កីឡាជាតិ
ជាតិ
អ្នកជំនាញស្មៅជប៉ុន ថា សណ្ឋានដីកីឡដ្ឋានខ្លះ នៅកម្ពុជា ត្រូវកែច្នៃឡើងវិញ ដើម្បីគុណភាពស្មៅ
30, Mar 2022 , 3:04 pm        
រូបភាព
លោក Shoji ពិនិត្យមើលស្មៅ នៅកីឡដ្ឋានព្រីនស៍ រូបពីCPL
លោក Shoji ពិនិត្យមើលស្មៅ នៅកីឡដ្ឋានព្រីនស៍ រូបពីCPL
លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League បានអញ្ជើញអ្នកជំនាញការជប៉ុន ផ្នែកថែទាំស្មៅ លោក Shoji Ikeda មកត្រួតពិនិត្យស្មៅ នៅកីឡដ្ឋាន និងកន្លែងហ្វឹកហាត់មួយចំនួននៅកម្ពុជា កាលពីថ្ងៃទី២៤-២៧ ខែមីនា។ អ្នកជំនាញស្មៅជប៉ុន មើលឃើញថា សណ្ឋានដីកីឡដ្ឋានក្លិបខ្លះ នៅកម្ពុជា ត្រូវកែច្នៃឡើងវិញ ដើម្បីធានាគុណភាពស្មៅ និងជួយដល់សមត្ថភាពកីឡាករ។



មន្ត្រីជាន់ខ្ពស់មួយរូប បានបញ្ជាក់ថា លោក Shoji មកពិនិត្យមើល និងចែករំលែកជំនាញថែរក្សាស្មៅលើទីលានប្រកួត ដើម្បីលើកកម្ពស់សម្រស់ និងទស្សនីយភាពក្នុងទីលាន ដែលជាផ្នែកមួយក្នុងការទាក់ទាញដល់ទស្សនិកជន អ្នកគាំទ្រ និងអ្នកឧបត្ថម្ភក្លិប ។
 
តាមរយៈសកម្មភាពចុះពិនិត្យមើលស្មៅនៅកីឡដ្ឋានក្លិបនីមួយៗ អ្នកជំនាញការថែស្មៅរូបនេះ បានបញ្ជាក់ថា កីឡដ្ឋាន ដែលមានស្មៅល្អជួយឲ្យកីឡាករ អាចបញ្ចេញសមត្ថភាព និងបច្ចេកទេសបានល្អ ។ សម្រាប់បញ្ហាស្មៅ មិនមានបញ្ហាចោទឡើយ ប៉ុន្តែសណ្ខានដីកីឡដ្ឋាន ទើបជាចំណុចដែលត្រូវកែតម្រូវឡើងវិញ។
  

លោក Shoji Ikeda អ្នកជំនាញថែស្មៅក្នុងទីលាន រូបពី Getting Image

មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះរូបនេះ បានស្រង់សម្តីអ្នកជំនាញការថែទាំស្មៅជប៉ុន ដែលបានចុះត្រួតពិនិត្យគុណភាពស្មៅនៅកម្ពុជា រយៈពេល៣ថ្ងៃនេះ ប្រាប់សារព័ត៌មានថ្មីៗថា៖«សណ្ឋានដីកីឡដ្ឋានក្លិបខ្លះ ត្រូវមានការកែច្នៃ ដោយសារសណ្ឋានដីមិនមានភាពរាបស្មើល្អ ឬសុខភាពរបស់ដី មិនមានភាពអំណោយផលដល់ស្មៅ» ។
 
បើតាមលោក Shoji សណ្ឋានដីនៅទីលានកីឡដ្ឋាន ក៏ជាផ្នែកមួយសំខាន់ ក្នុងការប្រកួត ដែលជះផលវិជ្ជមាន និងអវិជ្ជមាន ដល់សមត្ថភាពកីឡាករដែរ ។


 លោក Shoji និង លោក Satoshi ចុះពិនិត្យស្មៅនៅកីឡដ្ឋានព្រីនស៍ រូបពី CPL

គួរបញ្ជាក់ដែរថា លោក Shoji Ikeda មានស្នាដៃ និងបទពិសោធន៍ជាច្រើន ក្នុងការពិនិត្យ និងមើលថែស្មៅក្នុងទីលាន ។ អ្នកជំនាញវ័យ៧០ឆ្នាំរូបនេះ ធ្លាប់ធ្វើការទីលានស្មៅក្នុងកីឡដ្ឋានជាតិ Tokyo Olympic 2020 និងមជ្ឈមណ្ឌលហ្វឹកហ្វឺនជាតិ JFA និងកីឡដ្ឋានមួយចំនួន ឲ្យក្លិបក្នុងក្របខណ្ឌ J-League ។​  លោក Shoji ក៏ជាអ្នកប្រឹក្សា ដែលទទួលបានភាពជោគជ័យជាច្រើននៅ Singapore Sport Hub  ។ នេះបើតាមការបញ្ជាក់របស់នាយកប្រតិបត្តិក្រុមហ៊ុន CPL ។
 

Tag:
 បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com