ជាតិ
សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ស្នើឲ្យក្រសួងរក្សាព្រៃឈើឲ្យបាន៦០ភាគរយ តាមការសន្យា
30, Mar 2022 , 8:59 pm        
រូបភាព
សង្គមស៊ីវិល និងអ្នកស្រលាញ់បរិស្ថាន យកញត្តិទៅដាក់នៅក្រសួងកសិកម្មកាល។ រូបពី CYN
សង្គមស៊ីវិល និងអ្នកស្រលាញ់បរិស្ថាន យកញត្តិទៅដាក់នៅក្រសួងកសិកម្មកាល។ រូបពី CYN
ភ្នំពេញ៖ សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល២២ស្ថាប័ន ដាក់ញត្តិស្នើឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ឲ្យរក្សាព្រៃឈើបាន៦០ភាគរយ តាមការសន្យា ហើយបញ្ឈប់ការដោះសារលើចំណុចខ្វះខាត។ ការទូទូចនេះ ដោយសារពួកគេ អង្កេតឃើញសកម្មភាពកាប់បំផ្លាញព្រៃឈើបន្តកើនឡើង ហើយមានការរឹតត្បិតសិទ្ធិសេរីភាពរបស់សហគមន៍ ។

 
សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល បានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងលើការបាត់បង់ព្រៃឈើ និងការរឹតត្បិតសេរីភាព របស់ប្រជាសហគមន៍ សមាគម អង្គការសង្គមស៊ីវិល ។ 
សហគមបណ្ដាញយុវជនកម្ពុជា (CYN) បណ្ដាញសហគមន៍ព្រៃឡង់ និង
 
អង្គការជនជាតិដើមភាគតិចកម្ពុជា រួមទាំងស្ថាប័នប្រមាណ២០ទៀត បានយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៩ មីនា ។ ក្នុងញត្តិនោះ ពួកគេស្នើសុំអាជ្ញាធរពាក់ព័ន្ធយកចិត្តទុកដាក់ទប់ស្កាត់បទល្មើសធនធានធម្មជាតិ ដោយផ្តន្ទាទោសដល់អ្នកទិញលក់ឈើខុសច្បាប់ និងស៊ើបអង្កេតលើបទល្មើសកន្លងមក ពិសេសអំពើពុករលួយដែលបណ្ដាលឲ្យបាត់បង់ធនធានធម្មជាតិ។ 
 
ក្នុងញត្តិរបស់សង្គមស៊ីវិលទាំងនោះ បានទាមទារឲ្យក្រសួងត្រួតពិនិត្យតាមដានការអនុវត្តកិច្ចសន្យា និងអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ក្នុងនោះត្រូវបើកទូលាយឲ្យសង្គមស៊ីវិល សមាគម អ្នកសារព័ត៌មាន ក៏ដូចជាសាធារណជនតាមដាន និងអង្កេត ដើម្បីឲ្យមានតម្លាភាព។ 
 
«ស្នើឲ្យក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ អនុវត្តការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាល ឲ្យបានខ្ជាប់ខ្ជួនដូចមានចែងនៅក្នុងកម្មវិធីព្រៃឈើជាតិ សម្រាប់ដាក់ឲ្យអនុវត្តពីឆ្នាំ២០១០ ដល់២០២៩ ដែលសន្យាថែរក្សាគម្របព្រៃឈើឲ្យបាន៦០ភាគរយ ត្រឹមឆ្នាំ២០២៩»។ នេះជាការស្នើសុំរបស់សហគមន៍មូលដ្ឋាន និងសង្គមស៊ីវិល ដែលទទូចឲ្យមានការស៊ើបអង្កេតលើករណីរត់ពន្ធឈើខុសច្បាប់ ជាង២១១តោន ដែលគយហុងកុងរកឃើញ នាពេលកន្លងមក។ 
 
