អន្តរជាតិ
វិមានក្រេមឡាំង៖ រុស្ស៊ីនឹងប្រើអាវុធនុយក្លេអ៊ែរ ប្រសិនប្រទេសត្រូវបានគំរាម
23, Mar 2022 , 11:59 am        
រូបភាព
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបជាមួយមន្រ្តីយោធានាពេលកន្លងមក។ រូបថត Xinhua
ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន នាជំនួបជាមួយមន្រ្តីយោធានាពេលកន្លងមក។ រូបថត Xinhua
អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov ក្នុងបទសម្ភាសមួយជាមួយទូរទស្សន៍ CNN នៅថ្ងៃទី២២ ខែមីនា អះអាងថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ីអនុញ្ញាតឱ្យរុស្ស៊ីប្រើប្រាស់អាវុធនុយក្លេអ៊ែរ ក្នុងករណីដែលឫសគល់ជាប្រទេសរបស់រុស្ស៊ីត្រូវបានគំរាម។


សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ដែលបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ បានឈានចូលសប្តាហ៍ទី៤ហើយ។​ ជិតមួយខែមកនេះ រុស្ស៊ីបានវាយប្រហារលើអ៊ុយក្រែនឥតឈប់ឈរដោយឡោមព័ទ្ធបានទីក្រុងមួយចំនួន។ កន្លងមក ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ក៏បញ្ជាឱ្យកម្លាំងនុយក្លេអ៊ែររុស្ស៊ីត្រៀមប្រុងជើងការកម្រិតខ្ពស់ ដែលការណ៍ធ្វើឱ្យលោកខាងលិចបារម្ភថា រុស្ស៊ីអាចប្រើអាវុធប្រល័យលោកនេះមិនខាន។
 
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CNN នៅថ្ងៃទី២២ ខែមីនា អ្នកនាំពាក្យវិមានក្រេមឡាំង Dmitry Peskov ត្រូវបានសួរទាក់ទងនឹងការសម្រេចចិត្តរបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន លើការប្រើប្រាស់អាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែន។ 
 
«យើងមានគោលនយោបាយសន្តិសុខក្នុងស្រុក ហើយវាត្រូវបានផ្សព្វផ្សាយសាធារណៈអស់ហើយ។ អ្នកអាចអានហេតុផលទាំងអស់សម្រាប់ការប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ ដូច្នេះប្រសិនបើរុស្ស៊ីត្រូវបានគំរាម នោះអាវុធនុយក្លេអ៊ែរអាចត្រូវបានប្រើប្រាស់ស្របតាមតម្រូវការយើង»។ លោក Peskov លើកឡើងបែបនេះ។ 
 
កាលពីខែមុន លោក ពូទីន បានបញ្ជាឱ្យកងកម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ី​ស្ថិតក្នុងការត្រៀមខ្លួនឱ្យបានរួចរាល់។ បើយោងតាមទីភ្នាក់ងារព័ត៌មាន Interfax ក្រសួងការពារជាតិរុស្ស៊ីនៅចុងខែមុន ក៏បានលើកឡើងថា កងកម្លាំងមីស៊ីលនុយក្លេអ៊ែរ និងកងនាវាចរណ៍តំបន់ខាងជើង និងប៉ាស៊ីហ្វិកត្រូវបានត្រៀមខ្លួនរួចរាល់ក្នុងការប្រយុទ្ធផងដែរ។ 
 
ការអត្ថាធិប្បាយរបស់លោក Peskov នេះ ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាម៉េរិក ចូ​ បៃឌិន បានព្រមានថា លោក ពូទីន កំពុងពិចារណាប្រើប្រាស់អាវុធគីមី និងជីវសាស្រ្តលើអ៊ុយក្រែន ខណៈដែលលោកបានពណ៌នាអំពីយុទ្ធសាស្ត្ររបស់ទីក្រុងមូស្គូថាកាន់តែឃោរឃៅឡើងទៀតផង៕
 

Tag:
 រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com