ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីព័ត៌មាន៖ យើងត្រូវ​ដឹងគុណអ្នកជំនាញវិជ្ជាជីវៈពីមួយជំនាន់ទៅមួយជំនាន់
24, Mar 2022 , 6:49 pm        
រូបភាព
អ្នកកាសែត១៤រូប នៅ៥សម័យកាលផ្សេងគ្នា កំពុងថតរូបជាមួយលោក ខៀវ កាញរីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
អ្នកកាសែត១៤រូប នៅ៥សម័យកាលផ្សេងគ្នា កំពុងថតរូបជាមួយលោក ខៀវ កាញរីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន
អ្នកសារព័ត៌មានចំនួន១៤នាក់ ដែលស្ថិតនៅ៥ទសវត្សរ៍ផ្សេងគ្នា ទទួលបានពានរង្វាន់លើកទឹកចិត្តពីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២៤មីនា ឆ្នាំ២០២២។ អ្នកសារព័ត៌មាន១៤នាក់នោះ គឺបានប្រឡូកការងារ ចាប់ពីអំឡុងឆ្នាំ១៩៧០​ ១៩៨០ ១៩៩០ ២០០០ និងឆ្នាំ២០១០។​ បើតាមលោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន  ការផ្តល់ពានរង្វាន់ដល់អ្នកកាសែត១៤រូបនេះ គឺជាការលើកទឹកចិត្តមួយដល់អ្នកទាំងនោះ ដែលខិតខំរាយការណ៍ព័ត៌មានជូនសាធារណជន ប្រកបដោយជំនាញនិងវិជ្ជាជីវៈ ក្នុងគោលដៅចូលរួមអភិវឌ្ឍសង្គមជាតិ។

 

លោក ជេត សន និពន្ធនាយកកាសែត ភ្នំពេញថ្មី និងជាប្រធានរដ្ឋបាលក្លិបអ្នកកាសែតកម្ពុជា

«ពីជំនាន់មួយទៅជំនាន់មួយ ការផ្ទេរចំណេះដឹង គឺសំខាន់ណាស់»។​   លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ដូច្នេះ នៅក្នុងពិធីប្រគល់ពានរង្វាន់៥សម័យកាល ដល់អ្នកសារព័ត៌មាន១៤រូប ក្នុងគោលដៅចងភ្ជាប់អ្នកសារព័ត៌មានដែលមានជំនាញវិជ្ជាជីវៈគ្រប់ជំនាន់ឱ្យចេះស្រឡាញ់ និងគោរពគ្នាទៅវិញទៅមក។ 


លោក ព្រហ្ម សាយ និពន្ធនាយកអរិយធម៌ខ្មែរ

រដ្ឋមន្ត្រីព័ត៌មានរូបនេះ បានបញ្ជាក់ថា៖ «យើងភ្ជាប់ជំនាន់របស់យើងឱ្យទៅប្រពៃណីមួយ ដែលយើង[អ្នកកាសែត]ចាស់ ក្មេង ចេះស្រឡាញ់គ្នា។ ដោយមិនមែនអ្នកកាសែតជំនាន់ចាស់មើលងាយក្មេង ហើយក្មេងមើលងាយចាស់នោះទេ»។ 
 
អ្នកកាសែតចំនួន១៤នាក់ ដែលទទួលបានពានរង្វាន់អ្នកសារព័ត៌មាន៥សម័យកាល​ដោយផ្ទាល់ពីលោក ខៀវ កាញារីទ្ធនោះមាន៖ 
 
ទសវត្សរ៍៧០ គឺមានលោក ជេត សន និពន្ធនាយកកាសែត ភ្នំពេញថ្មី និងជាប្រធានរដ្ឋបាលក្លិបអ្នកកាសែតកម្ពុជា រួមជាមួយ លោក ព្រហ្ម សាយ និពន្ធនាយកអរិយធម៌ខ្មែរ។