ជុំវិញការដាក់ញាតិទៅក្រសួងទាំងពីរខាងលើនេះ សារព័ត៌មានថ្មីៗ ពុំអាចសុំការឆ្លើយតបពីលោក ស្រី វុឌ្ឍី អ្នកនាំពាក្យក្រសួងកសិកម្មឡើយ ដោយពុំមានអ្នកលើកទូរស័ព្ទ។ ប៉ុន្តែ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឆ្លើយតបវិញថា ក្រុមសកម្មជននយោបាយ ដែលដាក់ញត្តិទាំងនោះ ជ្រកក្រោមស្លាកបរិស្ថាន និងធនធានធម្មជាតិ។ លោកថា ពួកគេទាំងនោះ ចេះតែលើកឡើងពីការសោកស្ដាយ ប៉ុន្តែមិនបានធ្វើសកម្មភាពជាក់ស្ដែងឡើយ។ 
 
អ្នកនាំពាក្យរូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះ៖ «កុំឈរថា និងកុំគ្រាន់តែបង្ហាញការសោកស្តាយ(ក្រុមអ្នកដាក់ញត្តិ) តែត្រូវធ្វើសកម្មភាពពិត ចូលរួមឱ្យពិតប្រាកដ និងប្រាប់ម្ចាស់ជំនួយខ្លួនឱ្យចូលរួមធ្វើសកម្មភាពពិត ជាមួយរាជរដ្ឋាភិបាល លើការពារនិងអភិរក្សធនធានធម្មជាតិ ចៀសវាងគ្រាន់តែបង្ហាញការស្រឡាញ់
ធនធានធម្មជាតិតែសម្បកក្រៅ»។ 
 
បើតាមលោក ភក្ត្រា ពេលនេះក្រសួងបរិស្ថាន កំពុងបង្កើនជីវភាពពលរដ្ឋ ដែលរស់នៅជុំវិញតំបន់អភិរក្ស កុំឲ្យបន្តពឹងអាស្រ័យលើធនធានធម្មជាតិទាំងស្រុង។ 
 
ឆ្លើយតបការលើកឡើងនេះ លោក សាន់ ម៉ាឡា មន្រី្តជាន់ខ្ពស់ផ្នែកតស៊ូមតិ នៃសហគមបណ្ដាញយុវជនកម្ពុជា (CYN) សុំឲ្យក្រសួងបញ្ឈប់ការលាបព័ណ៌លើសង្គមស៊ីវិល និងសហគគមន៍មូលដ្ឋាន ។ ប៉ុន្តែបើកលំហរសេរីភាពឲ្យពលរដ្ឋមូលដ្ឋាន សង្គមស៊ីវិល និងអ្នកស្រលាញ់បរិស្ថាន ចូលរួមការពារព្រៃឈើកាន់តែប្រសើរ ជាជាងបន្តរឹតត្បិត។ 
 
លោកបន្តថា ការដាក់ញត្តិនិងស្នើសុំនេះ មិនមែនជាលើកទីមួយនោះទេ។ អ្នកតស៊ូមតិរូបនេះ សង្កត់ធ្ងន់ថា៖ «ដូច្នេះ ក្រសួងគួរពិនិត្យនិងពិចារណាឡើងវិញ លើចំណុចខ្លះខាត និងភាពអសកម្មរបស់ខ្លួន ជាជាងដោះសារយករួចខ្លួន»។
 
ពីរទសវត្សរ៍ចុងក្រោយនេះ គម្របព្រៃឃើញកម្ពុជាបន្តធ្លាក់ចុះយ៉ាងរហ័សពី៦១ភាគរយ ក្នុងឆ្នាំ២០០២​ ដល់៤៦ភាគរយ នៅឆ្នាំ២០១៨ ខណៈរដ្ឋាភិបាល ដាក់ចេញគោលនយោបាយបង្កើតគម្របព្រៃឈើឡើងវិញ ឲ្យបាន៦០ភាគរយ នៃផ្ទៃដីសរុបនៅត្រឹមឆ្នាំ២០២៩។ 
 
 

Tag:
 ព្រៃឈើ
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com