ជាតិ
សេដ្ឋកិច្ច
ADB៖ សេដ្ឋកិច្ចកម្ពុជាកើនដល់៥,៣ភាគរយ ដោយសារ​កំណើននៃការនាំចេញ និងលំហូរទុនពីបរទេស
06, Apr 2022 , 8:59 pm        
រូបភាព
ទិដ្ឋភាពរួមនៃរាជធានីភ្នំពេញ
ទិដ្ឋភាពរួមនៃរាជធានីភ្នំពេញ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងកើនក្នុងអត្រា៥,៣ភាគរយ នៅឆ្នាំ២០២២ និងឈានដល់៦,៥ភាគរយក្នុងឆ្នាំ២០២៣។ ផលរំពឹងនេះ គឺផ្អែកទៅលើកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស(Foreign Direct Investment_FDI)។

 
ផលិតកម្មឧស្សាហកម្មកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើង៨,១ភាគរយ ខណៈការនាំចេញទំនិញនិងសេវាកម្ម នឹងងើបឡើងវិញក្នុងកម្រិត៤,៨ភាគរយ នៅឆ្នាំ២០២២។ អត្រានេះបន្តកើនដល់៩,១ភាគរយសម្រាប់ផលិតកម្មឧស្សាហកម្ម និង៦,៨ភាគរយសម្រាប់ការនាំចេញទំនិញ និងសេវាកម្ម នៅក្នុងឆ្នាំ២០២៣។ របាយការណ៍របស់ADB ដែលចេញផ្សាយនាថ្ងៃទី៦ ខែមេសា​ បានបញ្ជាក់ថា កំណើននៃវិស័យទាំងពីរនេះ ត្រូវបានជំរុញដោយការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប រួមទាំងកំណើននៃតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា ព្រមជាមួយនឹងការងើបឡើងវិញជាបណ្តើរៗនូវវិស័យទេសចរណ៍។ 
 


សកម្មភាពកម្មករដំឡើងបង្គុំកង់នៅរោងចក្រមួយកន្លែង។ រូបថត៖ ADB

ការបើកសេដ្ឋកិច្ចឡើងវិញនិងការចាក់ថ្នាំបង្ការជំងឺកូវីដ-១៩ គឺជាផ្នែកចម្បងមួយដែលធ្វើឲ្យមានការងើបឡើងវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍ ដែលជួយគាំទ្រតម្រូវការនៃកន្លែងស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀតនៅកម្ពុជា។
 
បើតាមADB ការងើបឡើងវិញនេះនៃវិស័យទាំងអស់នេះហើយដែលជួយជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនដល់៥,៣ភាគរយសម្រាប់ឆ្នាំ២០២២ និងឈានដល់៧,៥ភាគរយ ក្នុងឆ្នាំ២០២៣។ 
ដ្បិតថា វិស័យគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិមានភាពជាវិជ្ជមានល្អក៏ពិតមែន ប៉ុន្តែADB បញ្ជាក់ថា ការបង្កើនពាណិជ្ជកម្ម និង ទេសចរណ៍ តែមួយមុខគឺមិនគ្រប់គ្រាន់ដើម្បីជួយកម្ពុជា ឲ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់នោះទេ។ ADB  បានស្នើឱ្យកម្ពុជា គួរតែធ្វើពិពិធកម្មសេដ្ឋកិច្ចបន្ថែម ដើម្បីជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយចីរភាព។ ដោយកម្ពុជាមិនគួរផ្តោតតែវិស័យពាណិជ្ជកម្ម និងទេសចរណ៍តែមួយមុខនោះទេ។ 
 
លោក Anthony Gill នាយកស្តីទីរបស់ADBប្រចាំម្ពុជា បានលើកឡើងដូច្នេះ៖  «កម្ពុជាដែលប្រទេសធ្លាប់តែផ្តោតលើការផលិត និង ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើង គឺអាចទទួលបានអត្ថប្រយោជន៍ ពីការធ្វើពិពិធកម្ម នៃឧស្សាហកម្មធុនស្រាល។ ដូចជា៖ កង់ គ្រឿងបន្លាស់ អេឡិចត្រូនិច និង ផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះ នឹងធ្វើឲ្យសេដ្ឋកិច្ចមានភាពធន់នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក»។
 

លោក Anthony Gill នាយកស្តីទីរបស់ADBប្រចាំម្ពុជា។ រូបថត៖​ADB

ជុំវិញនៃកំណើនសេដ្ឋកិច្ចកម្ពុជា ធនាគារពិភពលោក(World Bank) បានព្យាករថា កម្ពុជានឹងមានកំណើនសេដ្ឋកិច្ចក្នុងអត្រាត្រឹម៤,៥ភាគរយ។  កាលពីថ្ងៃទី៥មេសា ធនាគារពិភពលោកបានបង្ហាញថា ការព្យាករនេះ កម្ពុជាអាចសម្រេចបានត្រឹម៣,៨ភាគរយប៉ុណ្ណោះ ដោយសារធ្លាក់ចុះនៃតម្រូវការក្រៅបរទេស រួមទាំងការកើនឡើងនៃអតិផរណា(Inflation)ក្នុងប្រទេសដោយសារឥទ្ធិពលពីសង្គ្រាមរវាងប្រទេសរុស្សីជាមួយអ៊ុយក្រែន និងការថមថយល្បឿនសេដ្ឋកិច្ចនៃប្រទេសចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក៕  
 
 

Tag:
 FDI
  ទំនិញ
  ADB
  World Bank
© រក្សាសិទ្ធិដោយ thmeythmey.com