លោក ទាវ សារៈមុនី និពន្ធនាយកកាសែតរស្មីកម្ពុជា_

ទសវត្សរ៍៨០ គឺមាន លោក ទាវ សារៈមុនី និពន្ធនាយកកាសែតរស្មីកម្ពុជា លោកស្រី ជា ស៊ុនដាណែត អគ្គនាយិកាវិទ្យុ FM102  និងលោក ពេជ ប៊ុនរ៉ា និពន្ធនាយកទូរទស្សន៍ហង្សមាស។​ 
 
ទសវត្សរ៍៩០ គឺមាន លោក ជុន សុផល អ្នកយកព័ត៌មាននៃទស្សនាវដ្តីអង្គរធំ លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល និងលោក មឿន ឈានណារិទ្ធ បណ្ណាធិការរង និងជាអ្នកសរសេរអត្ថបទបែបពណ៌នា នៅ កាសែតខ្មែរ-ថាមស៍ និងជាសាស្ត្រាចារ្យសារព័ត៌មាន នៃវិទ្យាស្ថានសារព័ត៌មាន។ 
 

លោកស្រី ជា ស៊ុនដាណែត អគ្គនាយិកាវិទ្យុ FM102

អំឡុង​ឆ្នាំ២០០០  មាន លោក ម៉ៃ ទិត្យថារ៉ា មន្ត្រីជំនាញផ្នែកសារព័ត៌មាននៃ Internews ប្រចាំកម្ពុជា និងលោក លី ម៉េងហួរ អ្នកសារព័ត៌មាននៃទូរទស្សន៍ PNN។
 
អំឡុង​ឆ្នាំ២០១០  គឺមានអ្នកសារព័ត៌មានរហូត៤នាក់ ដែលទទួលបានរង្វាន់ទឹកចិត្តពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន។ ក្នុងនោះមាន លោក ផាក់ ស៊ាងលី អ្នកសារព័ត៌មាន ផ្នែកបរិស្ថាន និងសង្គម នៅកាសែតភ្នំពេញប៉ុស្តិ៍,  លោក មិនម៉ៅ សំណាង អ្នកសារព័ត៌មានទូរទស្សន៍ PNN និងជាតំណាងបណ្តាញ អ្នកសារព័ត៌មានផ្នែកទឹក និងអនាម័យកម្ពុជា, អ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកាសារព័ត៌មានថ្មីៗ ២៥ រាជធានី-ខេត្ត និងលោក វ៉ាន់ សារាយ អគ្គនាយករងផ្នែក ផ្សព្វផ្សាយ ព័ត៌មាន នៅអង្គភាព Fresh News ។ 
 
សម្រាប់កម្មវិធីពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន៥សម័យកាល គឺជាកម្មវិធីដ៏ធំបំផុត ក្នុងវិស័យសារព័ត៌មានដែលមិនធ្លាប់មានពីមុនមក និងដំបូងបង្អស់នៅកម្ពុជា ក្រោមការផ្តួចផ្តើមគំនិតដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ។​ អ្នកសារព័ត៌មាន១៤នាក់ ដែលទទួលពានរង្វាន់នេះ ត្រូវបានគណៈកម្មការ ជ្រើសរើសដោយការយកទុកដាក់បំផុតដោយផ្អែកលើ គុណវុឌ្ឍិការងារ ការបណ្តុះបណ្តាល និងបំពេញការងារ នាពេលកន្លងមក។
 
នាក្នុងឱកាសនេះ  លោក ខៀវ កាញារីទ្ធ  ក៏បានផ្តល់លិខិតថ្លែងអំណរគុណ ដល់ លោក គី សុខលីម សហស្ថាបនិកនៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ(ThmeyThmey) ថ្នាក់ដឹកនាំ​សារព័ត៌មានត្នោត និង​ដៃគូនានា​ដែលបានខិតខំចូលរួមសហការរៀបចំពានរង្វាន់លើកទឹកចិត្តអ្នកសារព័ត៌មាន ៥ទសវត្សរ៍ ផងដែរ។


