ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីមហាផ្ទៃ អះអាងថា បក្សភ្លើងទៀន យកឈ្មោះពលរដ្ឋខ្លះ ទៅឈរជាសមាជិកក្រុមប្រឹក្សាឃុំទាំងសាមីខ្លួនមិនបានដឹង
28, Mar 2022 , 5:29 pm        
រូបភាព
សម្តេច ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច)។ សមាជិកគណបក្សភ្លើងទៀន លើកស្លាកគណបក្សនៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។
សម្តេច ស ខេង ដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់សម្តេច)។ សមាជិកគណបក្សភ្លើងទៀន លើកស្លាកគណបក្សនៅខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ (រូបពីទំព័រហ្វេសប៊ុករបស់គណបក្សភ្លើងទៀន)។
ដោយ: ថ្មីៗ
ដើម្បីដឹងច្បាស់ថា អ្វី ដែលរដ្ឋមន្រ្តីមហាផ្ទៃ អះអាង ជាការពិតឬអត់ មន្រ្តីជាន់ខ្ពស់របស់គណបក្សភ្លើងទៀត ចង់ឲ្យបង្កើតគណៈកម្មការ ចុះទៅស៊ើបអង្កេត។


 
សមត្ថកិច្ច បានរកឃើញករណីមួយចំនួន ដែលគណបក្សភ្លើងទៀន យកឈ្មោះប្រជាពលរដ្ឋ ទៅចុះក្នុងបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រាប់ការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មី ដោយប្រជាពលរដ្ឋជាសាមីខ្លួនទាំងនោះ ពុំបានដឹង។ នេះបើតាមការអះអាងរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំតាមអនឡាញ ស្ដីពីការពិនិត្យបញ្ជីឈ្មោះ និងការបោះឆ្នោតថ្នាក់ជាតិ-ថ្នាក់ក្រោមជាតិ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២។ 
 
សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បានលើកឡើងពីឃុំមួយចំនួន ដែលគណបក្សភ្លើងទៀន យកឈ្មោះប្រជាពលរដ្ឋ ទៅដាក់ជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ ដោយគ្មានការយល់ព្រមពីពួកគាត់ មានដូចជា ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ឃុំស្រែស្តុក ស្រុកកន្តៀង ខេត្តពោធិ៍សាត់ និង ឃុំកន្សោមអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ជាដើម។ 
 
សម្តេចឧបនាយករដ្ឋមន្រ្តី បន្តថា ប្រជាពលរដ្ឋ ដែលជាសាមីខ្លួន បានបដិសេធការយកឈ្មោះពួកគាត់ ទៅដាក់ជាបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ ទាំងដែលពួកគាត់ មិនបានដឹង ហើយពួកគាត់ បានប្តឹងតវ៉ានឹងគណបក្សភ្លើងទៀន។ សម្តេច ចាត់ទុកការបដិសេធ និងការប្តឹងតវ៉ារបស់ពួកគាត់ ថាជារឿងត្រឹមត្រូវ ហើយចាត់ទុកទង្វើរបស់គណបក្សភ្លើងទៀន ថាជាកំហុស ដែលមានពិរុទ្ធភាព។    
 
សម្តេចប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បញ្ជាក់ថា៖«ដល់អត់ដឹង គេ តវ៉ាប្តឹង។ ហ្នឹងជារឿងមួយ ដែលអគ្គស្នងការដ្ឋាននគរបាលជាតិ បានស្រាវជ្រាវទៅឃើញបញ្ហាហ្នឹង អ៊ីចឹង ចាត់ការតាមនីតិវិធីច្បាប់»។
 
លោក ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ផ្តល់ព័ត៌មានថា ពិតជាមានករណីដូចសម្តេច ស ខេង លើកឡើងមែន។ លោក ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗថា៖«ធ្លាប់ដោះស្រាយហើយ និងកំពុងដោះស្រាយ ព្រោះកាលណាសាមីខ្លួនគេអត់ដឹង ហើយយកឈ្មោះគេមកដាក់ អាហ្នឹង ជាបទល្មើសមួយផ្សេងទៀត តែគ.ជ.ប អនុវត្តតែដែនសមត្ថកិច្ចរបស់ខ្លួនទេ។ គ.ជ.ប ពិចារណាទៅលើការស្នើសុំដកឈ្មោះជាបេក្ខជនចេញពីបញ្ជីនៃគណបក្សនយោបាយ។ ...លុបឈ្មោះពួកគាត់ ចេញវិញ»។
 
