ជាតិ
សេដ្ឋកិច្ច
«បរធនបាលកិច្ច»ជាសេវាមិនមែនធនាគារមួយ ជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ​
02, Apr 2022 , 8:39 pm        
រូបភាព
ភ្នំពេញ៖ បរធនបាលកិច្ច ជាសេវាហិរញ្ញវត្ថុមួយមិនមែនធនាគារ មានតួនាទីគ្រប់គ្រង មើលថែរក្សា ឬចាត់ចែកទ្រព្យសម្បត្តិរបស់បុគ្គល ឬក្រុមហ៊ុនណាមួយ សម្រាប់ជាប្រយោជន៍ដល់ក្រុមគោលដៅណាមួយ ដែលស្ថិតក្នុងអនុលោមតាមលិខិតបរធនបាលកិច្ច ឬបទប្បញ្ញត្តិជាធរមាន។ បើតាមអ្នកជំនាញ បរធនបាលកិច្ចនេះ ជាវិស័យមួយដែលជួយដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្ម និងសង្គមជាតិ តាមរយៈការទាក់ទាញនូវនិធិសង្គមនានា និង​លំហូរទុនវិនិយោគទាំងក្នុង និងក្រៅប្រទេស។

 
ធនបាលកិច្ច ដែលបានបញ្ជីនៅនិយ័តករបរធនបាលកិច្ចនៅកម្ពុជានាពេលបច្ចុប្បន្ន មាន៤​ប្រភេទ។ ក្នុងនោះមាន បរធនបាលកិច្ចសាធារណៈ បរធនបាលកិច្ចពាណិជ្ជកម្ម បរធនបាលកិច្ចសង្គម និងបរធនបាលកិច្ចបុគ្គល។ បរធនបាលកិច្ច ត្រូវបានបង្កើតឡើងដោយបរធនបាលទាយក (ម្ចាស់ទ្រព្យ) ឬបទប្បញ្ញត្តិជាធរមាន ដើម្បីប្រើប្រាស់ទ្រព្យសម្បត្តិរបស់ខ្លួន ក្នុងកម្មវត្ថុអ្វីមួយដោយស្របច្បាប់ និងមិនផ្ទុយពីសណ្តាប់ធ្នាប់សាធារណៈ។ 
 
បរធនបាលកិច្ច គឺមានកាតព្វកិច្ចគ្រប់គ្រងទ្រព្យសម្បត្តិរបស់បរធនបាលទាយក សម្រាប់ប្រើប្រាស់ជាប្រយោជន៍ ដល់បុគ្គល ឬក្រុមគោលដៅណាមួយ ដែលនឹងត្រូវទទួលបានអត្ថប្រយោជន៍ ពីទ្រព្យសម្បត្តិនោះ។ កាតព្វកិច្ចរបស់បរធនបាលកិច្ច គឺស្ថិតក្រោមការត្រួតពិនិត្យពីអាជ្ញាធរ ដែលជានិយ័តករបរធនបាលកិច្ច។ បើតាម លោក ប៉ូ សំអាង នាយកដ្ឋានស្រាវជ្រាវ  បណ្ដុះបណ្ដាល និងសហប្រតិបត្តិការ សកម្មភាពនៃបរធនបាលកិច្ចនេះ គឺបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ជាពិសេសលើវិស័យពាណិជ្ជកម្ម និងសង្គម តាមរយៈការទាក់ទាញលំហូរទុនវិនិយោគ។​


លោក ប៉ូ សំអាង នាយកដ្ឋានស្រាវជ្រាវ  បណ្ដុះបណ្ដាល និងសហប្រតិបត្តិការនៃនិយ័តករបរធនបាលកិច្ច(រូបនៅកណ្តាល)
 
លោក សំអាង បានថ្លែងក្នុងសិក្ខាសាលាស្តីពី ការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា កាលពីថ្ងៃទី៣១ ខែមីនា  ដូច្នេះ៖ «បើសិនជាមានលំហូរទុនវិនិយោគ តាមរយៈការបង្កើតបរធរបាលកិច្ចបានច្រើននោះ មានន័យថា សកម្មភាពសេដ្ឋកិច្ចនានា ក៏វាកើតទៅតាមហ្នឹងដែរ។ អ៊ីចឹងហើយនៅពេលដែលសកម្មភាពសេដ្ឋកិច្ចកើន នោះវានឹងចូលរួមចំណែក ក្នុងការបង្កើននូវចំណូលពន្ធដល់ប្រទេសជាតិផងដែរ»។ 
 
