ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន៖ «គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ» ក្លាយជាស្មារតីខ្មែរជួយខ្មែរ
05, Apr 2022 , 11:14 am        
រូបភាព
សម្តេច ហ៊ុន សែន
សម្តេច ហ៊ុន សែន
ភ្នំពេញ៖ «គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ»  ជាប្រធានបទនៃទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិផលខ្មែរលើកទី៥​ ដែលប្រារព្ធឡើងនៅថ្ងៃទី៩ មេសា​។ ​ នាឱកាសនៃទិវាជាតិនេះ សម្តេច ហ៊ុន សែន បានលើកឡើងថា«គាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ» ក្លាយជាស្មារតីខ្មែរជួយខ្មែរ។

 
៩មេសា​ ឆ្នាំ២០២២ គឺជាទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ។ ឆ្នាំនេះ គឺជាឆ្នាំទីបីហើយដែលគណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាណិជ្ជកម្ម មិនបានរៀបចំព្រឹត្តិការណ៍នេះ នៅតាមទីសាធារណៈ និងបណ្តាខេត្ត-រាជធានី ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។ ដ្បិតមិនបានប្រារព្ធដោយផ្ទាល់ក្តី ប៉ុន្តែកម្ពុជានៅបន្តរំលឹកទិវាជាតិនេះជារៀងរាល់ឆ្នាំផងដែរ។ 
 
បើតាមសារលិខិតរបស់សម្តេច ហ៊ុន សែន ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរដ៏មានសារៈសំខាន់នេះ បានដើរតួនាទីជួយដល់ផលិតករក្នុងស្រុកឱ្យគិតគូរកែច្នៃផលិតផលរបស់ខ្លួន ក្នុងការលើកកម្ពស់គុណតម្លៃបន្ថែមនៃផលិតផលខ្មែរ ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការវេចខ្ចប់ប្រកបដោយសោភ័ណភាព និងតម្លៃសមរម្យ ដើម្បីចូលរួមក្រកួតប្រជែងទីផ្សារទាំងក្នុង​ និងក្រៅប្រទេស។ សម្តេច មានប្រសាសន៍ថា៖«​ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតខ្មែរលើកទី៥ ក្រោមប្រធានបទគាំទ្រផលិតផលខ្មែរ គឺថែរក្សាសេដ្ឋកិច្ចជាតិ​ ក្លាយជាស្មារតីខ្មែរជួយខ្មែរ បងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូប នាំគ្នាលើកកម្ពស់ការប្រើប្រាស់និងទិញផលិតផលខ្មែរ»។ 
 
ឆ្លើយតបនឹងប្រធានខាងលើ នៃទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិផលខ្មែរលើកទី៥ ប្រមុខរដ្ឋាភិបាល​ សម្តេ​ច ហ៊ុន សែន បានលើកឡើងនូវមតិមួយចំនួន ដើម្បីឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋរួមគ្នាអនុវត្ត។ ក្នុងនោះ សម្តេច​​ បានប្រាប់ដល់គណៈកម្មការជាតិជំរុញចលនាភូមិមួយផលិតផលមួយ និងក្រសួងពាក់ព័ន្ធទាំងអស់ ត្រូវបន្តកិច្ចសហការជាមួយគ្នាឱ្យរលូន ដើម្បីលើកកម្ពស់ការប្រើប្រាស់ផលិតខ្មែរ ដោយបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយទៀតផង។ ក្រៅពីនេះ ស្ថាប័នពាក់ទាំងអស់ត្រូវបន្តផ្តល់ជំនាញនានា ដល់ផលិតករលើដំណើរការខ្សែច្រវ៉ាក់ផលិតកម្ម ការពង្រឹងគុណភាព សុវត្ថិភាពផលិតផល ការកែច្នៃ និងការវេចខ្ចប់ ដើម្បីឆ្លើយតបទៅនឹងទីផ្សារក្នុង និងក្រៅប្រទេស។​
 
សម្តេច ក៏ប្រាប់ដល់ស្ថាប័នជំនាញទាំងអស់  ត្រូវសហការជាមួយវិស័យឯកជនរៀបចំទីផ្សារអនឡាញ ជួយផលិតផលខ្មែរក្នុងការទិញ-លក់ និងដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ផលិតផលនានា ទាំងក្នុងនិងក្រៅប្រទេស រួមទាំងតំណាងកម្ពុជាប្រចាំបរទេស។  ជាពិសេសផ្សារភ្ជាប់ការងារជំរុញចលនាភូមិមួយផលិតផលមួយ នៅកម្ពុជា ទៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានអាស៊ាន។​  
 
សម្តេច បានណែនាំដល់ស្ថាប័នទាំងនោះ ត្រូវចងក្រងផលិតផលក្នុងស្រុក ដែលមានសក្កានុពលនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយបញ្ជូលជាផលិតផលភូមិមួយផលិតផលមួយ ដើម្បីតាមដាននិងវាយតម្លៃវឌ្ឍភាពនៃការងារជួយដល់ផលិតផលក្នុងស្រុក ពីបណ្តាក្រសួងពាណិជ្ជកម្ម ស្ថាប័នពាក់ព័ន្ធ និងកៀរគរការវិនិយោគនានាលើផលិតផលក្នុងស្រុក ស្របតាមគោលនយោបាយជាតិ ស្តីពីការជំរុញចលនាភូមិមួយផលិតផលមួយ ឆ្នាំ២០១៦-២០២៦។​
 
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន បានស្នើដល់ពលរដ្ឋខ្មែរគ្រប់រូប ត្រូវគាំទ្រលើកកម្ពស់ផលិតផលខ្មែរ​ តាមពាក្យស្លោក«ប្រជាជនម្នាក់ទិញផលិតផលខ្មែរយ៉ាងតិចមួយមុខ» និងសូមឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ត្រូវសហការជាមួយនឹងដៃគូអង្គការអភិវឌ្ឍ វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម(SMEs) សហគមន៍ សមាគម ជាដើម៕
 
 
 
 
 
 

Tag:
 កសិកម្ម
 ​ ផលិតផលខ្មែរ
  សម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com