ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន ​សរសើរលោក គង់ វិបុល ដែល​សម្រេច​បាន​ចំណូលពន្ធដារជាប្រវត្តិសាស្ត្រ
30, Mar 2022 , 10:56 am        
រូបភាព
លោក គង់ វិបុល ថតសែលហ្វីជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ហ្វេសប៊ុក Kong Vibol
លោក គង់ វិបុល ថតសែលហ្វីជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ហ្វេសប៊ុក Kong Vibol
 ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារប្រមូលចំណូលពន្ធ-អាករគ្រប់ប្រភេទបានជិត ២ ៧៨២លានដុល្លារ ដែល ស្មើ នឹង១២៤,០២ភាគរយនៃផែនការប្រចាំឆ្នាំរបស់រដ្ឋាភិបាល។ ការសម្រេចបាននូវសមិទ្ធផលនេះ ត្រូវបាន សម្តេច ហ៊ុន សែន លើកឡើងថាជាកំណត់ត្រាប្រវត្តិសាស្ត្រនៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋាន ពន្ធដារ​។ នេះបើយោងតាមលិខិតរបស់សម្តេចសរសេរ​ដើម្បី​សម្តែង​ការកោតសរសើរ​លោក គង់ វិបុល និង​មន្ត្រីទាំងអស់​របស់​លោក។

 
«ការសម្រេចបាននូវសមិទ្ធផលដ៏ល្អប្រសើរនេះ ជាកំណត់ត្រាប្រវត្តិសាស្ត្រនៃការប្រមូលចំណូលពន្ធ ដែលអគ្គនាយកដ្ឋានពន្ធដារសម្រេចបានលើសផែនការរហូតដល់ ២៤,០២ភាគរយ ស្មើនឹង ៥៣៨,៨៥លានដុល្លារ»។ សម្តេច ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងលិខិតរបស់ខ្លួន ដែលផ្ញើជូនលោក គង់ វិបុល កាលពីថ្ងៃទី២៤មីនា ឆ្នាំ២០២២។ 
 
បើតាម ប្រមុខ​រដ្ឋាភិបាល​ សមិទ្ធផលនេះ ផ្តើមចេញពីការប្រកាន់យកជំហរប្រសិទ្ធភាព នៃការដឹកនាំប្រកាន់ យកនូវគោលការណ៍ អភិបាលកិច្ចល្អ និងរដ្ឋបាលកិច្ចល្អ ព្រមទាំងការខិតខំប្រឹងប្រែងប្តេជ្ញាចិត្តខ្ពស់របស់លោក គង់ វិបុល ក្នុងឋានៈជាអ្នកដឹកនាំអគ្គនាយកដ្ឋានពន្ធដារ បើទោះបីជា កម្ពុជាស្ថិតក្នុងកាលៈទេសៈ ដ៏លំបាកនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ក្តី។ 
 
ជាមួយគ្នានេះ សម្តេចបាន​ប្រកាសគាំទ្រនូវវិធានការនានាដែលអគ្គនាយកដ្ឋានពន្ធដារបានដាក់ចេញ ដើម្បីបង្កើនប្រសិទ្ធភាព និងតម្លាភាពនៃការប្រមូលចំណូលពង្រឹងគុណភាពសេវាអ្នកជាប់ពន្ធ និងបន្តធ្វើទំនើបកម្មរដ្ឋបាលសារពើពន្ធឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់៕​ 

Tag:
 ពន្ធដារ
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com