អន្តរជាតិ
ជប៉ុនតវ៉ា បន្ទាប់ពីរុស្ស៊ីដកខ្លួនចេញពីកិច្ចចរចាសន្ធិសញ្ញាសន្តិភាព ដោយសារទណ្ឌកម្ម
22, Mar 2022 , 5:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ។ រូបភាព៖ AFP
នាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ។ រូបភាព៖ AFP
ក្រសួងការបរទេសរុស្ស៊ី នៅថ្ងៃទី២១ ខែមីនា បានអះអាងថា ខ្លួននឹងដកខ្លួនចេញពីកិច្ចចរចាសន្ធិសញ្ញាសន្តិភាពជាមួយជប៉ុន បន្ទាប់ពីក្រុងតូក្យូ បានដាក់ទណ្ឌកម្មលើក្រុងមូស្គូ។ ភ្លាមៗ ជប៉ុន ក៏ដាក់ការតវ៉ា និងចាត់ទុកជារឿង ដែលមិនអាចទទួលយកបាន។

 
បន្ទាប់ពីសង្រ្គាមលោកលើកទីពីរបានបញ្ចប់ ជប៉ុន និងរុស្ស៊ី មិនមានកិច្ចព្រមព្រៀងសន្តិភាពឡើយដោយសារតែនៅទាស់គ្នារឿងជម្លោះជុំវិញប្រជុំកោះ Kuril។ ប្រជុំកោះKuril នេះ ត្រូវបានសហភាពសូវៀតគ្រប់គ្រង ក្រោយសង្រ្គាមលោកលើកទីពីរ។ យ៉ាងណាមិញ រុស្ស៊ី បានប្រកាសដើរចេញពីកិច្ចចរចាជាមួយជប៉ុន បន្ទាប់ពីក្រុងតូក្យូ បានដាក់ទណ្ឌកម្មជាច្រើនលើក្រុងមូស្គូជុំវិញការឈ្លានពានលើអ៊ុយក្រែន។ 
 
«ស្ថិតក្រោមស្ថានភាពបច្ចុប្បន្ន រុស្ស៊ី មិនមានបំណងចរចាជាមួយជប៉ុនលើសន្ធិសញ្ញាសន្តិភាពឡើយ»។ ក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់បែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២១ ខែមីនា ដោយបន្ថែមថា ក្រុងតូក្យូ បានប៉ុនប៉ងបំផ្លាញផលប្រយោជន៍របស់ក្រុងមូស្គូ។ មិនតែប៉ុណ្ណោះ រុស្ស៊ី នឹងបញ្ចប់ការធ្វើដំណើរដោយមិនត្រូវការទិដ្ឋាការមកប្រជុំកោះ Kuril ថែមទៀត។
 
ក្រៅពីបញ្ហានេះ រុស្ស៊ីគ្រោងដើរចេញពីកិច្ចពិភាក្សាលើសកម្មភាពសេដ្ឋកិច្ចរួមគ្នានៅលើកោះ Kuril  និងមិនចាត់ទុកជប៉ុនជាដៃគូនៅក្នុងគម្រោងសហប្រតិបត្តិការសេដ្ឋកិច្ចសមុទ្រខ្មៅថែមទៀត។ ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ រុស្ស៊ីបានអះអាងថា ជប៉ុន បានអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ី ដែលធ្វើឱ្យទំនាក់ទំនងទ្វេភាគី ត្រូវធ្លាក់ចុះ។ 
 
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបែបនេះ បានធ្វើឱ្យនាយករដ្ឋមន្រ្តីជប៉ុន លោក គីស៊ីដា ហ្វូមីអូ ផ្ទុះកំហឹងយ៉ាងខ្លាំង។ ក្នុងកិច្ចប្រជុំគណៈកម្មាធិការហិរញ្ញវត្ថុរបស់សភាជាន់ខ្ពស់នៅថ្ងៃទី២២ ខែមីនា លោក គីស៊ីដា បានសង្កត់ធ្ងន់ថា ការប្រកាសរបស់រុស្ស៊ី ជារឿងមិនយុត្តិធម៌ និងមិនអាចទទួលយកបាន។ 
 
«ជប៉ុន នឹងដាក់ការតវ៉ាដ៏ខ្លាំងមួយ»។ ប្រមុខរដ្ឋាភិបាលជប៉ុន បានបញ្ជាក់បែបនេះ។ តបទៅកាន់រុស្ស៊ី ដែលចោទថាខ្លួនធ្វើឱ្យទំនាក់ទំនងទ្វេភាគីល្អក់កករ លោក គីស៊ីដា បានបន្តថា ជាការពិត ការថយចុះនៃទំនាក់ទំនងប្រទេសទាំងពីរ បានបង្កដោយរុស្ស៊ីឈ្លានពានលើអ៊ុយក្រែន ហើយជប៉ុនមិនអាចទទួលយករឿងបែបនេះបានទេ។  
 
បើតាមមេដឹកនាំរូបនេះ ជប៉ុន នៅតែបន្តដោះស្រាយបញ្ហាជម្លោះដែនដីជាមួយរុស្ស៊ី និងបង្កើតសន្ធិសញ្ញាសន្តិភាពដោយគ្មានការប្រែប្រួល។ ក្រោមសេចក្តីថ្លែងការណ៍រួមឆ្នាំ ១៩៥៦ សហភាពសូវៀត បានឯកភាពផ្តល់ដែនកោះចំនួនពីរដែលស្ថិតនៅប្រជុំកោះ Kuril មកជប៉ុនវិញ លុះត្រាតែភាគីទាំងពីរ ចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។ 
 
ក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី២២ ខែមីនា ប្រធានលេខាធិការគណរដ្ឋមន្ត្រីជប៉ុន លោក Hirokazu Matsuno បានអះអាងថា ជប៉ុនបានដាក់ការតវ៉ារួចហើយ ជាមួយអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងតូក្យូ ជុំវិញការដកខ្លួនចេញពីកិច្ចចរចា៕ 
 

Tag:
 ជប៉ុន
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com