ជាតិ
សង្គមជាតិ
ឯកអគ្គរាជទូត​អង់គ្លេស និង​ឯកអគ្គរដ្ឋទូត​​ឥណ្ឌា ​បានឱ្យយុវតីខ្មែរ​២រូប ​កាន់តំណែងជំ​នួស​​មួយ​​ថ្ងៃ
01, Apr 2022 , 3:56 pm        
រូបភាព
កញ្ញា ការី ដែលបានកាន់តំណែងមួយថ្ងៃ ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ។
កញ្ញា ការី ដែលបានកាន់តំណែងមួយថ្ងៃ ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ។
ស្ត្រីវ័យក្មេងកម្ពុជា ២រូប មានឱកាស​កាន់តំណែងមួយថ្ងៃ ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងអគ្គរដ្ឋទូតឥណ្ឌប្រចាំកម្ពុជា។ សកម្មភាពនេះ ជាកម្មវិធីផ្តួចផ្តើមដោយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ក្នុងឆ្នាំ២០១៩ ក្នុងបំណងបំផុសគំនិត និងផ្តល់សិទ្ធិអំណាច ឱ្យស្ត្រីក្លាយជាអ្នកដឹកនាំ នាពេលអនាគត។ បើតាមសេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី៣០ មីនា របស់ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា ក្រៅពីកាន់តំណែងជំនួសមួយថ្ងៃហើយ ស្ត្រីវ័យក្មេងទាំង២រូបនេះ ក៏បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សា ស្តីពី "ការងារដែលស្ត្រីចង់បាននៅឆ្នាំ២០៣០" ផងដែរ​។

 
ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា ស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បានសហការគ្នាលើគំនិតផ្តួចផ្តើមមួយ ដើម្បីឱ្យស្ត្រីវ័យក្មេងកម្ពុជា២រូប ទទួលតួនាទី ជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា រយៈពេលមួយថ្ងៃពេញ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២។ សកម្មភាពនេះ ជាកម្មវិធីផ្តួចផ្តើមដោយឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា ក្នុងឆ្នាំ២០១៩។
 
ជាឯកអគ្គរាជទូតមួយថ្ងៃ កញ្ញា ហ្គិច លីម ដែលទទួលតួនាទីលោកស្រី ធីណា រ៉េដស ​ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ​ហើយការី ទទួលតួនាទីឯកអគ្គរដ្ឋទូតរបស់ លោកស្រី Devyani Khobragade ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា។ យុវនារីទាំង២រូប ក៏បានធ្វើជាសហប្រធាននៃកិច្ចពិភាក្សា ស្តីពី "ការងារដែលស្ត្រីចង់បាននៅឆ្នាំ២០៣០"  ដោយមានការចូលរួមពី លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី  លោកស្រី ជា សេរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស​ធនាគារជាតិនៃកម្ពុជា លោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា និងអ្នកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសរបស់អង្គការភ្លែនអន្ដរជាតិកម្ពុជា។
 
កញ្ញា ហ្គិច លីម អាយុ១៧​ឆ្នាំ ជានិស្សិតទទួលបានបទពិសោធន៍ក្នុងតួនាទីជាឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា។ យុវតី  ហ្គិច លីម ចាប់អារម្មណ៍លើការពង្រឹងអំណាចរបស់ក្មេងស្រី។ នាង​គិត​ថា ​ក្មេង​ស្រី​ត្រូវ​បាន​គេ​ដាក់​សម្ពាធ​ ឱ្យ​ចូល​ទៅ​ក្នុង​សកម្មភាព​ផ្លូវ​ភេទ​នៅក្មេងវ័យ និងមិនទទួលបានការលើកទឹកចិត្តឱ្យបន្តការសិក្សា ឬចាប់យកអាជីពក្នុងវិស័យ STEM ហើយបង្វែរឱ្យផ្តោតលើចំណុចដែលមិនចាំបាច់នៃរូបរាងកាយ ​ដូចជាស្បែកសជាដើម​។

កញ្ញា ហ្គិច លីម​ដែលទទួលតួនាទីលោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា 
 
