ជាតិ
សេដ្ឋកិច្ច
ឥណ្ឌាផ្តល់ជំនួយ៥ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់មុខវិជ្ជា«STEM»ដល់សិស្សនៅកំពត​
01, Apr 2022 , 5:59 pm        
រូបភាព
លោក ចម​ ប្រសិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ កំពុងចុះហត្ថលេខាជាមួយលោកស្រី Davyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំកម្ពុជា លើគម្រោងទទួលផលរហ័ស (QIP) ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​នៅខេត្តកំពត។ រូបថត៖ ក្រសួងឧស្សាហកម្ម​
លោក ចម​ ប្រសិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ កំពុងចុះហត្ថលេខាជាមួយលោកស្រី Davyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំកម្ពុជា លើគម្រោងទទួលផលរហ័ស (QIP) ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​នៅខេត្តកំពត។ រូបថត៖ ក្រសួងឧស្សាហកម្ម​
ដោយ៖ ធន់ សេងហុង
 
ភ្នំពេញ៖ ប្រទេសឥណ្ឌា​ ផ្តល់ជំនួយឥតសំណងចំនួន៥ម៉ឺនដុល្លារ ដើម្បីលើកកម្ពស់ការអប់រំដល់សិស្សនៅខេត្តកំពត​ ក្នុងវិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​(STI)និងមុខវិជ្ជា​STEM។ ការលើកកម្ពស់នេះ  គឺធ្វើឡើងតាមរយៈ​ការ​បង្កើតឲ្យមានវិធានណែនាំអំពីការអប់រំ STI-STEM ក្នុងចំណោមគ្រូបង្រៀន និងលើកកម្ពស់ការអប់រំវិស័យ STEM ដល់សិស្សានុសិស្ស​។

 
កម្ពុជាតាមរយៈក្រសួង​ឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​ ​ទទួលបានជំនួយឥតសំណងចំនួន៥ម៉ឺនដុល្លារ ពីប្រទេសឥណ្ឌាដើម្បីជំរុញការអប់រំក្នុងវិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និងនវានុវត្តន៍​(STI)និងមុខវិជ្ជា​STEM( Science Technology Engineering Mathematicians) ដល់សិស្សនៅខេត្តកំពត។ ជំនួយនេះ​ ស្ថិតក្រោមគម្រោងទទួលផលរហ័ស(QIP)  ក្នុងការពង្រឹងផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ​នៅខេត្តកំពត  ដែលបានចុះហត្ថលេខាដោយ លោក ចម​ ប្រសិទ្ធ​ រដ្ឋមន្រ្តី​ក្រសួង​ឧស្សាហកម្ម​ ជាមួយលោកស្រី Davyani Khobragade ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​ឥណ្ឌា​ប្រចាំកម្ពុជា​ នាថ្ងៃទី៣១មីនា។
 
បើតាមលោក ចម​ ប្រសិទ្ធ ជំនួយឥតសំណងពីប្រទេសឥណ្ឌានេះ នឹងជួយបណ្តុះបណ្តាល ស្តីពី«ការណែនាំការអប់រំលើវិស័យSTEM /គរុកោសល្យ" ដល់លោកគ្រូ អ្នកគ្រូសម្រាប់វិទ្យាល័យ​សាធារណៈចំនួន៥កន្លែង នៅខេត្តកំពត។ ជំនួយនេះ ក៏នឹង​បង្កើតក្លឹបSTEM សម្រាប់សិស្ស និងយុទ្ធនាការលើកកម្ពស់ការអប់រំ STEM ដល់ភាគីពាក់ព័ន្ធនានា។ នេះបើតាមការចុះផ្សាយរបស់ក្រសួងឧស្សាហកម្ម។​
 
លោក ចម​ ប្រសិទ្ធ​ បានបញ្ជាក់ថា​ ជំនួយពីប្រទេសឥណ្ឌាក្នុងវិស័យអប់រំនេះ ជួយអភិវឌ្ឍន៍ធនធានមនុស្ស ស្របនឹងសេដ្ឋកិច្ចកម្ពុជាកំពុងឆ្ពោះទៅទិសដៅឧស្សាហកម្ម ដើម្បីសម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល​ឆ្នាំ២០៣០និង២០៥០​៕
 

Tag:
 អប់រំ
  STEM
© រក្សាសិទ្ធិដោយ thmeythmey.com