អន្តរជាតិ
ប្រមុខអង្គការសហប្រជាជាតិ៖ សង្គ្រាមអ៊ុយក្រែន-រុស្ស៊ី គ្មានអ្នកឈ្នះ អ្នកចាញ់ឡើយ
23, Mar 2022 , 10:29 am        
រូបភាព
ប្រមុខអង្គការសហប្រជាជាតិ  លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ Xinhua
ប្រមុខអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស។ រូបភាព៖ Xinhua
ប្រមុខអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី២២ ខែមីនា បានលើកឡើងថា សង្រ្គាមអ៊ុយក្រែន-រុស្ស៊ី គ្មានអ្នកឈ្នះឡើយ ហើយក្នុងពេលឆាប់ៗខាងមុខ វានឹងប្តូរពីការប្រយុទ្ធគ្នា ទៅជាការចរចាប្រកបដោយសន្តិភាព។ បើតាមអគ្គលេខាធិការអង្គការសហប្រជាជាតិ សង្រ្គាមត្រូវតែបញ្ឈប់ ដើម្បីបញ្ចៀសផលវិបាក និងការខូចខាតជាច្រើន។ ​

 
មកទល់ពេលនេះ រុស្ស៊ី នៅតែបន្តវាយប្រហារលើអ៊ុយក្រែន។ ក្នុងសង្រ្គាមមួយនេះ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងយោធាជាច្រើន ត្រូវបានបំផ្លាញ ខណៈប្រជាជនស៊ីវិលយ៉ាងហោចណាស់ ៧០០នាក់ បានបាត់បង់ជីវិត។ មិនតែប៉ុណ្ណោះ ប្រជាជនចំនួនជាង ៣,៥លាននាក់ បានចាកចេញពីប្រទេសថែមទៀត។ 
 
ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់យ៉ាងច្បាស់ថា វាគ្រប់គ្រាន់ហើយក្នុងការអនុវត្តបទឈប់បាញ់ និងងាកមកចាប់ផ្តើមកិច្ចចរចា ដើម្បីបង្ការការបំផ្លាញទីក្រុងធំៗ។ 
 
«សង្រ្គាមនេះ គ្មានអ្នកឈ្នះឡើយ»។ ប្រមុខអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅក្រៅកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ក្នុងថ្ងៃទី២២ ខែមីនា ដោយបន្ថែមថា មិនយូរមិនឆាប់ សង្រ្គាមមួយនេះ នឹងប្តូរពីការប្រយុទ្ធគ្នា ទៅជាការចរចាប្រកបដោយសន្តិភាព។ បើតាមលោក ហ្គូតេរ៉េស ការចរចាមិនអាចចៀសផុតបានឡើយ។
 
ទន្ទឹមនេះ លោក ហ្គូតេរ៉េស បានបញ្ជាក់ថា ការបន្តប្រយុទ្ធគ្នា​ គឺជារឿងមិនអាចទទួលយកបាន និងមិនសមហេតុផលទាល់តែសោះ។ ប្រមុខដឹកនាំអង្គការសហប្រជាជាតិរូបនេះ បានចោទជាសំណួរថា តើការវាយប្រហារ និងការហ៊ុមព័ទ្ធក្រុង Mariupol បានផ្តល់ប្រយោជន៍បែបណា។ បើទោះក្រុង Mariupol ត្រូវរុស្ស៊ីដណ្តើមបាន រុស្ស៊ី មិនគួរវាយប្រហារអ៊ុយក្រែនពីក្រុងមួយទៅក្រុងមួយ ពីផ្លូវមួយទៅផ្លូវមួយ និងពីផ្ទះមួយទៅផ្ទះមួយទេ។ 
 
ក្នុងសន្និសីទសារព័ត៌មានដដែល លោក ហ្គូតេរ៉េស ក៏បានលើកឡើងផងដែរពីផលលំបាករបស់ប្រជាជនអ៊ុយក្រែន ខណៈតម្លៃថាមពល អាហារ និងជី កំពុងកើនឡើង។ 
 
នៅថ្ងៃដដែលនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំបិទទ្វារមួយជុំវិញអាវុធជីវសាស្រ្តនៅអ៊ុយក្រែន ដែលត្រូវបានរុស្ស៊ីអះអាងថា យោធាខ្លួនបានរកឃើញនាពេលកន្លងមក។ ជំនួបក្រុមប្រឹក្សាសន្តិសុខចុងក្រោយនេះ ធ្វើឡើងក្រោយ មានការធ្លាយសារធាតុអាម៉ូញាក់នៅក្នុងទីក្រុង Sumy។ តំណាងរុស្ស៊ី បានបន្ទោសការធ្លាយចេញសារធាតុគីមីប្រភេទនេះ បង្កដោយក្រុមជាតិនិយមអ៊ុយក្រែន។ យ៉ាងណាមិញ វាត្រូវបានអាម៉េរិក និងអង់គ្លេសបដិសេធ។ 
 
នៅក្នុងកិច្ចប្រជុំ លោក Dmitry Polyanskiy អគ្គរដ្ឋទូតរងរបស់រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ បានថ្លែងថា យោធារុស្ស៊ី មិនមានចេតនាវាយប្រហារលើឃ្លាំងស្តុកសារធាតុវិទ្យុសកម្មរបស់អ៊ុយក្រែនឡើយ ប៉ុន្តែក្រុមជាតិនិយមអ៊ុយក្រែនទៅវិញទេ ដែលត្រូវបានលើកទឹកចិត្តដោយបស្ចិមប្រទេស ប្រើល្បិចវាយប្រហារ និងទម្លាក់កំហុសដាក់រុស្ស៊ី។ 
 
ជាការឆ្លើយតប តំណាងអាម៉េរិកប្រចាំនៅអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ី និងចាត់ទុកជារឿងមិនសមហេតុផល។ បើតាមប្រេសិតអាម៉េរិករូបនេះ វាគ្រាន់តែជាលេសរបស់រុស្ស៊ីដើម្បីប្រើប្រាស់អាវុធជីវសាស្រ្តប៉ុណ្ណោះ។ 
 
ទាក់ទិននឹងអាវុធជីវសាស្រ្ត ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន មុនពេលចូលរួមវេទិកា Business Roundtable នៅថ្ងៃទី២២ ខែមីនា បានលើកឡើងថា រុស្ស៊ីបានប្រតិដ្ឋថា អាម៉េរិក មានអាវុធជីវសាស្រ្ត និងអាវុធគីមី នៅអឺរ៉ុប ប៉ុន្តែវាមិនមែនជារឿងពិតឡើយ។ បើតាមលោកបៃឌិន លោកអាចធានាពីបញ្ហានេះបាន។ 
 
មិនតែប៉ុណ្ណោះ លោកបៃឌិន បានអះអាងថា ការចោទប្រកាន់របស់រុស្ស៊ីលើអ៊ុយក្រែនទាក់ទិននឹងអាវុធជីវសាស្រ្ត រួមទាំងអាវុធគីមី គឺគ្រាន់តែជាសញ្ញាដែលក្រុងមូស្គូពិចារណាចង់ប្រើអាវុធទាំងពីរប្រភេទនោះប៉ុណ្ណោះ៕ 
 
 

Tag:
 UN
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com