ជាតិ
សេដ្ឋកិច្ច
ចោមចៅ ស្ពានអាកាសទី៦ នៅភ្នំពេញ តម្លៃ២២លានដុល្លារ ត្រូវបានដាក់ឱ្យប្រើជាផ្លូវការ
31, Mar 2022 , 6:59 pm        
រូបភាព
ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅគឺជាសមិទ្ធផលទី៦
ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅគឺជាសមិទ្ធផលទី៦
បន្ទាប់ពីចំណាយសាងសង់អស់២ឆ្នាំកន្លះ ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាព្រឹកថ្ងៃទី៣១មីនា ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន។ ស្ពានអាកាសនេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា(OCIC) ក្រោមគម្រោងផ្ទាល់របស់រដ្ឋាភិបាលក្នុងតម្លៃ២២លានដុល្លារ។

 
ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅគឺជាសមិទ្ធផលទី៦របស់កម្ពុជា បន្ទាប់ពីស្ពានអាកាសក្បាលថ្នល់,ស្ពានអាកាស៧មករា, ស្ពានអាកាស៥មករា, ស្ពានអាកាសស្ទឹងមានជ័យ និងស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ(ស្ពានអាកាសផ្សារដីហ៊ុយ) ខណៈស្ពានអាកាសឬស្សីកែវ ដែលជាស្ពានទី៧កំពុងស្ថិតក្នុងសាងសង់។ 


 លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ

បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រូវស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ ត្រូវបានសាងសង់ឡើងដោយផ្អែកតាមលក្ខណៈបច្ចេកទេសរបស់មន្ទីរសាធារណៈការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ ដោយបែងចែកជាបីផ្នែក។ លោក បានរៀបរាប់ថា ផ្នែកទីមួយ៖ ជាស្ពានអាកាសមេ តភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ី មកផ្លូវជាតិលេខ៣ ដែលមានចរាចរពីរគន្លងទៅនិងពីរគន្លងមកជម្រាលស្ពានប្រវែង។  ផ្នែកទីពីរ៖ បំបែកចេញពីស្ពានអាកាសមេ បត់ឆ្វេងតភ្ជាប់ចរាចរពីមហាវិថីសហព័ន្ធរុស្ស៉ីឆ្ពោះទៅផ្លូវវេងស្រេង សម្រាប់ចរាចរមួយទិសដែលមានមួយគន្លងរថយន្តនិងមួយគន្លងទោចក្រយានយន្ត។ សម្រាប់ផ្នែកទីបី៖ ជាស្ពានកោងបត់ឆ្វេងតភ្ជាប់ចរាចរពីផ្លូវវេងស្រេងមកផ្លូវជាតិលេខ៣ សម្រាប់ចរាចរមួយទិស ដែលមានមួយគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។


 
 
តាមរយៈគម្រោងស្ពានអាកាសទី៦នេះ ក៏បានសាងសង់ផ្លូវក្រោមដីពីរខ្សែទៀតផងដែរ។ ក្នុងនោះ មានផ្លូវកោងតភ្ជាប់ចរាចរពីផ្លូវវេងស្រេងមកផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប១៣០ម៉ែត្រ ទទឹង៨,៥ម៉ែត្រ និងផ្លូវក្រោមដីមួយខ្សែទៀត ដែលភ្ជាប់ចរាចរពីផ្លូវជាតិលេខ៤មកមហាវិថីសហព័ន្ធរុស្ស៉ីក្នុងប្រវែងសរុប៤៧០ម៉ែត្រ ជាមួយទទឹង៨,៥ម៉ែត្រ។  ស្ពាននេះ ត្រូវបានបើកការដ្ឋានសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ក្រោមទំហំថវិកា២២លានដុល្លារ  កាលពីថ្ងៃទី២៩មិថុនា ឆ្នាំ២០១៨។
 

សម្តេច ហ៊ុន សែន ជាអធិបតីភាពនៃការសម្ពោធដាក់ឱ្យប្រើជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាថ្ងៃទី៣១មីនា ឆ្នាំ២០២២។​

អភិបាលរាជធានីភ្នំពេញរូបនេះ បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ នាថ្ងៃទី៣១មីនា ឆ្នាំ២០២២ ថា ៖ «សម្រាប់ការបើកបរលើស្ពានអាកាសនេះ មានអាយុកាលប្រើប្រាស់រហូតដល់ទៅ១០០ឆ្នាំ ហើយមានបំពាក់បង្គោលភ្លើងបំភ្លឺផ្លូវ រៀបចំបណ្តាញជុំវិញបរិវេណស្ពានអាកាស និងអាងស្តុកទឹកក្រោមដី មានទាំងបំពាក់ម៉ូទ័របូមទឹកស្វ័យប្រវត្តិ ផងដែរ»។
 
ការសាងសង់ស្ពានអាកាសនិងផ្លូវក្រោមដីនេះ គឺជាឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពុងមានកំណើនជារៀងរាល់ថ្ងៃ។ នេះជាការលើកឡើងរបស់សម្តេច ហ៊ុន សែន ដោយបានបញ្ជាក់ថា៖ «សមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីនៅរាជធានីភ្នំពេញដែលបានសាងសង់កន្លងមក គឺបានប្រើនយោបាយយកក្រុងចិញ្ចឹមក្រុង ឬអាចហៅថា យកស្លឹកត្នោតខ្ចប់ស្កត្នោត ពីព្រោះដោយសារតែទាំងអស់នេះបានថវិកាមកពីការអភិវឌ្ឍកោះពេជ្រ ក៏ដូចជាតំបន់នានាក្នុងទីក្រុងភ្នំពេញ ដើម្បីយកមកអភិវឌ្ឍន៍លើហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងទីក្រុងភ្នំពេញ»៕
 

Tag:
 ស្ពានអាកាស
© រក្សាសិទ្ធិដោយ thmeythmey.com