ជាតិ
សម្ដេច ហ៊ុន សែន សម្រេចដំឡើងប្រាក់សោធននិវត្តន៍ឱ្យមន្ត្រីប្រាក់ខែទាប
31, Mar 2022 , 10:14 am        
រូបភាព
នាពិធីសម្ពោធស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នៅថ្ងៃទី៣១ មីនា សម្ដេច ហ៊ុន សែន បានសម្រេចឱ្យបង្កើនប្រាក់សោធននិវត្តន៍ ដល់មន្ត្រីចូលនិវត្តន៍ ដែលមានប្រាក់ខែទាបកន្លងមក។


សម្ដេច ហ៊ុន សែន បានពន្យល់ថា មន្ត្រីចូលនិវត្តន៍ ដែលទទួលបានប្រាក់ខែទាប ជាងមន្ត្រីរាជការបច្ចុប្បន្ន ត្រូវដំឡើងប្រាក់សោធននិវត្តន៍ឱ្យពួកគេបន្ថែមទៀត។ ក្នុងន័យនេះ សម្ដេច ហ៊ុន សែន បានពន្យល់ថា មន្ត្រីចាស់ដែលទទួលបានប្រាក់ខែ៥០ម៉ឺន ទៅ៧០ម៉ឺនរៀល ត្រូវដំឡើងប្រាក់សោធននិវត្តន៍ឱ្យពួកគេ ដើម្បីមានសមតុល្យជាមួយមន្ត្រីរាជការបច្ចុប្បន្ន ដែលមានប្រាក់ខែចាប់ពី១លានរៀលឡើងទៅ។
 
ប្រមុខរដ្ឋាភិបាល បាននិយាយដូច្នេះថា៖«យុទ្ធជន អតីតយុទ្ធជន មន្ត្រីរាជការស៊ីវិល ដែលចូលនិវត្តន៍មុន គប្បីយកចិត្តទុកដាក់ជំរុញ ការដំឡើងបៀវត្សអ្នកទាំងនោះ ព្រោះអ្នកចូល(បម្រើការងារ)មុន វាខ្វះសមាសភាពដែរ ព្រោះអ្នកចូលមកក្រោយ មានប្រាក់ខែសុទ្ធតែលើស១លានរៀល ។ ដល់អ្នក(ចូលក្របខណ្ឌរដ្ឋ ប្រាក់ខែ)លើស១លាន ដល់ពេលចូលនិវត្តន៍ នៅសល់៨០ម៉ឺនអីដែរ ដល់គ្នាចូល(បម្រើការងារប្រាក់ខែ)៥០ម៉ឺន ប្រាក់ចូលនិវត្តន៍សល់ត្រឹម៣០ម៉ឺន។ អ៊ីចឹងត្រូវខិតខំដំឡើង(ប្រាក់)អ្នកទាំងហ្នឹងឡើង»។
 
ត្រង់ចំណុចនេះ នាយករដ្ឋមន្រ្តី បានបកស្រាយបន្ថែមថា សម្រាប់មន្ត្រីរាជការ ដែលមានប្រាក់ខែគោល៧០ម៉ឺនរៀល មុនពេលចូលនិវត្តន៍ ត្រូវដំឡើង ២៥ម៉ឺនរៀលទៀត លើប្រាក់ខែគោលនេះ ទើបមន្ត្រីដែលចូលនិវត្តន៍នោះ អាចទទួលបានប្រាក់ចូលនិវត្តន៍ច្រើនជាងមុន។

តែយ៉ាងណាសម្ដេច ហ៊ុន សែន បានបន្ថែមថា មន្ត្រីរាជការ ដែលទទួលបានប្រាក់ខែលើស១លានរៀល នាបច្ចុប្បន្ននេះ មិនមានការដំឡើងប្រាក់ខែឡើយ ព្រោះត្រូវដោះស្រាយប្រាក់សោធនឱ្យមន្ត្រីរាជការចាស់ៗ ចូលនិវត្តន៍ ដែលមានប្រាក់ខែទាបសិន។
 
សម្ដេច ហ៊ុន សែន បានបញ្ជាឱ្យរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិនិត្យ និងដោះស្រាយបញ្ហានេះ តាមរយៈការរៀបចំបង្កើនថវិកា ប៉ុន្តែមិនចាំបាច់កែតម្រូវលើច្បាប់ថវិកាជាតិនោះទេ ដោយសារចំនួនអ្នកចូលនិវត្តន៍តិចតួចប៉ុណ្ណោះ។ សម្ដេច ហ៊ុន សែន ក៏បានប្រាប់ឱ្យលោក គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា យកថវិកាទៅចែកជូនអតីតយុទ្ធជន ហើយបកស្រាយបញ្ហាប្រាក់សោធននិវត្តន៍នេះផង៕ 

Tag:
 ហ៊ុន សែន
  រ៉ែមាស
© រក្សាសិទ្ធិដោយ thmeythmey.com