ជាតិ
រដ្ឋមន្រ្តីកសិកម្ម៖ ប្រព័ន្ធកសិកម្មរងប៉ះពាល់ ដោយសារបាតុភូតធម្មជាតិ និងខ្វះការវិនិយោគក្នុងស្រុក
24, Mar 2022 , 9:59 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អះអាងថា ប្រព័ន្ធកសិកម្មកម្ពុជា ប៉ះពាល់ជាអវិជ្ជមាន ពីបាតុភូតធម្មជាតិនៃការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត ទឹកជំនន់ ជំងឺឆ្លងលើដំណាំ និងសត្វផងដែរ។ លើសពីនេះ ការគាំទ្រផលិតកម្ម និងការវិនិយោគក្នុងស្រុក នៅមានកម្រិត  ។

 
នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងពីបញ្ហាប្រឈមក្នុងវិស័យកសិកម្ម ថា ប្រព័ន្ធកសិកម្មកម្ពុជា តែងតែទទួលរងផលប៉ះពាល់ជាអវិជ្ជមាន ពីបាតុភូតធម្មជាតិនៃបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត ទឹកជំនន់ និងជំងឺឆ្លងលើដំណាំផ្សេងៗ។ លើសពីនេះ ជំងឺឆ្លងសត្វ ក៏បានដាក់បន្ទុកធ្ងន់ធ្ងរដល់ការវិវត្តន៍កសិកម្មមួយផ្នែកផងដែរ។
 
លោក វេង សាខុន បានអះអាងដូច្នេះ៖«ហេដ្ឋារចនាគាំទ្រផលិតកម្មក្នុងស្រុក មិនទាន់បានបំពេញគ្រប់គ្រាន់ទៅតាមតម្រូវការ ហើយការវិនិយោគលើការកែច្នៃកសិផល នៅមានកម្រិត»។ មិនត្រឹមតែកង្វះការគាំទ្រ និងគ្រោះធម្មជាតិនោះឡើយ វិស័យកសិកម្មរបស់កម្ពុជា ប៉ះពាល់ដោយសារ តម្លៃដើមផលិតកម្ម និងការកែច្នៃក៏នៅខ្ពស់ ដូចជាថ្លៃជី ថ្នាំកសិកម្មជាដើម។ លោកបន្តថា ចំណីសត្វផលិតក្នុងស្រុក គឺមានតម្លៃថ្លៃជាងចំណីសត្វផលិតនៅប្រទេសជិតខាង ប្រមាណ២០ទៅ២៥ភាគរយ។
 
ជាមួយគ្នានេះ លោក វេង សាខុន ក៏បានលើកឡើងបន្ថែម ពីសកម្មភាពកាប់ទន្រ្ទានព្រៃឈើ ព្រៃលិចទឹក ដោយខុសច្បាប់ និងបទល្មើសជលផលនៅតែបន្តកើតមាន ដែលបង្កបញ្ហាដល់វិស័យកសិកម្មផងដែរ។
រដ្ឋមន្រ្តីកសិកម្ម ក៏បានស្នើទៅក្រសួងសេដ្ឋកិច្ច ក្រសួងពាណិជ្ជកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដែលពាក់ព័ន្ធ ដើម្បីដោះស្រាយនឹងបញ្ហាប្រឈមទាំងអស់នោះ ក៏ដូចជាពង្រឹងវិស័យដំណាំកៅស៊ូ និងសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីស្ដារសេដ្ឋកិច្ចក្នុងបរិបទកូវីដ-១៩ផងដែរ៕
 

Tag:
 វេង សាខុន
© រក្សាសិទ្ធិដោយ thmeythmey.com