាយទាហានតាមស្ថានីយ៍ប្រេង ខណៈប្រជាជនតវ៉ារឿងខ្វះប្រេង
22, Mar 2022 , 10:29 pm        
រូបភាព
យោធាស្រីលង្កា ឈរយាមនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង។ រូបថត AFP
យោធាស្រីលង្កា ឈរយាមនៅស្ថានីយ៍ប្រេងឥន្ធនៈមួយកន្លែង។ រូបថត AFP
ដោយ:
ស្រីលង្កា នៅថ្ងៃទី២២ ខែមីនា បានពង្រាយកងទ័ពនៅតាមស្ថានីយ៍ប្រេងឥន្ធនៈ ស្របពេលប្រជាជនតវ៉ាដោយសារបញ្ហាខ្វះប្រេងធ្ងន់ធ្ងរ។ អស់ពេលច្រើនសប្តាហ៍ អ្នកបើកបរយានយន្តរាប់ពាន់នាក់​ បានបន្តតម្រង់ជួរជារៀងរាល់ថ្ងៃដើម្បីរង់ចាំចាក់ប្រេងអំឡុងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់។


ស្រីលង្កា ដែលជាប្រទេសកោះមួយស្ថិតនៅអាស៊ីខាងត្បូង កំពុងប្រឈមនឹងវិបត្តិសេដ្ឋកិច្ចដ៏អាក្រក់បំផុតចាប់តាំងពីទទួលបានឯករាជ្យប្រទេសនៅឆ្នាំ១៩៤៨មក ដោយសារកង្វះលំហូររូបិយប័ណ្ណបរទេសដែលបណ្តាលឱ្យអ្នកជំនួញមិនអាចផ្គត់ផ្គង់ការនាំចូលបាន។ បច្ចុប្បន្ន ប្រជាជនស្ថិតក្នុងប្រទេសនេះ កំពុងទទួលរងបញ្ហាដាច់ចរន្តអគ្គិសនី ​និងកង្វះការផ្គត់ផ្គង់ទំនិញចាំបាច់ ម្ហូបអាហារ និងហ្គាសសម្រាប់ចម្អិនអាហារប្រចាំថ្ងៃជាដើម។
 
ជាមួយគ្នានេះ ​ទាហាន ក៏ត្រូវបានដាក់ពង្រាយតាមស្ថានីយ៍ប្រេងឥន្ធនៈ ក្រោយពីប្រជាជនប្រមូលផ្តុំគ្នាយ៉ាងខ្នាន់ខ្នាប់បិទផ្លូវដ៏មមាញឹកមួយក្នុងទីក្រុងកូឡុំបូអស់ជាច្រើនម៉ោងព្រោះមិនអាចទិញប្រេងកាតបាន។ តម្រូវការប្រើប្រាស់ប្រេងកាត បានហក់ឡើងខ្លាំង ក្រោយពីប្រជាជនដែលមានប្រាក់ចំណូលទាបចាប់ផ្តើមផ្លាស់ប្តូរការប្រើប្រាស់ហ្គាសសម្រាប់ចម្អិនម្ហូបទៅជាប្រេងកាតជំនួយវិញ បន្ទាប់ពីតម្លៃហ្គាសឡើងខ្ពស់។
 
«កំហឹងកាន់តែពុះឡើងខ្លាំង ខណៈប្រជាជនតម្រង់ជួរចាំទិញប្រេងកាន់តែវែង។» មន្រ្តីការពារជាតិជាន់ខ្ពស់ម្នាក់ បានអះអាងបែបនេះទៅកាន់ទីភ្នាក់ងារ​ AFP ហើយពន្យល់ការសម្រេចចិត្តពង្រាយយោធាថាធ្វើឡើងដើម្បីជួយពង្រឹងកម្លាំងប៉ូលិស និងទប់ស្កាត់ចលនាបះបោរបន្ថែម។ ចំណាត់ការនេះដែរលេចឡើង ក្រោយពីមានឃាតកម្មចាក់សម្លាប់អ្នកបើកបរម៉ូតូដោយអ្នកបើកបរម្នាក់ទៀតដោយសារជម្លោះនៅកន្លែងតម្រង់ជួរដ៏វែងអន្លាយដើម្បីចាក់សាំង។
 
កាលពីថ្ងៃទី១៩ ខែមីនា មនុស្សចាស់ចំនួន៣នាក់ បានស្លាប់ភ្លាមៗនៅពេលកំពុងតម្រង់ជួរ​ទិញប្រេង ខណៈមនុស្សជាច្រើនផ្សេងទៀត បានបោះតង់ពេញមួយយប់នៅស្ថានីយ៍ប្រេងឥន្ធនៈតែម្តងដើម្បីរង់ចាំទិញប្រេងម៉ាស៊ូត និងសាំង។
 
​ទន្ទឹមគ្នានេះ ទាហានរាប់សិបនាក់ ក៏ត្រូវបានដាក់ពង្រាយនៅស្ថានីយ៍បូមប្រេង Ceylon Petroleum Corp ​ដែលកាន់កាប់ដោយរដ្ឋ ហើយទទួលបន្ទុកចែកចាយប្រេងទៅកាន់ស្ថានីយ៍ប្រមាណ២ភាគ៣នៅស្រីលង្កា។
 
លើសពីនេះ ការិយាល័យរបស់ប្រធានាធិបតីស្រីលង្កា ​ Gotabaya Rajapaksa ក៏បានប្រកាសពីកិច្ចប្រជុំជាមួយគណបក្សនយោបាយទាំងអស់នៅថ្ងៃទី២៣ខែមីនា ដើម្បីពិភាក្សានិងរកដំណោះស្រាយពីវបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរក្នុងប្រទេស។ ប៉ុន្តែ​ក្រុមគណបក្សប្រឆាំង បាននិយាយថា ពួកគេគ្រោងនឹងធ្វើពហិការកិច្ចប្រជុំនេះ៕
 
 
 
 

Tag:
 ស្រីលង្កា
© រក្សាសិទ្ធិដោយ thmeythmey.com