អន្តរជាតិ
អ៊ុយក្រែន ជំរុញឱ្យចិនដើរតួសកម្មដើម្បីបញ្ឈប់សង្គ្រាម និងធ្វើជាអ្នកការពារសន្តិសុខនៅពេលខាងមុខ
23, Mar 2022 , 2:10 pm        
រូបភាព
ប្រធានាធិបតីចិន ស៊ី ជិនភីង ។ រូបថត Xinhua
ប្រធានាធិបតីចិន ស៊ី ជិនភីង ។ រូបថត Xinhua
ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន Andriy Yermak នៅថ្ងៃទី២២ ខែមីនា លើកឡើងថា អ៊ុយក្រែនចង់ឱ្យចិនដើរតួសកម្មជាងបច្ចុប្បន្នដើម្បីចូលរួមដោះស្រាយសង្គ្រាម​ដែល​បង្កឡើង​ដោយ​រុស្ស៊ី។​ បន្ថែមពីនេះ លោក Yermak ក៏សង្ឃឹមថា ចិននឹងបំពេញតួនាទីជាអ្នក​ការពារ​សន្តិសុខ​អ៊ុយក្រែន​នៅពេលអនាគតក្រោមប្រព័ន្ធសន្តិសុខសកលផងដែរ។

 
ផ្ទុយពីលោកខាងលិច ចិនមិនបានថ្កោលទោសប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន ហើយក៏​គាំទ្រហេតុផលរុស្ស៊ីក្នុងការការពារសន្តិសុខតាមព្រំដែនជាមួយអ៊ុយក្រែនផងដែរ។ លើសពីនេះ ចិ​ន​ក៏​បានរិះគន់សម្ព័ន្ធយោធាណាតូថា​ ជាមេបង្ករឿងដោយសារតែចង់ពង្រី​កសមាជិក​សម្ព័ន្ធ​យោធា​ទៅ​កាន់​តំបន់អឺរ៉ុបខាងកើតដែលរុស្ស៊ីចាត់ទុកជាបន្ទាត់ក្រហមថែមទៀត។ ប៉ុន្តែក្រុងប៉េកាំងធ្លាប់បាន​បញ្ជា​ក់​ជំហរថា នឹងគោរពបូរណភាពទឹកដីអ៊ុយក្រែន ហើយក៏គាំទ្រការដោះស្រាយ​បញ្ហា​តាមកា​រទូតផង។
 
ខណៈសង្គ្រាមនៅតែបន្ត ហើយទណ្ឌកម្មលោកខាងលិចទំនងជាមិនអាចបញ្ឈប់ការឈ្លានពាន​របស់​រុស្ស៊ី ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីអ៊ុយក្រែន Andriy Yermak ចង់ឱ្យចិនបង្កើនតួនាទីរបស់ខ្លួនថែមទៀត។ លោក Yermak អះអាង អ៊ុយក្រែន​សង្ឃឹម​ឱ្យ​មានកិច្ចសន្ទនាឆាប់ៗនេះ​រវាង​មេដឹកនាំ​អ៊ុយក្រែន និងប្រធានាធិបតីចិន ស៊ី ជិនភីង។ 
 
«រហូតមកដល់ពេលនេះ ពួកយើងបានឃើញជំហរអព្យាក្រឹតរបស់ចិន។ ហើយដូចដែលខ្ញុំ បាននិយាយ​ពីមុនមក ពួកយើងជឿថា ចិនគួរតែដើរតួនាទីគួរឱ្យកត់សម្គាល់បន្ថែមទៀតក្នុងការបញ្ឈប់សង្រ្គាម និងការកសាងប្រព័ន្ធសន្តិសុខពិភពលោកថ្មីមួយ»។ លោក Yermak បានលើកឡើងបែបនេះអំឡុង សន្និសីទកាសែតតាមប្រព័ន្ធអនឡាញរៀបចំដោយស្ថាប័ន Chatham House ។
 
ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនរូបនេះ បង្ហាញក្ដីរំពឹងទៀតថា ក្រុងប៉េកាំងនឹងរួម​ចំណែក​យ៉ាងសំខាន់​ចំពោះប្រព័ន្ធសន្តិសុខថ្មីសម្រាប់អ៊ុយក្រែន ហើយចិនក៏​អាចនឹងក្លាយជាអ្នកធានាសន្តិសុខអ៊ុយក្រែន​ក្រោមក្របខ័ណ្ឌនៃប្រព័ន្ធសន្តិសុខសកល។ លោក Yermak ក៏បានសង្កត់ធ្ងន់ថា ខណៈ​អ៊ុយក្រែន​គោរពចិនចំពោះការសម្រេចចិត្តកន្លងមក អ៊ុយក្រែនក៏នៅតែសង្ឃឹមថា​ក្រុងប៉េកាំង​នឹងសម្រេច​ចិត្ត​ដើរ​តួនាទីឱ្យបានសកម្មក្នុងវិបត្តិមួយនេះ​៕
 

Tag:
 អ៊ុយក្រែន
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com