COVID-19
ជាតិ
សង្គមជាតិ
អូស្ត្រាលីផ្តល់ជំនួយ​ទូត្រជាក់រក្សាវ៉ាក់សាំង៣៣គ្រឿង​ដល់កម្ពុជា
02, Apr 2022 , 11:59 am        
រូបភាព
រដ្ឋាភិបាលអូស្ត្រាលីបានផ្តល់ជំនួយទូត្រជាក់ចំនួន ៣៣គ្រឿងដល់កម្ពុជាសម្រាប់រក្សាវ៉ាក់សាំង Pfizer។ នេះបើតាមការបញ្ជាក់របស់​លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក្នុងជំនួបពិភាក្សា ការងារ និង​ជូន​លិខិតរបស់លោក ScottMorrison​ នាយករដ្ឋ មន្រ្តីអូស្រ្តាលី ដល់សម្តេច ហ៊ុន សែន ក្នុងឱកាសខួប៧០ឆ្នាំនៃទំនាក់ទំនងការទូតរវាង​អូស្ត្រាលី និងកម្ពុជា កាលពី ថ្ងៃទី១ មេសា។

 
ក្រៅពីបានផ្តល់ជំនួយទូរក្សាវ៉ាក់សាំង ​ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំ​កម្ពុជា បានបញ្ជាក់ប្រាប់ សម្តេច នាយករដ្ឋមន្ត្រីកម្ពុជាទៀតថា អូស្ត្រាលី នឹង​ផ្ដល់ជំនួយកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យកសិកម្ម និងកសិឧស្សាហកម្ម ផ្ដោតលើការនាំចូលកសិផលរបស់ កម្ពុជា និងនាំចេញទៅប្រទេសក្រៅ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។
​ទូតអូស្រ្តាលីរូបនេះ ក៏បានជម្រាបសម្តេច ហ៊ុន សែន ពីការបើកប្រទេសឡើងវិញ នៅ២​សប្តាហ៍ខាងមុខនេះដែរ ដែល​ការធ្វើដំណើរចូលប្រទេសអូស្ត្រាលី នឹងមិនតម្រូវការធ្វើ តេស្តកូវីដ-១៩ទៀតឡើយ។


រូបភាពពីផេកហ្វេសប៊ុកសម្ដេច ហ៊ុន សែន
 ជាការឆ្លើយតប សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណ​ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ​ ចំពោះជំ​នួយ នានាមកដល់កម្ពុជា និងស្នើលោក Pablo Kang ឱ្យពិនិត្យលើវិស័យផ្សេងៗទៀត ដើម្បី​ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត លើទំនាក់ទំនងរវាងប្រទេស​ទាំង២។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ចូលរួម​សាទរ​រដ្ឋាភិបាលអូស្ត្រាលីក្នុងការគ្រប់ គ្រងការរីករាលដាល​កូវីដ-១៩ រួមទាំងការបើកប្រទេសឡើងវិញនា ពេលឆាប់ៗនេះដែរ។
 
សូមគូសបញ្ជាក់ថា កន្លងមករដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយវ៉ាក់សាំង​កូវីដ-១៩ ប្រភេទ  Pfizer ចំនួន ២,៣៥០,៥៣០ដូស ដល់កម្ពុជា៕
 

Tag:
 ទូត្រជាក់
  វ៉ាក់សាំង
© រក្សាសិទ្ធិដោយ thmeythmey.com