ជាតិ
សង្គមជាតិ
រកឃើញបេក្ខជន៤៣នាក់ យកសញ្ញាបត្របាក់ឌុបក្លែងក្លាយ ទៅប្រឡងចូលរៀនផ្នែកពេទ្យ
04, Apr 2022 , 4:32 pm        
រូបភាព
លោក ហ៊ីង ថូរ៉ាក់ស៊ី ធ្វើជាអធិបតីក្នុងវេទិកាស្តីពីទំនាក់ទំនងកម្ពុជា-អាម៉េរិក នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២០។ រូបពីក្រសួងព័ត៌មាន
លោក ហ៊ីង ថូរ៉ាក់ស៊ី ធ្វើជាអធិបតីក្នុងវេទិកាស្តីពីទំនាក់ទំនងកម្ពុជា-អាម៉េរិក នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីខែកក្កដា ឆ្នាំ២០២០។ រូបពីក្រសួងព័ត៌មាន
បេក្ខជន៤៣នាក់ ដែលបានប្រឡងជាប់ចូលរៀនជំនាញផ្នែកសុខាភិបាល តាមគ្រឹះស្ថានអប់រំវិស័យសុខាភិបាលនានា ត្រូវបានលុបឈ្មោះចេញវិញ ក្រោយរកឃើញថា សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលពួកគេ យកទៅដាក់ប្រឡងចូលរៀន គឺជាសញ្ញាបត្រក្លែងក្លាយ។ នេះបើយោងតាមលិខិតរបស់លោកបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការប្រឡងថ្នាក់ជាតិ។



បើមើលតាមលិខិតរបស់លោក ហ៊ីង ថូរ៉ាក់ស៊ី បេក្ខជនទាំង៤៣នាក់ បានប្រឡងជាប់តាំងពីឆ្នាំ២០១៩មកម្ល៉េះ។ យ៉ាងណា គេ ទើបនឹងដឹងពីករណីលុបឈ្មោះរបស់ពួកគេ តាមរយៈលិខិតរបស់លោក ហ៊ីង ថូរ៉ាក់ស៊ី ដែលចេញនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។ 
 
លិខិតរបស់លោក ហ៊ីង ថូរ៉ាក់ស៊ី បានឲ្យដឹងថា ក្នុងចំណោមបេក្ខជនទាំង៤៣នាក់ ១នាក់ ប្រឡងជាប់ចូលរៀនថ្នាក់វេជ្ជបណ្ឌិត ២៨នាក់ ប្រឡងជាប់ចូលរៀនថ្នាក់បរិញ្ញាបត្ររងផ្នែកគិលានុបដ្ឋាក ៧នាក់ ប្រឡងជាប់ចូលរៀនថ្នាក់បរិញ្ញាបត្ររងផ្នែកបច្ចេកទេសមន្ទីរពិសោធន៍ ៤នាក់ ប្រឡងជាប់ចូលរៀនថ្នាក់បរិញ្ញាបត្ររងផ្នែកទន្តគិលានុបដ្ឋាក និង ៣នាក់ ប្រឡងជាប់ចូលរៀនថ្នាក់បរិញ្ញាបត្ររងផ្នែកឆ្មប។  
 
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡា អះអាងថា ក្រសួង ថ្កោលទោសរាល់បទក្លែងបន្លំឯកសារសាធារណៈ។ លោក សរសេរមកកាន់សារព័ត៌មានថ្មីៗ តាមបណ្តាញតេឡេក្រាម នៅល្ងាចថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២នេះ យ៉ាងដូច្នេះថា៖«ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យករណីនេះ និងសូមអំពាវនាវដល់ភាគីមានសមត្ថកិច្ចចាត់ការបុគ្គលពាក់ព័ន្ធតាមផ្លូវច្បាប់»។ 

លោក ហ៊ីង ថូរ៉ាក់ស៊ី បញ្ជាក់ក្នុងលិខិតថា និស្សិត ដែលត្រូវបានលុបឈ្មោះខាងលើ មានសិទ្ធិតវ៉ា ក្នុងរយៈពេល១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃ ដែលលោក ចេញលិខិតស្តីពីការលុបឈ្មោះនេះ៕  
 

Tag:
 សញ្ញាបត្រក្លែងក្លាយ
  វិស័យសុខាភិបាល
© រក្សាសិទ្ធិដោយ thmeythmey.com