កញ្ញា ហ្គិច លីម បាននិយាយថា៖ «វាជាសុបិនរបស់ខ្ញុំ ក្នុងការនិយាយទៅកាន់ស្ត្រីដែលទទួលបានជោគជ័យខ្ពស់ និងស្វែងរកផ្លូវដែលនាំពួកគាត់ ទៅកន្លែងដែលពួកគេទទួលបានជោគជ័យ។ ខ្ញុំ​​ចង់​ដឹង​ពី​របៀប​ដែល​ពួកគាត់ដោះស្រាយ ​ជាមួយ​នឹង​ការ​រើសអើង ​ដែល​ពួកគេ​បានប្រឈម។ ខ្ញុំ​ក៏​ចង់​ឲ្យ​ក្មេងស្រី​ធម្មតា​ជាច្រើនរូបផ្សេងទៀត ​មើល​ឃើញ​នូវ​អ្វី​ដែល​អស្ចារ្យ​ កំពុង​រង់​ចាំពួកគេ ប្រសិន​បើ​ពួក​គេហ៊ាន​ដើរ​ចេញ ​ពី​កន្លែងដែលងាយស្រួល ដូចជារូប​ខ្ញុំបានធ្វើ»។ 
 
លោកស្រី ធីណា រ៉េដស ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា វិសមភាពយេនឌ័រត្រូវបានពង្រឹង ជាពិសេសចំពោះស្ត្រី និងកុមារី ដែលប្រឈមមុខនឹងការរើស​អើង ដោយសារតែអាយុ សាសនា ពិការភាព ភេទ ពូជសាសន៍ ឬភាពខុសគ្នាផ្សេងទៀតរបស់ពួកគេ​​។


 
ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា បានបន្តថា៖ «ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលមានការវិនិយោគលើស្ត្រី ជាអ្នកបម្រើរការផ្សេងៗ ជាអ្នកដឹកនាំ សហគ្រិន និងអ្នកប្រើប្រាស់នៅក្នុងបរិបទសេដ្ឋកិច្ច ដែលកំពុងរីកចម្រើន ប្រទេសទាំងមូលទទួលបានអត្ថប្រយោជន៍ បង្កើនល្បឿន សេរីភាព និងឯករាជ្យភាពសេដ្ឋកិច្ច និងផលប្រយោជន៍សេដ្ឋកិច្ចជាតិ។ ថ្ងៃនេះ ខ្ញុំពិតជាមានមោទកភាពក្នុងការដឹកនាំគំនិតផ្តួចផ្តើមមួយ ដែលស្រ្តី និងក្មេងស្រីត្រូវបានបំផុសគំនិត និងផ្តល់សិទ្ធិអំណាច ឱ្យក្លាយជាអ្នកដឹកនាំនាពេលអនាគត។ ខ្ញុំទន្ទឹងរង់ចាំមើលយុវតីកម្ពុជាជាច្រើនរូបទៀត បន្តជំរុញឱ្យមានការចូលរួមដោយសមភាពក្នុងសង្គមគ្រប់ផ្នែក និងអាចសម្រេចបាននូវអាជីពក្នុងក្តីស្រមៃរបស់ពួកគេ»។ 
 
កញ្ញា ហ្គិច លីំម ក៏បានបន្ថែមទៀតថា៖ «ខ្ញុំសូមចូលរួមផ្តល់យោបល់ថា គំនិតផ្តួចផ្តើមមួយគួរតែត្រូវបានបង្កើតឡើង ដែលស្រ្តីវ័យក្មេងអាចរៀនពីសារៈសំខាន់ នៃឯករាជ្យភាព ជាជាងការពឹងផ្អែកលើបុរស។ ខ្ញុំ​គិត​ថា​មាន​អ្វី​ខុស​ជាមួយ​ការ​អប់រំ ​ព្រោះ​​យើងត្រូវចំណាយលុយច្រើនណាស់ ក្នុង​ការ​រៀន​ភាសា​អង់គ្លេស​ឱ្យ​បាន​ល្អ។ ប៉ុន្តែដើម្បីទទួលទានគ្រឿងស្រវឹង គឺត្រូវចំណាយលុយតិចជាងការរៀនភាសា ដែលអាចផ្លាស់ប្តូរជីវិតទៅវិញ។ ប្រសិន បើ​យើង​អាច​ផ្តល់​មេរៀន​ភាសា​អង់គ្លេស ​ប្រកបដោយ​គុណភាព​ក្នុង​តម្លៃ​ទាប ឬ​យ៉ាងតិចមានតម្លៃ​ថោក​ជាង​នេះបន្តិច ជីវិត​ជាច្រើន ​នឹង​ត្រូវបាន​ផ្លាស់ប្តូរ​»។
 
