ជាតិ
អភិបាលខេត្តកំពង់ស្ពឺ បកស្រាយថា គ្មានគម្រោងធ្វើផ្លូវឡើងភ្នំខ្នងផ្សាឡើយ
05, Apr 2022 , 8:59 am        
រូបភាព
រូបភាពដោយ សហការី
រូបភាពដោយ សហការី
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអះអាងថា គ្មានគម្រោងធ្វើផ្លូវឡើងភ្នំខ្នងផ្សាឡើយ ព្រោះជាតំបន់ទេសចរណ៍ធម្មជាតិបែបផ្សងព្រេង និងពេញនិយមសម្រាប់ទេសចរនាពេលបច្ចុប្បន្ន។



កន្លងមក តាមរយៈគណនីហ្វេសប៊ុកឈ្មោះ Moon Adelia និងឈ្មោះ ស្រួច សំណាងល្អ បានបង្ហោះថា មានការធ្វើផ្លូវឡើងភ្នំខ្នងផ្សា ដើម្បីសម្រួលដល់ទេសចរអាចជិះម៉ូតូ ឬរថយន្តឡើងបាន។ ជុំវិញរឿងនេះ ភ្ញៀវទេសចរ និងអ្នកលេងបណ្ដាញសង្គមហ្វេសប៊ុកភាគច្រើន ហាក់មិនពេញចិត្តឡើយ ដោយអះអាងថា ជាតំបន់ធម្មជាតិផ្សងព្រេង បើធ្វើផ្លូវឡើងមែននោះ វានឹងលែងជាតំបន់ផ្សងព្រេងទៀតហើយ។ 
 
លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖«គ្មានការធ្វើផ្លូវ ឬគម្រោងធ្វើផ្លូវឡើងភ្នំខ្នងផ្សាអ្វីឡើយ។ ឱ្យធ្វើយ៉ាងម៉េច បើជាតំបន់ធម្មជាតិ។ ភ្ញៀវគេមកខ្នងផ្សា មកផ្សងព្រេងឡើងភ្នំ។ អ៊ីចឹងបើធ្វើផ្លូវឡើង លែងហៅថាផ្សងព្រេងហើយ»។ អភិបាលរូបនេះ ក៏បានអះអាងបន្ថែមថា កន្លងមករដ្ឋបាលខេត្ត សហការជាមួយសហគមន៍ បានធ្វើបន្ទប់ទឹកចំនួន៦បន្ទប់ នៅលើភ្នំខ្នងផ្សា ប៉ុន្តែមិនទាន់បានសម្ពោធឱ្យប្រើប្រាស់ឡើយ។
 
លោក វ៉ី សំណាង លើកឡើងបន្ថែមថា ភ្ញៀវទេសចរភាគច្រើន ដែលចូលចិត្តការផ្សងព្រេង ឡើងភ្នំ បោះតង់ ហើយបានជួយដល់ជីវភាពពលរដ្ឋ ក្នុងសហគមន៍ក្នុងតំបន់នោះ តាមរយៈការងារទេសចរណ៍ដូចជា ធ្វើម្ហូប ស្ពាយអីវ៉ាន់ ការដឹកជញ្ជូន និងអ្នកនាំផ្លូវជាដើម។ លោក បញ្ជាក់ថា គ្មានហេតុផលណាដែលរដ្ឋបាល ត្រូវធ្វើផ្លូវឡើងភ្នំខ្នងផ្សាឡើយ។
 
លោក ហ៊ុន សៅ ប្រធានសហគមន៍រលាក់កងជើង នៃតំបន់ភ្នំខ្នងផ្សា ក៏បារម្ភខ្លាចពលរដ្ឋក្នុងសហគមន៍ខ្លួន នឹងបាត់បង់ចំណូលពីការងារទេសចរណ៍ បើសិនជាមានការធ្វើផ្លូវពិតមែននោះ។ ទោះជាយ៉ាងណា នេះគ្រាន់តែជាក្ដីបារម្ភរបស់លោកប៉ុណ្ណោះ ព្រោះរូបលោកផ្ទាល់ដែលរស់នៅតំបន់នោះ ក៏ពុំឃើញមានការធ្វើផ្លូវឡើយ។ 
 
ប្រធានសហគមន៍រូបនេះ លើកឡើងប្រាប់សារព័ត៌មានថ្មីៗ២៥ថា៖ «ឥឡូវអត់ឃើញផ្លូវឡើង គេធ្វើអីទេ តែឃើញមានខាងអគ្គិសនី គេធ្វើបង្គោលភ្លើងជិតផ្លូវឡើងភ្នំហ្នឹង។ តែខ្ញុំក៏មិនច្បាស់ដែរថា យ៉ាងម៉េចអីម៉េច»។ លោក ហ៊ុន សៅ មិនចង់ឱ្យមានការធ្វើឡើងភ្នំនោះទេ ដោយលោក បារម្ភខ្លាចពលរដ្ឋក្នុងសហគមន៍ នឹងបាត់បោះចំណូល ពីការងារទេសចរណ៍របស់ពួកគេ ដ្បិតពលរដ្ឋភាគច្រើន អាស្រ័យចំណូលលើការងារនេះ ក្រៅពីធ្វើស្រែចម្ការ៕  
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com