ជាតិ
សង្គមជាតិ
រដ្ឋាភិបាល គ្រោងបង្កើតច្បាប់គ្រប់គ្រងសារធាតុគីមី ដែលអាចផលិតជាគ្រឿងញៀន
31, Mar 2022 , 3:59 pm        
រូបភាព
សម្តេច ស ខេង ធ្វើជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តរយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៦ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
សម្តេច ស ខេង ធ្វើជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តរយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៦ នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។
ក្រសួងពាក់ព័ន្ធ នឹងតាក់តែងសេចក្តីព្រាងច្បាប់ថ្មីមួយ ស្តីពីការគ្រប់គ្រងសារធាតុគីមី ដែលអាចយកទៅផលិតចេញជាគ្រឿងញៀន។ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ចេញពីព័ត៌មាននេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនៃការអនុវត្តយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៦ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

 
សម្តេច ស ខេង បញ្ជាក់ថា គោលបំណងនៃការបង្កើតច្បាប់ស្តីពីការគ្រប់គ្រងសារធាតុគីមី ដែលអាចផលិតចេញជាគ្រឿងញៀន គឺដើម្បីទប់ស្កាត់គ្រឿងញៀននៅកម្ពុជា។ ទំព័រហ្វេសប៊ុករបស់ក្រសួងមហាផ្ទៃ បានបង្ហោះប្រសាសន៍របស់សម្តេចថា៖«ខ្ញុំ បានពិភាក្សាជាមួយក្រសួងយុត្តិធម៌ និងអគ្គស្នងការដ្ឋាននគរបាលជាតិ យើងបានឯកភាពគ្នាថា យើងចាំបាច់ត្រូវតែបង្កើតក្របខ័ណ្ឌច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយ ដែលយកទៅកែច្នៃផលិតគ្រឿងផ្សំ ដើម្បីផលិតគ្រឿងញៀនបាន»។
 
សម្តេចរដ្ឋមន្រ្តី ដែលជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លើកឡើងថា មានក្រសួងស្ថាប័នពាក់ព័ន្ធខ្លះ បានអនុញ្ញាឲ្យនាំចូលដោយស្របច្បាប់នូវសារធាតុគីមី ដើម្បីយកមកផលិត ឬកែច្នៃ សម្រាប់ប្រើប្រាស់ក្នុងវិស័យផ្សេងៗ ប៉ុន្ដែក្រុមឧក្រិដ្ឋជន បានលួចបន្លំយកសារធាតុគីមីទាំងនោះ ទៅផលិតចេញជាគ្រឿងញៀន រួចហើយចរាចរនៅក្នុងប្រទេសកម្ពុជា និងនាំទៅប្រទេសទី៣។ 
 
កាលពីអំឡុងខែមករា ឆ្នាំ២០២២ សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ បានទម្លាយថា មានក្រុមហ៊ុនឯកជន ស្នើសុំនាំចូលដោយស្របច្បាប់នូវសារធាតុគីមីជាង១០០តោន ដោយកុហកអាជ្ញាធរកម្ពុជាថា យកទៅកែច្នៃផលិតចេញជាជី តែបែរជាលួចផលិតចេញជាគ្រឿងញៀនទៅវិញ។ លោក ម៉ក់ ជីតូ អគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិទទួលបន្ទុកបង្ក្រាបគ្រឿងញៀន ប្រាប់សារព័ត៌មានថ្មីៗ តាមបណ្តាញ WhatsApp កាលពីថ្ងៃទី៣០ ខែមីនា ថា ពីខែមករា ដល់ខែមីនា ឆ្នាំ២០២២ សមត្ថកិច្ច ចាប់បានសារធាតុគីមីផ្សំ ដែលអាចផលិតចេញជាគ្រឿងញៀនជិត៣០០តោនហើយ។ ចំណែក អគ្គស្នងការដ្ឋាននគរបាលជាតិ ផ្សាយថា រយៈពេលខែនេះ សមត្ថកិច្ច បង្ក្រាបបានគ្រឿងញៀនជាង៣តោន៕   
 

Tag:
 គ្រឿងញៀន
  ច្បាប់គ្រប់គ្រងសារជាតិគីមី
© រក្សាសិទ្ធិដោយ thmeythmey.com