ការី អាយុ១៨ឆ្នាំ មកពីខេត្តរតនគិរី មានក្តីសុបិនចង់ក្លាយជាអ្នកដឹកនាំដ៏សំខាន់ និងជាឯកអគ្គរាជទូតរបស់ស្ថានទូតមួយ។ នាងបានស្ម័គ្រចិត្ដ និងចូលរួមជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជា ដើម្បីដោះស្រាយបញ្ហាជាច្រើន រួមទាំងការរៀបការមុនអាយុ ការរៀបការដោយបង្ខំ និងការមានគភ៌ក្នុងចំណោមក្មេងស្រីជនជាតិដើមភាគតិច។

កញ្ញា ការី ដែលបានកាន់តំណែងមួយថ្ងៃ ជាឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា 
 
ការី​ បាននិយាយថា៖«ខ្ញុំចង់លើកកម្ពស់ភាពក្លាហានរបស់ក្មេងស្រី ក៏ដូចជាស្វែងយល់ពីតួនាទីរបស់ឯកអគ្គរដ្ឋទូត និងអ្នកដឹកនាំសំខាន់ៗនៅក្នុងស្ថានទូត ដើម្បីស្វែងយល់ពីការទទួលខុសត្រូវ របស់ឯកអគ្គរដ្ឋទូតម្នាក់។ ខ្ញុំចង់លើកទឹកចិត្តដល់ក្មេងស្រីជនជាតិដើមភាគតិច និងក្មេងស្រីដទៃទៀតក្នុងខេត្តរតនគិរី ឱ្យមានក្តីសុបិនធំ និងចក្ខុវិស័យទាក់ទងនឹងការដឹកនាំ នៅក្នុងសហគមន៍ជនជាតិដើមភាគតិចរបស់ពួកគេ ហើយខ្ញុំចង់ជំរុញកុមារី ឱ្យក្លាយជាអ្នកដឹកនាំ នាពេលអនាគត»។ 
 
ក្នុងនាមជាឯកអគ្គរដ្ឋទូតមួយថ្ងៃ ការី ចង់ចែករំលែកការបំផុសគំនិតរបស់នាង ទៅកាន់ស្ថានទូតឥណ្ឌា និងសាធារណជនទូទៅថា នាងចាប់អារម្មណ៍ក្នុងការរៀបចំយុទ្ធនាការ លើកកម្ពស់ការអប់រំរបស់ក្មេងស្រី និងក្តីសុបិនរបស់ក្មេងស្រី ដើម្បីលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃអាពាហ៍ពិពាហ៍នៅក្មេងវ័យ ផ្លាស់ប្តូរផ្នត់គំនិតរបស់ឪពុកម្តាយ និងលើកកម្ពស់ការយល់ដឹងរបស់ស្ត្រីវ័យក្មេង អំពីសុខភាពបន្តពូជ។
 
លោកស្រី ​​​​​​​Devyani ​​​​​​​​​​​​​​​​​​​​​​​​​​Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌាប្រចាំកម្ពុជា បាននិយាយថា ក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ស្ត្រីបានសង្គមលើកតម្កើង ដើម្បីកាន់មុខតំណែងសំខាន់ៗ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងនាមជាអ្នកការទូត និងស្ត្រីខ្លួនឯងផ្ទាល់ លោកស្រីចង់ឃើញចំនួនស្ត្រីកាន់តែច្រើន នៅក្នុងផ្នែកការទូតអន្តរជាតិ។ សម្រាប់ឯកអគ្គរដ្ឋទូត​ឥណ្ឌាប្រចាំកម្ពុជា  ស្ត្រី​នៅមានគម្លាតឆ្ងាយពីការធ្វើ​តំណាង​ក្នុង​វិស័យ​នយោបាយ និង​ពាណិជ្ជកម្ម។