ជាមួយគ្នានេះ លោក ហាយ សុវណ្ណា មន្រ្តីដឹកនាំការងារនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច បានលើកឡើងថា ​បរធនបាលកិច្ចនេះ ជាផ្នែកមួយជួយបង្កើនទំនុកចិត្ត សម្រាប់វិនិយោគគិនបរទេស ដែលមានបំណងមកវិនិយោគនៅកម្ពុជា។ លោក បានបញ្ជាក់ថា កម្ពុជាមានច្បាប់បរធនបាលកិច្ចនេះ តាំងពីឆ្នាំ២០១៩មក ខណៈប្រទេសមួយចំនួននៅតំបន់ គឺមិនទាន់មានឡើយ ដូចជា​ប្រទេសឡាវ ហ្វីលីពីន និងឥណ្ឌូណេស៊ីជាដើម។​
 
លោក សុវណ្ណា បន្តនិយាយដូច្នេះ៖«[បរធនបាលកិច្ច] នេះគឺជាទំនុកចិត្តមួយសម្រាប់វិនិយោ​គិនបរទេស ដែលចាំបាច់ប្រើប្រាស់សេវាកម្មរបស់បរធនបាលកិច្ច ពីព្រោះច្បាប់ភូមិ​បាល​យើងចែងថា ជនបរទេស មិនអាចកាន់កាប់កម្មសិទ្ធិ ដីធ្លី ក៏ដូចជាអលនទ្រព្យបានទេ ក៏ប៉ុន្តែចាប់ពីជាន់ទីមួយទៅ ទើបពួកគាត់មានសិទ្ធិ។ អ៊ីចឹង ក្នុងករណីដែលវិនិយោគិន ចង់វិនិយោគលើដីធ្លី ឬអគារ គាត់ចាំបាច់ត្រូវតែរកបរធនបាល ដែលគាត់ជាអ្នកផ្តល់សេវាបរធនបាល​កិច្ច»។ 


លោក ហាយ សុវណ្ណា មន្រ្តីដឹកនាំការងារនាយកដ្ឋានចុះបញ្ជីបរធនបាលកិច្ច
 
ពាក់ព័ន្ធនឹងចំណូលចូលជាតិ ពីវិស័យពីបរធនបាលកិច្ច មន្ត្រីជំនាញរូបនេះ បានពន្យល់ថា កម្ពុជាមាននិយ័តករបរធនបាលកិច្ច ក្នុងការផ្តល់អាជ្ញាបណ្ណដើម្បីធ្វើប្រតិបត្តិការនានា ក្នុងវិស័យនេះ។ បើតាម លោក សុវណ្ណា ដើម្បីបានអាជ្ញាបណ្ណ ធ្វើប្រតិបត្តិការក្នុងវិស័យបរធនបាលកិច្ច ចាំបាច់ត្រូវបង្កើតក្រុមហ៊ុន។ លោកបានពន្យល់ដូច្នេះ៖ «អ៊ីចឹងនៅពេលបង្កើតក្រុមហ៊ុន ប្រាកដជាត្រូវការបុគ្គលិក ហើយនៅពេលត្រូវការបុគ្គលិកនោះ វាជួយសេដ្ឋកិច្ចមួយក្នុងការបង្កើតការងារដល់ពលរដ្ឋ។ ចំពោះបុគ្គលិកដែលមានចំណូលលើសពី៣០០ដុល្លារ នឹងត្រូវជាប់ពន្ធលើប្រាក់ចំណូល។ អ៊ីចឹង នេះជាការបង្កើនចំណូលពន្ធមួយដែរ តាមរយៈវិស័យបរធនបាលកិច្ច»។ 
 