លោក ថាច់ សេដ្ឋា អនុប្រធាន និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀន ចោទសួរថា បើប្រជាពលរដ្ឋទាំងនោះ មិនដឹងខ្លួន ចុះហេតុអ្វី បានជាពួកគាត់ ឲ្យអាសយដ្ឋាន អត្តសញ្ញាណបណ្ណ និងផ្តិតមេដៃលើឯកសារ? លោក បកស្រាយថា តាមពិត ពួកគាត់ យល់ព្រមឲ្យមន្រ្តីគណបក្សភ្លើងទៀន ចុះឈ្មោះពួកគាត់ ក្នុងបញ្ជីបេក្ខជនសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់របស់គណបក្សភ្លើងទៀន តែដោយសារមានការគំរាមកំហែង ទើបពួកគាត់ បដិសេធវិញ។ 
 
តាមរយៈកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ មន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនរូបនេះ មានប្រសាសន៍ថា៖«ដើម្បីឲ្យច្បាស់លាស់ ចុះស៊ើបអង្កេតឲ្យច្បាស់លាស់ទៅ មានស្អី។ អំណាចលើគណបក្សប្រជាជនកម្ពុជា ខ្លាចអីឥឡូវនេះ បង្កើតគណៈកម្មការមក ចូលរួមជាមួយពួកខ្ញុំ មានសង្គមស៊ីវិល មានគណបក្សនយោបាយ ស៊ើបមើលមើល៍ពីរឿងហ្នឹង វា ពិតយ៉ាងណា មានការគំរាមកំហែងប៉ុនណា»។ 
 
គណបក្សភ្លើងទៀន រងបណ្តឹងពីប្រជាពលរដ្ឋជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃបញ្ជីបេក្ខជន ដែលឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់។ លោក ហង្ស ពុទ្ធា ផ្តល់តួលេខថា មកដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ បេក្ខជន ដែលឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ឲ្យគណបក្សភ្លើងទៀន មានជាង៥០នាក់ហើយ ដែលត្រូវលុបឈ្មោះចេញវិញ។ លោក ប្រាប់ថា ក្នុងចំណោមអ្នក ដែលត្រូវលុបឈ្មោះនោះ ភាគច្រើនបំផុត​ គឺមិនចេះអក្សរ ដែលផ្ទុយនឹងច្បាប់ស្តីពីការបោះឆ្នោត ដែលតម្រូវឲ្យបេក្ខជន ត្រូវចេះអក្សរ។ 
 
លោក ថាច់ សេដ្ឋា ទទួលស្គាល់ថា បេក្ខជនពីគណបក្សភ្លើងទៀន ដែលត្រូវលុបឈ្មោះ ពិតជាអត់ចេះអក្សរមែន។ លោក អធិប្បាយថា វា ជាភាពខ្វះចន្លោះរបស់មន្រ្តីគណបក្សភ្លើងទៀន ដែលមិនយល់ពីច្បាប់ ហើយបានដាក់បេក្ខជនមួយចំនួន ដែលមិនចេះអក្សរ។ 
 
សូមបញ្ជាក់ថា មានគណបក្ស១៧ ដែលបានចុះឈ្មោះចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិទី៥ ជាអាណត្តិថ្មី នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។ បើតាមរបាយការណ៍ពីគ.ជ.ប មានតែគណបក្សភ្លើងទៀនទេ ដែលបានរៀបចំបេក្ខជនឈរជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ បានប្រហាក់ប្រហែលនឹងគណបក្សប្រជជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា រៀបចំបេក្ខជនបាន១០០ភាគរយ៕  
 

Tag:
 ស ខេង
  ថាច់ សេដ្ឋា
  បោះឆ្នោតឃុំ-សង្កាត់
© រក្សាសិទ្ធិដោយ thmeythmey.com