ជាតិ
សម្តេច ហ៊ុន សែន ឲ្យក្រសួងសេដ្ឋកិច្ចរៀបចំស្តុកយុទ្ធសាស្ត្របន្ថែមលើបញ្ហាប្រេង
31, Mar 2022 , 10:00 am        
រូបភាព
ដោយ: រួបរួម
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានត្រៀមខ្លួនរួចជាស្រេចក្នុងការដោះស្រាយបញ្ហាបន្ទាន់ ជាពិសេសពេលខ្វះអគ្គិសនីប្រើប្រាស់។ នាពិធីសម្ពោធស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែមីនា សម្តេចបានបញ្ជាក់ពីផែនការរៀបចំស្តុកយុទ្ធសាស្ត្ររបស់រដ្ឋលើបញ្ហាប្រេង ដោយមិនចាំបាច់ពឹងលើក្រុមហ៊ុនឯកជនទាំងស្រុងនោះឡើយ។



ជុំវិញវិបត្តិរុស្ស៊ី-អ៊ុយក្រែន ប្រមុខរដ្ឋាភិបាលកម្ពុជា បានលើកឡើងពីផលប៉ះពាល់លើប្រេងឥន្ធនៈដែលពិបាកដោះស្រាយ។ ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំស្តុកយុទ្ធសាស្ត្រ បន្ថែមទៀតទៅលើបញ្ហាប្រេង។

«ឥលូវ យើងនៅតែពឹងពាក់ទៅលើក្រុមហ៊ុនឯកជនដដែល ក៏ប៉ុន្តែយើងត្រូវបង្កើននូវការស្តុកទុកប្រេងឥន្ធនៈ ព្រោះ ស្រាប់តែវារីអគ្គិសនីរបស់យើង ឬម៉ាស៊ីនដើរដោយធ្យូងថ្មរបស់យើងរត់មិនគ្រប់ដូចនៅឆ្នាំ២០១៨ អ៊ីចឹងយើងក៏ត្រូវតែជំរុញការបញ្ឆេះម៉ាស៊ីន ដែលដើរដោយប្រេងឥន្ធនៈ ដូចជាយើងទិញយកមកក្បែររាជធានីភ្នំពេញ ៤០០មេហ្កាវ៉ាត់ អ៊ីចឹងវាមានតម្រូវការប្រេងដើម្បីនឹងបញ្ឆេះម៉ាស៊ីនហ្នឹង ឲ្យវាដើរ»។ នេះជាការលើកឡើងរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។

សម្តេចបានគូសបញ្ជាក់ថា  ពីដំណាក់កាលមួយទៅដំណាក់កាលមួយ តម្រូវការមានភាពខុសគ្នា ដូចជាយុទ្ធសាស្ត្រចតុកោណយ៉ាងដូច្នោះដែរ ដោយដំបូងឡើយគឺ ទឹក ផ្លូវ ភ្លើង និងមនុស្ស ប៉ុន្តែឥលូវ មនុស្ស ពោលគឺការបណ្តុះបណ្តាលធនធានមនុស្ស ក្លាយជាអាទិភាព ឬជាមុំទីមួយនៃការដោះស្រាយ៕


© រក្សាសិទ្ធិដោយ thmeythmey.com