 
ឯកអគ្គរដ្ឋទូតមួយថ្ងៃ គឺជាគំនិតផ្តួចផ្តើមដែលលើកទឹកចិត្តស្ត្រីវ័យក្មេង ឱ្យក្លាយជាអ្នកដឹកនាំ និងជឿលើការផ្លាស់ប្តូរ។ នេះជាការគូសបញ្ជាក់របសលោកស្រី ស្រី ​​​​​​​Devyani  ដែលបន្តបញ្ជាក់ពីជំនឿរបស់ខ្លួនថា សារៈសំខាន់នៃការអប់រំសម្រាប់ស្ត្រី និងផ្នត់គំនិតឆ្ពោះទៅរកសមភាព គឺផ្តើមចេញពីគ្រួសារ ហើ ឥទ្ធិពល​នៃ​ការបង្ហាញភាពជាគំរូ គឺមាន​សារៈសំខាន់​ខ្លាំង​ណាស់។ 
 
លោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា ​បន្តថា៖ ​«ខ្ញុំមានមោទកភាព ជាតំណាងឱ្យ ប្រទេស​របស់ខ្ញុំ ក្នុងនាមជាឯកអគ្គរដ្ឋទូតស្ត្រី និងការខិតខំប្រឹងប្រែងរបស់ខ្ញុំ ដែលស្ត្រីជាច្រើននាក់ទៀត គួរតែមានឱកាសទាំងនេះដែរ។ ខ្ញុំត្រូវបានបំផុសគំនិតដោយសម្រង់សម្តីរបស់មេដឹកនាំខ្ពស់បំផុតម្នាក់ នៃប្រវត្តិសាស្ត្រឥណ្ឌា B.R. Ambedkar ដែលបាននិយាយថា "អ្នកអាចប្រាប់ពីស្ថានភាពនៃប្រទេសមួយ ដោយមើលស្ថានភាពរបស់ស្ត្រីក្នុងប្រទេសនោះ" »។ ​
 
ឯកអគ្គរដ្ឋទូតមួយថ្ងៃប្រចាំឆ្នាំ២០២២ គឺជាគំនិតផ្តួចផ្តើមដោយស្ថានទូតអង់គ្លេស និងស្ថានទូតឥណ្ឌាប្រចាំ​​​​កម្ពុជា។ វាជាឱកាសសម្រាប់យុវតីកម្ពុជា ដើម្បីមើលឃើញពិភពលោក នៃវិជ្ជាជីវៈការទូត តាមរយៈក្រសែភ្នែករបស់ឯកអគ្គរាជទូតស្ត្រី និងសម្រាប់ឯកអគ្គរាជទូតដើម្បីទទួលបានការយល់ដឹងកាន់តែច្រើន និងការចូលរួមកោតសរសើរ ចំពោះទស្សនវិស័យ​របស់យុវតីកម្ពុជា។ កម្មវិធី ក៏មានគោលបំណង ដើម្បីអបអរសាទរសមភាពយេនឌ័រ និងភាពជាអ្នកដឹកនាំរបស់ស្ត្រី ក្នុងការបំពេញបេសកកម្មប្រចាំថ្ងៃរបស់ពួកគេ។
 
លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា មានប្រសាសន៍ថា គំនិតផ្តួចផ្តើមឯកអគ្គរដ្ឋទូតមួយថ្ងៃនេះ គឺស្របគ្នានឹងកម្មវិធី #ក្មេងស្រីកាន់តួនាទីជំនួសរបស់អង្គការភ្លែនអន្តរជាតិ ដែលអ្នកដឹកនាំអនុញ្ញាតឱ្យក្មេងស្រី និងស្រ្តីវ័យក្មេងទទួលបន្ទុកការងារប្រចាំថ្ងៃ។ សម្រាប់លោកស្រី គ្វីននេត វ៉ង កម្មវិធីនេះ បង្កើតឱកាសឱ្យក្មេងស្រី ចែករំលែកគំ​និត និងការអំពាវនាវឱ្យធ្វើសកម្មភាព នៅកន្លែងដែលពួកគេកម្របានឃើញ ឬឮ ដើម្បីឲ្យក្មេងស្រីទាំងអស់ អាចរៀនសូត្រ ដឹកនាំ សម្រេចចិត្ត និងអភិវឌ្ឍ៕
 

Tag:
 អប់រំ
  ស្ត្រី
  អ្នកដឹកនាំ
 ភ្លែនអន្តរជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com