វិស័យបរធនបាលកិច្ច គឺមានវិសាលទូលំទូលាយ និងមានតួនាទីសំខាន់ ក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ តាមរយៈការឆ្លុះបញ្ចាំងអំពីកិច្ចដំណើរការ របស់បរធនបាលកិច្ច។ លោក សុខ ដារ៉ា ​អគ្គនាយនៃនិយ័តករបរធនបាលកិច្ច បានបញ្ជាក់ថា បរធនបាលកិច្ច គឺជាចំណងកាតព្វកិច្ចស្របច្បាប់មួយ ដែលក្នុងនោះអ្នកដែលមានមូលធន មូលនិធិ ឬទ្រព្យសម្បត្តិ បានប្រគល់មូលនិធិ ទ្រព្យសម្បត្តិ មូលធនរបស់ខ្លួន ទៅឱ្យបរធនបាលដែលជាអ្នកមានជំនាញវិជ្ជាជីវៈ ចំណេះដឹង គុណវឌ្ឍិគ្រប់គ្រង និងទទួលបានអាជ្ញាបណ្ណ ពីនិយ័តករបរធនបាលកិច្ច យកទៅគ្រប់គ្រង ចាត់ចែង និងថែរក្សាជំនួសម្ចាស់ទ្រព្យ ដើម្បីបង្កើតជាអត្ថប្រយោជន៍ ដល់អត្ថគាហកៈ ដែលជាបុគ្គលិកទទួលបានប្រយោជន៍ពីការធ្វើប្រតិបត្តិការមួយនេះ។


លោក សុខ ដារ៉ា អគ្គនាយនៃនិយ័តករបរធនបាលកិច្ច កំពុងបទផ្តល់សម្ភាសឱ្យក្រុមអ្នកសារព័ត៌មាន
 
«ប្រតិបត្តិការដែលជាចំណងកាតព្វកិច្ច រវាងភាគីបរធនបាលទាយក [ម្ចាស់ទ្រព្យ] អ្នកបង្កើតបរធនបាលកិច្ច ជាមួយអ្នកជំនាញវិជ្ជាជីវៈ​ ដែលចាត់ចែង គ្រប់គ្រង និងថែរក្សាជំនួស និងអ្នកទទួលបានផលប្រយោជន៍នោះ គឺជាចលនាលំហូរមូលនិធិ លំហូរមូលធន នៅចរន្តសេដ្ឋកិច្ច និងសង្គម»។​  លោក សុខ ដារ៉ា បន្តថ្លែងបែបនេះ ប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន នៅថ្ងៃទី៣១ ខែមីនា។ អគ្គនាយកនៃនិយ័តករបរធនបាលកិច្ចរូបនេះ បានអះអាងបន្ថែមថា ៖« រាល់ការប្រតិបត្តិការបរធនបាលកិច្ច គឺមានពាក់ព័ន្ធស្ទើរគ្រប់វិស័យ។ រាប់ចាប់តាំងវិស័យធនា​គារ វិស័យមិនមែនធនាគារ​ វិស័យមូលបត្រ វិស័យធានារ៉ាប់រង ​វិស័យអចលនទ្រព្យ វិស័យសេដ្ឋកិច្ច និងសង្គមផ្សេងទៀត»។  ​ ប្រតិបត្តិការទាំងនេះ ធ្វើឱ្យមានការបំពេញបន្ថែមនូវឧបករណ៍ហិរញ្ញវត្ថុ និងយន្តការហិរញ្ញវត្ថុ នៅក្នុងវិស័យ និងទីផ្សារហិរញ្ញវត្ថុនៅកម្ពុជា។ 
 
បើតាមលោក សុខ ដារ៉ា បច្ចុប្បន្នកម្ពុជា មានបរធនបាលកិច្ចសរុប១៧ ដែលបានចុះបញ្ជីនៅនិយ័តករបរធនបាលកិច្ច​ ដោយមានទំហំទឹកប្រមាណ ២៥៦ លានដុល្លារ។  ក្នុងចំណោមបរធនបាលកិច្ចទាំងនោះ មានបរធនបាលកិច្ចហិញ្ញវត្ថុចំនួន៩, បរធនបាលកិច្ចពាណិជ្ជកម្មចំនួន៤, បរធនបាលកិច្ចបុគ្គលចំនួន៣ និងបរធនបាលកិច្ចសាធារណៈ ១គឺជាមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។ នេះជាការរៀបរាប់របស់ លោក សុខ ដារ៉ា៕ 
 
 

Tag:
 បរធនបាលកិច្ច
  សុខ ដារ៉ា
 ប៉ូ សំអាង
© រក្សាសិទ្ធិដោយ thmeythmey.com