លោក សយ សុភាព អគ្គនាយកសារព័ត៌មានដើមអម្ពិល

ពានរង្វាន់លើកទឹកចិត្តចំពោះអ្នកសារព័ត៌មាន ៥ សម័យកាល ផ្តួចផ្តើមដោយក្រសួងព័ត៌មាន ក្រោមក្រោមកិច្ចសហការរៀបចំដោយសារព័ត៌មានត្នោត (TNAOT APP) ជាមួយសារព័ត៌មានអេឡិចត្រូនិចថ្មីៗ និងឧបត្ថម្ភធំដោយក្រុមហ៊ុន ស៊ីងហួយ ឌីវេឡុប ម៉ិន (ខេមឌា) ដែលមានបទពិសោធន៍សម្បូរបែបក្នុងការអភិវឌ្ឍអចលនទ្រព្យធំៗនៅប្រទេសកម្ពុជា ដូចជា STAR BAY នៅក្រុងព្រះសីហនុ STAR CITY នៅក្បែរអាកាសយានដ្ឋានភ្នំពេញ និង TK-STAR នៅក្នុងតំបន់ទួលគោក ហើយក៏បានចូលរួមសហ ការឧបត្ថម្ភដោយមូលនិធីព្រីនស៍ ដែលជាមូលនិធិសប្បុរសធម៌ឈានមុខគេនៅកម្ពុជា ដែលបានបង្កើតឡើងក្នុងគោលដៅលើកកម្ពស់សុខមាលភាពនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។


លោក ជុន សុផល អ្នកយកព័ត៌មាននៃទស្សនាវដ្តីអង្គរធំ

កម្មវិធីពានរង្វាន់ទឹកចិត្តអ្នកសារព័ត៌មាន៥សម័យកាលនេះ ក៏មានការឧបត្ថម្ភឱ្យដោយក្រុមហ៊ុន GoodToGo ដឹកជញ្ជូនអាហារOnline, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Titan Stone,ហើយនឹងក្រុមហ៊ុនមូលបត្រ ខេមបូឌា ស៊ីឃ្យូរីធី ផងដែរ៕

រូបទាំងអស់ផ្តល់ដោយ លោក ខឹម សុវណ្ណារ៉ា
 

លោក មឿន ឈានណារិទ្ធ បណ្ណាធិការរង និងជាអ្នកសរសេរអត្ថបទបែបពណ៌នា នៅ កាសែតខ្មែរ-ថាមស៍ និងជាសាស្ត្រាចារ្យសារព័ត៌មាន នៃវិទ្យាស្ថានសារព័ត៌មាន

លោក ម៉ៃ ទិត្យថារ៉ា មន្ត្រីជំនាញផ្នែកសារព័ត៌មាននៃ Internews ប្រចាំកម្ពុជា

លោក លី ម៉េងហួរ អ្នកសារព័ត៌មាននៃទូរទស្សន៍ PNN។

លោក ផាក់ ស៊ាងលី អ្នកសារព័ត៌មាន ផ្នែកបរិស្ថាន និងសង្គម នៅកាសែតភ្នំពេញប៉ុស្តិ៍

 លោក មិនម៉ៅ សំណាង អ្នកសារព័ត៌មានទូរ-ទស្សន៍ PNN និងជាតំណាងបណ្តាញ អ្នកសារព័ត៌មានផ្នែកទឹក និងអនាម័យកម្ពុជា

 អ្នកស្រី ញឹក ស្រីល័ក្ខ និពន្ធនាយិកាសារព័ត៌មានថ្មីៗ ២៥ រាជធានី-ខេត្ត

 លោក វ៉ាន់ សារាយ អគ្គនាយករងផ្នែក ផ្សព្វផ្សាយ ព័ត៌មាន នៅអង្គភាព Fresh News

លោក គី សុខលីម សហស្ថាបនិកនៃសារព័ត៌មានអេឡិចត្រូនិកថ្មីៗ ទទួលបានលិខិតថ្លែងអំណរគុណពីរដ្ឋមន្ត្រីព័ត៌មាន លោក ខៀវ កាញារីទ្ធ



Tag:
 ពានរង្វាន់
  លោក ខៀវ កាញារីទ្ធ
© រក្សាសិទ្ធិដោយ thmeythmey.com