ជាតិ
សង្គមជាតិ
លោក អ៊ុជ គឹមអន ក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជាផ្លូវការ ជំនួសលោក អ៊ឹម សួស្តី
01, Apr 2022 , 8:59 pm        
រូបភាព
លោក អ៊ុជ គឹមអន ធ្វើជាអធិបតីក្នុងវេទិកាសាធារណៈក្នុងខណ្ឌច្បារអំពៅ កាលពីខែកុម្ភៈ ឆ្នាំ២០២០។ រូបពីទំព័រហ្វេសប៊ុករបស់សាលាសង្កាត់ច្បារអំពៅទី២
លោក អ៊ុជ គឹមអន ធ្វើជាអធិបតីក្នុងវេទិកាសាធារណៈក្នុងខណ្ឌច្បារអំពៅ កាលពីខែកុម្ភៈ ឆ្នាំ២០២០។ រូបពីទំព័រហ្វេសប៊ុករបស់សាលាសង្កាត់ច្បារអំពៅទី២
ដោយ: ថ្មីៗ
លោក អ៊ុជ គឹមអន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានក្លាយជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជាផ្លូវការ ក្រោយពីលោក ទទួលបានការបោះឆ្នោតគាំទ្រពីកិច្ចប្រជុំរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២២នេះ។ លោក ត្រូវបានរដ្ឋសភា ជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក អ៊ឹម សួស្តី ដែលចប់អាណត្តិ។


 
សេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋសភា បានឲ្យដឹងថា តំណាងរាស្រ្ត៩២រូប ដែលមានវត្តមានក្នុងកិច្ចប្រជុំ បានបោះឆ្នោតគាំទ្រលោក អ៊ុជ គឹមអន ទាំងអស់គ្នា។ បើតាមសេចក្តីប្រកាសព័ត៌មានដដែល លោក អ៊ុជ គឹម នឹងធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញរយៈពេល៩ឆ្នាំ។
 
សូមបញ្ជាក់ថា លោក អ៊ុជ គឹមអន គឺជាអ្នកបកប្រែភាសាឲ្យសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងអំឡុងនៃការចរចាបង្កើតកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ហើយលោក ក៏ធ្លាប់ធ្វើជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសបារាំងដែរ។   
 
នៅឆ្នាំ២០១៧ លោក អ៊ឹម សួស្តី អតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ត្រូវបានរដ្ឋសភា ជ្រើសតាំងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ជំនួសលោក ពិន តាំងសាន ដែលទទួលមរណភាព។ អាណត្តិរបស់លោក ពិន តាំងសាន ដែលត្រូវធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញា មានរយៈពេល៩ឆ្នាំ តែលោក បានទទួលមរភាព ក្រោយលោក ធ្វើជាសមាជិកនៃស្ថាប័នកំពូលនេះ បាន៣ឆ្នាំ។ 
 
រដ្ឋសភា បានជ្រើសតាំងលោក អ៊ឹម សួស្តី ឲ្យធ្វើជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញរយៈពេល៦ឆ្នាំ បន្តពីលោក ពិន តាំងសាន។ បន្ទាប់ពីលោក អ៊ឹម សួស្តី ចប់អាណត្តិ នៅឆ្នាំ២០២២នេះ រដ្ឋសភា បានជ្រើសតាំងលោក អ៊ុជ គឹមអន ជំនួស៕ 
 

Tag:
 អ៊ុជ គឹមអន
© រក្សាសិទ្ធិដោយ thmeythmey.com