អត្ថបទពាណិជ្ជកម្ម
ធនាគារពាណិជ្ជឈីហ្វ និងក្រុមហ៊ុនហ្សីលាននាមឯ.ក ក្លាយជាជាដៃគូយុទ្ធសាស្ត្ររយៈពេលវែង
30, Mar 2022 , 3:33 pm        
រូបភាព
 ធនាគារពាណិជ្ជឈីហ្វ(ខេមបូឌា)ម.ក (Chief Bank) បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុនហ្សីលាននាម ឯ.ក(Zillennium Co.,Ltd) ដើម្បីសហការគ្នា លើទំនាក់ទំនង និងជាដៃគូយុទ្ធសាស្រ្តរវាងគ្នា និងគ្នា រយៈពេលវែង។
 
អនុស្សារណៈនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២២នេះ រវាងលោក សឿង ម៉ូរ៉ារិទ្ធ ប្រធាននាយកប្រតិបត្តិធនាគារឈីហ្វ និងលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្សីលាននាម ឯ.ក។
 


ថ្លែងក្នុងពិធីចុះអនុស្សារណៈយោគយល់គ្នានេះ លោក សឿង ម៉ូរ៉ារិទ្ធ បានសម្តែងក្ដីសោមនស្សរីករាយយ៉ាងខ្លាំង និងមោទកភាព ចំពោះកិច្ចសហការជាមួយក្រុមហ៊ុនអចលទ្រព្យដ៏ធំនេះនៅកម្ពុជា។ លោក សឿង ម៉ូរ៉ារិទ្ធ ឱ្យដឹងថាគោលបំណងសំខាន់នៃការចុះMOUនេះ ផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ ដែលធនាគារពាណិជ្ជឈីហ្វ និងក្រុមហ៊ុនហ្សីលាននាមមាន។ ក្នុងនោះដែរចំណុចមួយដែលសំខាន់ គឺការផ្ដល់ឥណទានខ្នាតតូចបំផុតតាមបែបឌីជីថល ឬការផ្ដល់ប្រាក់កម្ចីខ្នាតតូចតាមទូរស័ព្ទដៃ។
 



 
លោក សឿង ម៉ូរ៉ារិទ្ធ គូសបញ្ជាក់ថា៖ “សេវាកម្មនេះ ទើបត្រូវបានបង្កើតឡើង និងដាក់ឱ្យដំណើរការ នៅខែតុលា ឆ្នាំ២០២១កន្លងទៅ ហើយក៏ត្រូវបានធនាគារជាតិនៃកម្ពុជាអនុញ្ញាតឱ្យដំណើរការជាផ្លូវការផងដែរ។ សេវាកម្មនេះ អាចផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋទូទាំងប្រទេស ក៏ដូចជាបុគ្គលិករបស់ក្រុមហ៊ុនហ្សីលាននាម ឯ.កដូចគ្នា”។
 
ជាមួយគ្នា លោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនហ្សីលាននាម ឯ.ក (Zillennium Co.,Ltd) លើកឡើងថា ការចុះ MOU រវាងធនាគារពាណិជ្ជឈីហ្វ និងក្រុមហ៊ុនហ្សីលាននាម ឯ.ក នេះ ក្នុងគោលបំណងដើម្បីភា្ជប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ រវាងគ្នានិងគ្នារយៈពេលវែង។ លោកគូសបញ្ជាក់ថា មុននឹងឈានដល់ការចុះ MOU ជាមួយធនាគារពាណិជ្ជឈីហ្វនេះ គឺក្រុមហ៊ុនហ្សីលាននាមរបស់ខ្លួន បានធ្វើការខ្លះៗជាមួយគ្នារួចហើយជាពិសេសលោកថា មូលហេតុដែលក្រុមហ៊ុនរបស់លោក ជ្រើសរើសយកធនាគារពាណិជ្ជឈីហ្វជាដៃគូ ដោយសារលោកមើលឃើញថា ធនាគារនេះមានសេវាកម្មលឿនរហ័សនៅក្នុងសម័យឌីជីថលនាពេលនេះ។ 


 
លោក គុយ វ៉ាត បន្តថា ក្រោយការចុះអនុស្សារណៈយោគយល់គ្នានេះ ក្រុមហ៊ុនហ្សីលាននាម ឯ.ក និងធនាគារពាណិជ្ជឈីហ្វសហការរួមគ្នា ក្នុងការផ្ដល់សេវាកម្មឱ្យបានល្អនៅក្នុងទីផ្សារ ដើម្បីជាចលករមួយ ជំរុញឱ្យវិស័យអចលនទ្រព្យដំណើរការបានល្អ។
 
លោកបានកត់សម្គាល់ថា នៅមួយរយៈចុងក្រោយនេះ លោកសង្កេតឃើញថា ក្នុងភាពជាដៃគូជាមួយធនាគារពាណិជ្ជឈីហ្វ បានជួយជំរុញយ៉ាងច្រើន លើវិស័យអចលនទ្រព្យ។ លោកបន្ថែមថា៖“ការចូលរួមពីធនាគារពាណិជ្ជកម្មនេះ ពិតជាមានសារៈសំខាន់ណាស់ តាមរយៈការផ្ដល់សេវាកម្មដោយប្រព័ន្ធឌីជីថល”។
 


ជាងនេះទៅទៀត លោក គុយ វ៉ាត ក៏បានថ្លែងកោតសរសើរពីសេវាកម្ម Digital Loan ដែលលោកចាត់ទុកសេវាកម្មនេះថា ជាសេវាកម្មមុនគេបង្អស់នៅកម្ពុជា និងបានបង្ហាញភាពជឿជាក់ថា ការសហការជាមួយធនាគារពាណិជ្ជឈីហ្វ នឹងមានសេវាកម្មផ្សេងៗទៀត ដើម្បីធ្វើការសហការគ្នាបន្តទៀត។
 
គួរបញ្ជាក់ថាធនាគារពាណិជ្ជឈីហ្វ (Chief Bank) បានទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា សម្រាប់ធ្វើអាជីវកម្មជាធនាគារឯកទេសនៅកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣។ រហូតដល់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ធនាគារឈីហ្វ បានទទួលលិខិតយល់ព្រមជាគោលការណ៍ពីធនាគារជាតិនៃកម្ពុជា ដោយតម្រូវឱ្យបំពេញនូវលក្ខខណ្ឌ ដើម្បីកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ។ ដោយសារតែភាពជោគជ័យ ជាបន្តបន្ទាប់នៃប្រតិបត្តិការរបស់ ធនាគារឯកទេស ឈីហ្វ (ខេមបូឌា) ភីអ៊ិលស៊ី ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ធនាគារឯកទេសឈីហ្វ (ខេមបូឌា) ភីអ៊ិលស៊ី បានកម្លាយខ្លួនជោគជ័យ ទៅជាធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក នាពេលបច្ចុប្បន្ន។ ចំណែកឯក្រុមហ៊ុនហ្សីលាននាម ឯ.ក (Zillennium Co.,Ltd) ជាក្រុមហ៊ុនវិនិយោគលើវិស័យអចលនទ្រព្យដ៏ធំមួយនៅកម្ពុជា៕








 
(អត្ថបទពាណិជ្ជកម្ម)
 
 
 

Tag:
 Amazadia
© រក្សាសិទ្ធិដោយ thmeythmey.com