អន្តរជាតិ
សភាជប៉ុន អនុម័តកញ្ចប់ថវិកាទំហំ៨៩០ពាន់លានដុល្លារសម្រាប់ចំណាយឆ្នាំ២០២២
22, Mar 2022 , 6:39 pm        
រូបភាព
រូបភាព៖ the Japan Times
រូបភាព៖ the Japan Times
សភាជាន់ខ្ពស់ជប៉ុន នៅថ្ងៃទី២២ ខែមីនា បានអនុម័តកញ្ចប់ថវិកាទំហំ ៨៩០ពាន់លានដុល្លារ (១០៧,៦០ទ្រីលាន យេន)សម្រាប់ចំណាយក្នុងឆ្នាំ២០២២។ ទំហំថវិកាដ៏ច្រើនក្នុងរយៈពេល ១០ឆ្នាំជាប់ៗគ្នានេះ ផ្តោតលើបញ្ហាជំងឺកូវីដ-១៩ បញ្ហាសន្តិសុខ និងការការពារជាតិ។

 
សភាជាន់ខ្ពស់ជប៉ុន នៅថ្ងៃទី២២ ខែមីនា បានអនុម័តកញ្ចប់ថវិកាប្រចាំឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែមេសា បន្ទាប់ពីសភាជាន់ទាប បានអនុម័តកាលពីចុងខែកុម្ភៈ កន្លងទៅ។ សមាជិកបក្សប្រឆាំង ដែលមានសំឡេងភាគតិចក្នុងសភា ក៏បានបោះឆ្នោតគាំទ្រកញ្ចប់ថវិកាសម្រាប់ចំណាយឆ្នាំ ២០២២ ដែរ។ 
 
កញ្ចប់ថវិកា ដែលមានទំហំ ៨៩០ពាន់លានដុល្លារនេះ ដែលជាចំនួនដ៏ច្រើន ក្នុងរយៈពេល ១០ឆ្នាំជាប់ៗគ្នានេះ ត្រូវបានបែងចែកលើបញ្ហាសន្តិសុខសង្គម ការការពារជាតិ ជំងឺកូវីដ-១៩ និងការកាត់បន្ថយតម្លៃប្រេង។ កញ្ចប់ថវិកានៅក្នុងឆ្នាំ២០២១ មានទំហំ ៨៨២ពាន់លានដុល្លារ (១០៦,៦១ទ្រីលានយេន)។
 
ក្នុងការចំណាយឆ្នាំ២០២២ នេះ ជប៉ុន បានបែងចែកថវិកាជាង៣០០ពាន់លានដុល្លារ សម្រាប់បញ្ហាសន្តិសុខសង្គម ដូចជាការកើនឡើងនៃមនុស្សចាស់។ នៅក្នុងឆ្នាំ២០២១ កញ្ចប់ថវិកាសម្រាប់បញ្ហាសន្តិសុខសង្គមមានចំនួនជាង ២៩៦ពាន់លានដុល្លារ។ 
 
ស្របគ្នានេះ ជប៉ុន បានកំណត់ថវិកាចំនួនជាង ៤៤ពាន់លានដុល្លារ លើវិស័យការពារជាតិ ក៏ដូចជាអភិវឌ្ឍបច្ចេកវិទ្យាយោធាថ្មីៗ ក្នុងគោលបំណងឆ្លើយតបនឹងការពង្រីកឥទ្ធិពលរបស់ចិន ក៏ដូចជាប្រឆាំងនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ ទន្ទឹមនេះ កញ្ចប់ថវិកាជាង ៤១ ពាន់លានដុល្លារ ត្រូវបានទុកក្នុងមូលនិធិបម្រុង។ 
 
ទន្ទឹមនេះ ជប៉ុន នឹងលក់ប័ណ្ណបំណុលរដ្ឋាភិបាល ក្នុងទំហំជាង ៣០០ពាន់លានដុល្លារ ដោយថយចុះពីចំនួន ៣៦១ ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២១ ៕ 
 

Tag:
 ជប៉ុន
  សភា
© រក្សាសិទ្ធិដោយ thmeythmey.com