ជាតិ
សង្គមជាតិ
ស្ថានទូតរុស្ស៊ី មិនទទួលញត្តិរបស់យុវជន ដែលស្នើឲ្យរុស្ស៊ី ឈប់ឈ្លានពានអ៊ុយក្រែន
05, Apr 2022 , 12:29 pm        
រូបភាព
រូបពីគណនីហ្វេសប៊ុក Ma Chetra
រូបពីគណនីហ្វេសប៊ុក Ma Chetra
ដោយ: ថ្មីៗ
មិនមានតំណាងណាមួយនៃស្ថានទូតរុស្ស៊ីប្រចាំកម្ពុជា ចេញមកទទួលញ្ញត្តិពីក្រុមយុវជនកម្ពុជាឡើយ។ យុវជនកម្ពុជា៦នាក់ បានយកញ្ញត្តិទៅដាក់នៅស្ថានទូតរុស្ស៊ី នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២២ ដើម្បីស្នើឲ្យមហាអំណាចរុស្ស៊ី បញ្ឈប់ការឈ្លានពានលើអ៊ុយក្រែន។



យុវជន កើត សារ៉ាយ សមាជិកខ្មែរថាវរៈ និយាយថា ស្ថានទូតរុស្ស៊ី មិនមានឆន្ទៈក្នុងការទទួលយកញត្តិរបស់ក្រុមយុវជន។ យុវជនរូបនេះ ថ្លែងថា៖«ទោះស្ថានទូតរុស្ស៊ី មិនទទួលយកញត្តិរបស់ពួកយើងក៏ដោយ ក៏ពួកយើង​ នៅតែប្រកាសគោលជំហររបស់ពួកយើង ក្នុងការមកដាក់ញត្តិថ្ងៃនេះ គឺពួកយើង នៅតែរក្សាគោលបំណងរបស់ពួកយើងដដែល គឺពួកយើង ចង់ឃើញប្រទេសរុស្ស៊ី បញ្ឈប់ការឈ្លានទៅលើអ៊ុយក្រែន ក្នុងនាមយើងជាប្រជាជាតិដូចគ្នា»។ 
 
ភាគី ដែលចូលរួមសរសេរញត្តិនេះ រួមមាន សមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ សហភាពសហជីពកម្ពុជា សមាគមគ្រូបង្រៀនឯករាជ្យ និង ខ្មែរថាវរៈ។ ពួកគេ សរសេរក្នុងញត្តិថា៖«ក្នុងនាមជាប្រជាពលរដ្ឋ ដែលបានឆ្លងកាត់សង្គ្រាមស៊ីវិលជិតពីរទសវត្សរ៍កន្លងមកនេះ យើងខ្ញុំ យល់ និងស្គាល់ច្បាស់ពីទុក្ខលំបាកនៃសង្គ្រាម និងក្រោយពេលចប់សង្គ្រាម ជាពិសេសគឺការបាត់បង់មនុស្សជាទីស្រឡាញ់ ការរស់នៅក្រោមភាពភ័យខ្លាច និងត្រូវរត់គេចស្ទើររៀងរាល់ថ្ងៃ ដើម្បីការរស់រានមានជីវិត។ ដូច្នេះ យើងខ្ញុំ អំពាវនាវដល់ឯកឧត្តម វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី តាមរយៈស្ថានទូតរុស្ស៊ីប្រចាំរាជធានីភ្នំពេញ សូមបង្កើតឲ្យមានបទឈប់បាញ់ និងជ្រើសរើសវិធីសាស្រ្តចរចារកដំណោះស្រាយ ជំនួសការប្រើប្រាស់កម្លាំងយោធា»។
 
ក្នុងការយកញត្តិទៅដាក់នៅស្ថានទូតរុស៊្សី ក្រុមយុវជនទាំងនោះ បានកាន់បដាមានរូបទង់ជាតិកម្ពុជា ទង់ជាតិអ៊ុយក្រែន និង ទង់ជាតិរុស្ស៊ី ដោយបដាដែលមានរូបទង់ជាតិប្រទេសទាំងបី មានសរសេរអក្សរអង់គ្លេស។ បដា ដែលរូបទង់ជាតិកម្ពុជា សរសេរថា Loving-Kindness (ក្តីមេត្តា)។ ចំណែក បដា ដែលមានរូបទង់ជាតិអ៊ុយក្រែន សរសេរថា No (គ្មាន) និងបដា ដែលមានរូបទង់ជាតិរុស្ស៊ី សរសេរថា War (សង្គ្រាម) ដោយបូកពាក្យក្នុងបដា ដែលមានរូបទង់ជាតិប្រទេសទាំងពីរនេះបញ្ជូលគ្នា មានន័យជារួមថា គ្មានសង្គ្រាម។ ពួកគេ ក៏មានផ្កាឈូកក្នុងដៃផងដែរ។ 
 
សូមបញ្ជាក់ថា តំណាងកម្ពុជា បានចូលរួមជាមួយប្រទេសដទៃទៀតលើពិភពលោក បោះឆ្នោតនៅក្នុងអង្គការសហប្រជាជាតិ ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែន ដែលរងការឈ្លានពានពីរុស្ស៊ី។ បន្ថែមពីនេះ រដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យរុស្ស៊ី បញ្ឈប់ការប្រើអាវុធ ហើយដោះស្រាយជាមួយអ៊ុយក្រែនតាមផ្លូវចរចា។
 
មកដល់ពេលនេះ សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មានរយៈពេលជាងមួយខែហើយ ដោយផ្តើមចេញពីរុស្ស៊ី៕ 
 

Tag:
 យុវជនកម្ពុជា
  ស្ថានទូតរុស្ស៊ី
  សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com