កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូព័រទុយហ្កាល់៖ ព័រទុយហ្កាល់ គួរគោរពម៉ាសេដ្វានខាងជើងដែលទម្លាក់អ៊ីតាលីវគ្គជម្រុះ World Cup
25, Mar 2022 , 4:00 pm        
រូបភាព
លោក Fernando Santos គ្រូបង្វឹកក្រុមជម្រើសជាតិព័រទុយហ្កាល់ លើកឡើងថាក្រុមម៉ាសេដ្វានខាងជើងគួរទទួលការគោរពពីក្រុមរបស់លោកដ្បិតពួកគេអាចទម្លាក់ក្រុមខ្លាំងអ៊ីតាលីនៅវគ្គជម្រុះ play-off ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup តំបន់អឺរ៉ុប។ Santos ក៏ធ្លាប់ព្រមានហើយថាម៉ាសេដ្វានខាងជើងនឹងធ្វើឱ្យអ៊ីតាលីឈឺចាប់ ហើយព័រទុយហ្កាល់ក៏ត្រូវប្រយ័ត្ធនៅជំនួបបន្ទាប់ដែរ។


នាវគ្គជម្រុះ play-off តំបន់អឺរ៉ុបនាថ្ងៃទី២៥ ខែមីនា ក្រុមម៉ាសេដ្វានខាងជើងបានយកឈ្នះអ៊ីតាលីក្នុងលទ្ធផល ១-០។ តាមរយៈបរាជ័យនេះ អ៊ីតាលីត្រូវខកខានបង្ហាញខ្លួននៅ World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ខណៈ ម៉ាសេដ្វានខាងជើងត្រូវបន្តទៅជួបព័រទុយហ្កាល់ដែលទម្លាក់តួកគីក្នុងលទ្ធផល ៣-១ នៅវគ្គ play-off ផ្តាច់ព្រ័ត្រ។
 
ក្រោយជ័យជម្នះរបស់ព័រទុយហ្កាល់ និងម៉ាសេដ្វានខាងជើងលោក Santos ចង់ឱ្យកូនក្រុមព័រទុយហ្កាល់បង្ហាញការគោរពចំពោះក្រុមម៉ាសេដ្វាន។ ក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតគ្រូសញ្ជាតិព័រទុយហ្កាល់និយាយថា៖ «យើងត្រូវបង្ហាញការគោរពដូចគ្នាចំពោះម៉ាសេដូនខាងជើង ដែលអាចទម្លាក់អ៊ីតាលី»។
 
ស្របពេលពិភពលោកគិតថា អ៊ីតាលីនឹងឡើងទៅវគ្គបន្ត លោក Santos បន្ថែមថា៖ «ខ្ញុំបានប្រាប់ហើយថាក្រុមម៉ាសេដ្វានខាងជើងនឹងធ្វើឱ្យមានការភ្ញាក់ផ្អើល។ មិនមែនជារឿងលេងសើចនោះទេដែលម៉ាសេដ្វានខាងជើងអាចទម្លាក់ម្ចាស់ជើងឯកអឺរ៉ុប Euro ឆ្នាំ២០២០បាន។ ម៉ាសេដ្វានខាងជើងគួរទទួលការគោរពពីក្រុមព័រទុយហ្កាល់ ហើយព័រទុយហ្កាល់ត្រូវប្រយ័ត្ធខ្ពស់បំផុតនៅជំនួបផ្តាច់ព្រ័ត្រទល់ម៉ាសេដ្វានខាងជើង។
 
ជំនួបវគ្គផ្តាច់ព្រ័ត្ររវាងព័រទុយហ្កាល់ជាមួយម៉ាសេដ្វានខាងជើងវគ្គជម្រុះផ្តាច់ព្រ័ត្រ play-off ដើម្បីយកមួយក្រុមទៅកាតាចុងឆ្នាំនេះ នឹងធ្វើឡើងនៅរាត្រីថ្ងៃទី៣០ ខែមីនា។
 
ស៊ុយអែតដែលទម្លាក់ឆែកត្រូវបន្តទៅជួបឡែកប៉ូឡូញ ខណៈវែលស៍ដែលទម្លាក់អូទ្រីសចាំអ៊ុតការប្រកួតរវាងស្កុតឡែនជាមួយអ៊ុយក្រែនដែលពន្យារពេលដោយសារសង្គ្រាម៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com