អន្តរជាតិ
ហ្សាម៉ាអ៊ីកចង់ក្លាយជាសាធារណរដ្ឋ ដោយលែងទទួលស្គាល់ម្ចាស់ក្សត្រិយ៍អេលីហ្សាបេត ជាប្រមុខរដ្ឋ
25, Mar 2022 , 10:10 am        
រូបភាព
នាយករដ្ឋមន្រ្តីហ្សាម៉ាអ៊ីក Andrew Holness និងព្រះអង្គម្ចាស់ William ។ រូបថត AFP
នាយករដ្ឋមន្រ្តីហ្សាម៉ាអ៊ីក Andrew Holness និងព្រះអង្គម្ចាស់ William ។ រូបថត AFP
ដោយ:
នាយករដ្ឋមន្រ្តីហ្សាម៉ាអ៊ីកលោក Andrew Holness នៅថ្ងៃទី២៣ ខែមីនា​​ ប្រាប់ព្រះអង្គម្ចាស់ William ថា ហ្សាម៉ាអ៊ីកចង់ក្លាយជាប្រទេសឯករាជ្យពេញលេញ ហើយដោះស្រាយបញ្ហាដែលមិនទាន់បានដោះស្រាយ។

 
ព្រះអង្គម្ចាស់អង់គ្លេស William និងជាយា Kate កំពុងធ្វើទស្សកិច្ចរយៈពេល១សប្តាហ៍នៅហ្សាម៉ាអ៊ីកដែលជាប្រទេសកោះនៅការ៉ាអ៊ីប។ មុនដំណើរទស្សនកិច្ចនេះមួយថ្ងៃ ជនជាតិហ្សាម៉ាអ៊ីកមួយក្រុមបានធ្វើការតវ៉ានៅមុខបេសកកម្មជាន់ខ្ពស់របស់អង់គ្លេសនៅទីក្រុងឃីងស្តូន ទាមទារសំណង និងការសុំទោសពីអង់គ្លេសដែលធ្វើការជួញដូរទេសករជនជាតិអាហ្រ្វិកទៅកាន់ប្រទេសការ៉ាអ៊ីបនេះ អំឡុងការគ្រប់គ្រងរបស់ខ្លួនអស់រយៈពេលជាង២០០ឆ្នាំ។ 
 
អំឡុងកិច្ចប្រជុំជាមួយព្រះអង្គម្ចាស់ William នៅថ្ងៃទី២៣ ខែមីនា នាយករដ្ឋមន្រ្តីហ្សាម៉ាអ៊ីកលោក Andrew Holness ប្រាប់ព្រះអង្គម្ចាស់អង់គ្លេសថា ហ្សាម៉ាអ៊ីកចង់ក្លាយជាប្រទេសឯករាជ្យពេញលេញ ដែលនេះមានន័យថា ប្រទេសនេះលែងទទួលយកដកម្ចាស់ក្សត្រិយអេលីហ្សាបេតទី២ ជាប្រមុខរដ្ឋទៀតហើយ។ ប​ន្ថែមពីនេះ នាយករដ្ឋមន្រ្តីរូបនេះលើកឡើងថា នៅមានបញ្ហាដែលមិនទាន់ដោះស្រាយត្រូវការការយកចិត្តទុកដាក់។
 
«វាមិនអាចជៀសរួចទេ ដែលយើងនឹងឆ្ពោះទៅក្លាយជាសាធារណរដ្ឋមួយដើម្បីបំពេញតាមឆន្ទៈរបស់ប្រជាជនហ្សាម៉ាអ៊ីក និងមហិច្ឆតារបស់យើងក្នុងការក្លាយជាប្រទេសឯករាជ្យ អភិវឌ្ឍន៍ និងវិបុលភាព»។ លោក Holness សរសេរបែបនេះនៅលើបណ្តាញសង្គម Twitter បន្ទាប់ពីជំនួបជាមួយព្រះអង្គម្ចាស់ William។ 
 
សូមបញ្ជាក់ថា ហ្សាម៉ាអ៊ីកគឺជាប្រទេសមួយក្នុងចំណោមប្រទេស​១៥ ដែលមានម្ចាស់ក្សត្រិយ៍អេលីហ្សាបេតទី២ ជាប្រមុខរដ្ឋ។  នៅចុងឆ្នាំ២០២១ បាបាដុសដែលធ្លាប់ស្ថិតក្រោមអាណានិគមរបស់អង់គ្លេសដូចហ្សាម៉ាអ៊ីកដែរ បានប្រកាសជាសាធារណរដ្ឋផងដែរ៕
 
 
 
 

Tag:
 ហ្សាម៉ាអ៊ីក
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com