កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូអាល្លឺម៉ង់ថា លក្ខខណ្ឌរើសម្ចាស់ផ្ទះ World Cup គួរតែតឹងរ៉ឹងបន្ថែមទៀត
26, Mar 2022 , 9:59 am        
រូបភាព
លោក Hans-Dieter Flick គ្រូបង្វឹកក្រុមអាល្លឺម៉ង់នាថ្ងៃទី២៣ ខែមីនា លើកឡើងថា ប្រទេសជាម្ចាស់ផ្ទះព្រឹត្តិការណ៍ធំៗគួរតែមានលក្ខណៈវិនិច្ឆ័យតឹងរ៉ឹងបន្ថែមទៀត។ លោកលើកឡើងបែបនេះ ខណៈដែលមានការមិនពេញចិត្តកាន់តែច្រើនទាក់ទងព្រឹត្តិការណ៍ World Cup ២០២២ ដែលកាតាជាម្ចាស់ផ្ទះ។


 
គ្រូបង្វឹកអាល្លឺម៉ង់ Hans-Dieter Flick បានបង្ហាញការកត់សម្គាល់របស់ខ្លួនពីមតិមិនសប្បាយចិត្តទៅនឹង World Cup 2022 នៅកាតា។ លោក Flick បានលើកឡើងថា ក្នុងនាមជាប្រទេសដែលទទួលរៀបចំព្រឹត្តិការណ៍សកលលំដាប់ថ្នាក់ពិភពលោកដែលមានតម្លៃថ្លៃបែបនេះ ប្រទេសជាម្ចាស់ផ្ទះក៏គួរតែឈ្លាសវៃរកវិធីដោះស្រាយ និងរឹតបន្តឹងលក្ខខណ្ឌបន្ថែមដើម្បីការពារខ្លួនឯង។
 
«រឿងទាំងនេះមិនមែនត្រឹមតែលុយឡើយ។ កាលពីមុនយើងក៏ធ្លាប់មាន World Cup រុស្ស៊ី អូឡាំពិកប៉េកាំង ហើយពេលនេះ World Cup កាតានៅខែវិច្ឆិកា នៅតែទទួលជារងការរិះគន់ដដែល។ យើងគិតថាជាប្រទេសមួយដែលត្រូវទទួលរៀបចំព្រឹត្តិការណ៍ក្នុងពេលឆាប់ៗ គួរតែមានលក្ខណៈវិនិច្ឆ័យឱ្យបានតឹងរ៉ឹងបន្ថែមទៀត»។ លោក Flick និយាយប្រាប់អ្នកកាសែតបែបនេះ។
 
ទោះជាយ៉ាងនេះក្តីអតីតគ្រូបង្វឹកក្រុម Bayern Munich រូបនេះក៏បានអះអាងថា ទោះបីជាកាតាជាម្ចាស់ផ្ទះមានរឿងរ៉ាវនឹងបញ្ហាជាច្រើនក្តី អាល្លឺម៉ង់នឹងត្រូវទៅប្រកួតនៅទីនោះឱ្យខានតែបាន ដោយមិនធ្វើពហិការឡើយ។
 
ជម្រើសជាតិអាល្លឺម៉ង់នឹងត្រូវប្រកួតលក្ខណៈមិត្តភាពជាមួយក្រុមជម្រើសជាតិអុីស្រាអែលនាថ្ងៃទី២៦ខែមីនា មុនធ្វើដំណើរទៅកាន់កីឡដ្ឋាន Johan Cruyff Arena ដើម្បីប្រកួតជាមួយជម្រើសជាតិហូឡង់នៅ ៤ថ្ងៃបន្ទាប់៕
 

Tag:
 World Cup 2022
  Hans-Dieter Flick
© រក្សាសិទ្ធិដោយ thmeythmey.com